ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​នៅ​តែ​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា​ពេញទំហឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក លី យុន​សាន សមាជិក​គណ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុ​យ​នី​ស​ចិន​បាន​បញ្ជាក់​ថា

រាជធានី​ភ្នំពេញ ៖ លោក លី យុន​សាន សមាជិក​គណ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុ​យ​នី​ស​ចិន​បាន​បញ្ជាក់​ថា “ ប្រទេស​ចិន​នៅ​តែ​គាំទ្រ​ពេញទំហឹង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍​ជាតិ និង​ជំរុញ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ដឹង​ក្រោយ​ជំនួប​ថា លោក លី យុន​សាន សមាជិក​គណៈ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណកម្មាធិកា​រម​ជ្ឈឹ​ម​បក្ស​កុ​ម្មុ​យ​នី​ស​ចិន​បាន​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧​នៅ​វិមាន​សន្តិភាព ក្នុង​ឱកាស​ដែល​លោក​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។

ជាក់ស្តែង​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ជា​លើក​ទី​៣ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ដល់​មជ្ឈដ្ឋាន​អន្តរជាតិ​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​មិត្ត​ល្អ និង​ជា​សមាជិក​មហា​គ្រួសារ​របស់​ប្រទេស​ចិន​។ បើ​ទោះបីជា​ស្ថិត​ក្នុង​ភាព​មមាញឹក​ដោយសារ​ប្រទេស​ចិន​រៀបចំ​មហាសន្និបាត​លើក​ទី​១៩ នា​ថ្ងៃ​ទី​៨ ខែតុលា ខាង​មុខ​នេះ​យ៉ាងណា ក៏​គណៈប្រតិភូ​ចិន នៅ​តែ​ឆ្លៀតពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ព្រោះ​ដំណើរ​ទស្សនកិច្ច​នា​ពេល​នេះ​នឹង​ជួយ​ជំរុញ​ការ​អនុវត្ត​ការងារ​នានា​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ក្នុង​នោះ​មាន​ដូច​ជា​ការ​នាំ​អង្ករ​ទៅ​ប្រទេស​ចិន​នា​ឆ្នាំ​២០១៨ ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុងព្រះសីហនុ និង​គម្រោង​កសាង​អាកាសយានដ្ឋាន​ក្នុង​ខេត្តសៀមរាប​តែ​ម្តង​។ នៅ​ក្នុង​ជំនួប​នេះ​ដែរ​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន​ដែល​បន្ត​គាំទ្រ​ដល់​កម្ពុជា និង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន តាម​រយៈ​លោក លី យុន​សាន សម្តេច​តេ​ជោ​ក៏​បាន​ជម្រាប​ជូន​ថា សម្តេច​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ចូលរួម​ក្នុង​វេទិកា​កិច្ច​សន្ទនា​បណ្តា​គណបក្ស​នយោបាយ​នៅ​ប្រទេស​ចិន​ផង​ដែរ​។ បន្ទាប់​ពី​បញ្ចប់​ជំនួប​ទ្វេភាគី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក លី យុន​សាន ក៏​បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ភាគី​កម្ពុជា​និង​ភាគី​ចិន​មាន​៦​ចំណុចរួម​មាន​៖

ទី​១- អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​នៃ​សហប្រតិបត្តិការ​រវាង​គណបក្ស​កុ​ម្មុ​យ​នី​ស​ចិន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចុះហត្ថលេខា​រវាង​លោក យស់ សុង និង​លោក សុង ថរ រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរ​ជាតិចិន​។ ទី​២- អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី​ការ​ជំរុញ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចិន ដើម្បី​ទំនាក់ទំនង​អន្តរជាតិ​និង​វេទិកា​សម្ពន្ធ​សង្គម​ស៊ី​វិល​របស់​កម្ពុជា​ចុះហត្ថលេខា​ដោយ​លោក កឹ​ម រត្ន​វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល​សង្គម​ស៊ី​វិល​ជាមួយ​លោក លិ​វ កា​យ៉ាង អគ្គលេខាធិការ​រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចិន​ទំនាក់ទំនង​អន្តរជាតិ​។ ទី​៣-​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី​ការ​អនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​សម្រាប់​ឆ្នាំ​២០១៧-២០១៩ រវាង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​ចុះហត្ថលេខា​រវាង​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជាមួយ​លោក លិ​វ កា​យ៉ាង​។

ទី​៤-​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី​ការ​អនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​សម្រាប់​ឆ្នាំ​២០១៧-២០១៩ រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា​កម្ពុជា ជាមួយ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ ជួនណា​រ៉ុ​ន ជាមួយ​លោក​លិ​វ កា​យ៉ា​ន​។ ទី​៥-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ចសហការ​ថត​ភាពយន្ត​ឯកសារ​រវាង​ស្ថានីយទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន និង​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃឹម វុ​ទ្ធី ជាមួយ​លោក យូ​ថុ​ង និពន្ធ​នាយករង​នៃ​ទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន​។ ទី​៦-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​សហប្រតិបត្តិការ​សិក្សា​លើ​គម្រោង​សាងសង់​បណ្តាញ​ទូរទស្សន៍​ឌី​ជី​ថ​ល​ទូ​ទាំង​ប្រទេស​កម្ពុជា រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ទួ​រ​ទស្សន៍​យូ​ណា​ន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ចុះហត្ថលេខា​ដោយ​លោក ហុ​ក សុវណ្ណ ជាមួយ​លោក លី​ន ស៊ី​យី​ង តំណាង​ទូរទស្សន៍​យូ​ណា​ន​៕
   

    ​