ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរណ៍កើន​ជាង​ឆ្នាំ​មុន​១៥​ភាគរយ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​អះអាង​ថា រយៈពេល​៣​ថ្ងៃ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​អះអាង​ថា រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​ខេត្ត​នេះ​មាន​ជាង​៩​ម៉ឺន​នាក់ ចំនួន​នេះ​បាន​កើន​ជាង​១៥​ភាគរយ បើ​ប្រៀបធៀប​ពេលវេលា​ដូច​គ្នា​ឆ្នាំ​២០១៦​។ ថ្លែង​បន្ទាប់​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៧ រួច​មក​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បង្ហាញ​របាយការណ៍​ពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា មាន​ចំនួន​ប្រមាណ ៩២.០០០​នាក់ កើនឡើង​ប្រមាណ ១៥.២២%​។

លោក​បន្ត​ថា ថ្ងៃ​ចាប់ផ្តើម​បុណ្យ​ភ្ជុំបិណ្ឌ​ដំបូង គឺ​ថ្ងៃ​ទី​១៩ ខែកញ្ញា មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ប្រមាណ​៣​ម៉ឺន​នាក់​(៣០.០០០)​បាន​ចូល​មក​ទស្សនា​ខេត្ត​នេះ​។ បុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​២០ ខែកញ្ញា មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ប្រមាណ​៣​ម៉ឺន​៨​ពាន់​នាក់ (៣៨.០០០) បាន​ចូល​មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ និង​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា លោក តាំង សុច​ត្រ​គ្រឹ​ស្នា ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​សរុប​ប្រមាណ​២​ម៉ឺន​៤​ពាន់​នាក់ (២៤.០០០) បាន​ចូល​មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ​។ ប្រភព​ដដែល​បាន​បន្ត​ថា មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន​២៤​ទីតាំង និង​មាន​បន្ទប់​ចំនួន​៥៩៧​បន្ទប់​។ ក្នុង​នោះ​សណ្ឋាគារ​មាន​ចំនួន​១០​ទីតាំង មាន​បន្ទប់​៣៥៧​បន្ទប់ និង​ផ្ទះសំណាក់​មាន​ចំនួន​១៤​ទីតាំង និង​មាន​បន្ទប់​២៤០​បន្ទប់​។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក តាំង សុចិត្រ​គ្រឹ​ស្នា ឲ្យ​ដឹង​ថា មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន ត្រូវ​អ្នកជំនួញ​ជនជាតិ​ចិន បាន​ជួល​បើក​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ មាន​កាស៊ីណូ ក្លឹ​ប​កម្សាន្ត​ពេល​រាត្រី និង​ភោជនីយដ្ឋាន​ជាដើម​។ ទោះបីជា​លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​អះអាង​ថា រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំ​ឆ្នាំ​នេះ បាន​កើន​ភ្ញៀវ​ទេសចរណ៍ បាន​ចូល​មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ បាន​កើន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាង​១៥​ភាគរយ​បែប​ណា​ក្តី ក៏​ប៉ុន្តែ​សម្រាប់​អាជីវករ​លក់ដូរ​ចំណីអាហារ​នៅ​តា​ស្តង់ ឬ​តូប​លក់ដូរ​មួយ​ចំនួន​មា​នទី​តាំងនៅ​ឆ្នេរ​អូរ​ឈើទាល បាន​ឲ្យ​ដឹង​ថា បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៧​នេះ ចំនួន​ភ្ញៀវ​ទេសចរណ៍ ពិសេស​ភ្ញៀវ​ជាតិ ដែល​ចូល​ទៅ​រក​សេវា​បម្រើ​ម្ហូបអាហារ ជួល​តុ​កៅអីអង្គុយ​លំហែ ជួល​ពោង​ហែល​ទឹក និង​ជួល​ខោអាវ​ងូតទឹក​ជាដើម ចំនួន​ភ្ញៀវ​បាន​ថយ​ចុះ បើ​ប្រៀបធៀប​រយៈពេល​៣​ថ្ងៃ​ដូច​គ្នា ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​។

ដោយឡែក​បើ​យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១​កញ្ញា ឆ្នាំ​២០១៧ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​កើតឡើង​ចំនួន​០៣​លើក លើ​០៥​លើក ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ថយ​ចុះ​០២​លើក រង​របួស​មនុស្ស​ចំនួន​០៤​នាក់ ស្រី​០២​នាក់ ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ថយ​ចុះ​០២​នាក់ និង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់ ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​កើន​ម្នាក់​។ ចំពោះ​បញ្ហា​សន្តិសុខ សុវត្ថិភាព ឯកឧត្តម ឧត្តមសេនីយទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​អះអាង​ថា មាន​ភាពល្អ​ប្រសើរ ពុំ​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ព្រោះ​កម្លាំង​របស់​លោក បាន​ត្រៀម និង​ល្បាត​ជា​ប្រចាំ​តាម​គោលដៅ និង​ផ្លូវ សំខាន់​ៗ៕