ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ស្ថានភាព​ទឹកភ្លៀង និង​ដំណោះស្រាយ​ក្នុង​រាជធានី​ភ្នំពេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅការ​គណនា​គ្រប់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​បណ្តាញ​លូ ស្ថានីយ៍​បូមទឹក អណ្តូង​លូ ទ្វារ​ទឹក​…​គឺ​សម្រាប់​តែ​កម្រិត​ទឹកភ្លៀង​ធ្លាក់​កម្ពស់​៤០​មី​លី​ម៉ែត្រ​ក្នុង​១​ម៉ោង​។ នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ការ​គណនា designed stormwater គឺ​កម្រិត​ទឹកភ្លៀង ៤០​មី​លី​ម៉ែត្រ​ក្នុង​១​ម៉ោង​ប៉ុណ្ណោះ បើ​ភ្លៀង​ធ្លាក់​លើស​ពី ៤០​មី​លី​ម៉ែត្រ ក៏​រង​ការ​លិច​ទឹក​តាម​ទីតាំង​ខ្លះ​ដែរ​។ សម្រាប់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​រហូត​ដល់ ១១៦​មី​លី​ម៉ែត្រ ក្នុង​១​ម៉ោង​កន្លះ បណ្តាល​ឲ្យ​លិច​ទឹក​តាម​ទីតាំង​មួយ​ចំនួន ប៉ុន្តែ​ដោយសារ​ការ​កសាង​បណ្តាញ​លូ​មេ​ថ្មី​បាន​ប្រវែង ៤២០​គម និង​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង ធ្វើ​ឲ្យ​ទឹកភ្លៀង​ហូរ​ស្រក​អស់​បាន​លឿន​ជាង​មុន​៣​ដង​។

ខាងក្រោម​នេះ ជា​មូលហេតុ​ទឹក​លិច -​ទឹកភ្លៀង​ធ្លាក់​ហួស​កម្រិត ៤០​ម​ម​ក្នុង​១​ម៉ោង គឺ​កម្រិត​នេះ ទីក្រុង​ប្រទេស​ណា​នៅ​លើ​ពិភពលោក ក៏​នឹង​រង​លិច​ទឹក​ដែរ​ចៀស​មិន​ផុត រួម​ទាំង​ទីក្រុង​អូ​សា​កា ឬ​ទីក្រុង​បាងកក ឬ​ទីក្រុង​ហូ​ជី​មិ​ញ​… -​សណ្ឋាន​ដី​នៅ​ទីក្រុង​ភ្នំពេញ ជា​តំបន់​ទំនាប​បាតខ្ទះ​ព័ទ្ធ​ជុំវិញ​ដោយ​ទំនប់ ហើយ​រង​គំរាមកំហែង​ដោយ​ទឹកជំនន់​ចំនួន​៣​ប្រភព​៖ ១-​ជំនន់​ដោយ​ទឹកភ្លៀង ២-​ជំនន់​ដោយ​ទឹកទន្លេ​។ ជា​ទូទៅ នៅ​ខែកក្កដា សីហា កញ្ញា តុលា វិច្ឆិកា ទឹកទន្លេ​ឡើង​ខ្ពស់​ព័ទ្ធ​ជុំវិញ​ទីក្រុង​ដែល​អាច​ហូរ​ចូល​ទីក្រុង​គឺ ទឹកទន្លេ​សាប ទន្លេចតុមុខ ទន្លេបាសាក់ ស្ទឹង​ព្រែក​ត្នោត បឹង​កប់​ស្រូវ​…​ដែល​យើង​បាន​បិទទ្វារ​ទឹក​ហើយ​ប្រើ​ស្ថានីយ​បូមទឹក បូមទឹក​បញ្ចេញ​ក្រៅ​ទំនប់​។ ៣-​ជំនន់​ពី​ស្ទឹង​ព្រែក​ត្នោត ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល​។ ទីក្រុង​ប្រទេស​ភាគច្រើន​លើ​ពិភពលោក វិធី​ដោះស្រាយ​ទឹក​គឺ​ងាយស្រួល​ដោយ​គ្រាន់តែ​បង្ហូរ​ទឹកភ្លៀង​ចូល​បឹង ទន្លេ សមុទ្រ​…​ជា​ការ​ស្រេច ខុស​ពី​រាជធានី​ភ្នំពេញ ត្រូវ​ប្រើ​ស្ថានីយ​បូមទឹក​ចំនួន​១៣​កន្លែង​បូម​ឆ្លងកាត់​ទំនប់​បូម​បញ្ចេញ​ក្រៅ​ក្រុង​។

ក្នុង​ខែ​នេះ នីវ៉ូទឹក​ទន្លេ​កំពុង​ខ្ពស់​ជាង​នីវ៉ូ​សណ្ឋាន​ដី​តាម​ទីតាំង​ខ្លះ​ក្នុង​ទីក្រុង​។ -​បញ្ហា​ខ្វះ​អណ្តូង​លូ ការ​លួច​បិទ​ភ្ជិត​អណ្តូង​លូ សម្រាប់​បង្ហូរ​ចូល​បំពង់​លូ អណ្តូង​លូ​ត្រូវ​មាន​គម្លាត​ពី ១០​ម ទៅ​២០​ម​។ ស្ថានភាព​អណ្តូង​លូ​ចាស់ មិន​គ្រប់គ្រាន់ បច្ចុប្បន្ន​យើង​មាន​តែ​អណ្តូង​លូ​ជាង ៤៤.០០០​អណ្តូង​លូ​ប៉ុណ្ណោះ​។ -​បញ្ហា​ខ្វះ​បណ្តាញ​លូ​។ នៅ​ទីក្រុង​ភ្នំពេញ យើង​មាន​បណ្តាញ​លូ​ថ្មី​ចាស់ ប្រវែង​៦៦០​គម ក្នុង​ពេល​តម្រូវការ​បណ្តាញ​លូ​រហូត​ដល់ ៣.៦០០​គម និង​មាន​ប្រឡាយ​មេ​ចំនួន​១៨ ប្រវែង​៥៦​គម ព្រមទាំង​ប្រឡាយ​រង​ចំនួន​១៧​។ -​បញ្ហា​សំរាម​បាំង​មុខ​អណ្តូង​លូ ដែល​ជា​ឧបសគ្គ​ការ​បង្ហូរទឹក​ពី​សាច់​ថ្នល់​ចូល​បណ្តាញ​លូ​ក្រោម​ដី​។ បញ្ហា​សំរាម​ក្នុង​ពោះ​ប្រឡាយ បាំង​សំរាស់​មុខ​ស្ថានីយ​បូមទឹក បញ្ហា​កំណក​លាមក​ក្នុង​លូ ប្រឡាយ ក៏​ឧបសគ្គ​ផ្លូវទឹក​ហូរ​ដែរ​។

ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ពោះ​ប្រឡាយ​ស្ទឹង​មាន​ជ័យ ធ្វើ​ឲ្យ​ទឹក​លិច​នៅ​ផ្លូវ​លេខ ២០០៤ ផ្លូវ​ណ​ត​ប្រ៊ី​ត និង​តំបន់​ព្រ​លាន​យន្តហោះ​ផ្នែក​ខាងត្បូង និង​ខាងកើត​។ -​ការ​អភិវឌ្ឍន៍​ទីក្រុង​លឿន​ពេក ធ្វើ​ឲ្យ​ការ​កសាង​បណ្តាញ​លូ​មិន​គ្រប់គ្រាន់​។ កាលពីមុន​ពេល​អភិវឌ្ឍន៍ ទឹកភ្លៀង​បាន​ហូរ​ជ្រាប​ចូល​ដី​ឡូ​តិ៍ ទឹក​ហូរ​ចូល​ដី​ទំនាប កាត់​បន្ថយ​ទឹក​លិច​បាន​ខ្លះ​។ ប៉ុន្តែ​បច្ចុប្បន្ន ការ​ចាក់​ដី​លុប​ទំនាប សាងសង់​ផ្ទះ ចាក់​បេតុង​សាប ផ្លូវ​ចាក់​បេតុង ចាក់​កៅស៊ូ ធ្វើ​ឲ្យ​ទឹក​បង្ហូរ​មក​ចូល​លូ​ទាំងអស់​។ -​សមត្ថភាព​ស្ថានីយ​បូមទឹក​មិន​គ្រប់គ្រាន់​។ យើង​បាន​ស្ថាបនា​ស្ថានីយ​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង គឺ​ស្ថានីយ​បូមទឹក​បឹង​ត្របែក ទួល​គោក​ទី​១ ទួល​គោក​ទី​២ ព្រះ​ពន្លា​…​ដែល​មាន​សមត្ថភាព​បូមទឹក​កើន​៣​ដង​ធៀប​នឹង​ស្ថានីយ​ចាស់​។ ស្ថានីយ​បុរី​១០០​ខ្នង ស្ថានីយ​លូ​៥​កំពុង​សាងសង់ ហើយ​ទិស​ដៅ​ក្នុង​ឆ្នាំ​២០១៨ នឹង​សាងសង់​ស្ថានីយ​បន្ថែម​នៅ​ស្ថានីយ​បឹង​ទំពុន និង​ស្ថានីយ​ទួល​សំពៅ​។ ជា​រួមការ​រៀបចំ​បណ្តាញ​លូ​ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈ​ស្មុគស្មាញ ប្រើ​ថវិកា​ច្រើន ទាមទារ​ពេលវេលា​យ៉ាងតិច ៨​ឆ្នាំ​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​បណ្តាញ​លូ និង​ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំង​ការ​គ្រប់គ្រង​ថែទាំ​បណ្តាញ​លូ ទាំង​ការ​គ្រប់គ្រង​សំរាម​។

ជា​ការ​សន្និដ្ឋាន នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បណ្តាញ​លូ​មេ​បាន​ប្រវែង ៤២០​គម ស្ថានីយ​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង ដែល​អាច​កាត់​បន្ថយ​ទឹក​លិច​បាន ៦០% លើ​ទីតាំង​ធ្លាប់​លិច​ទឹក​ពី​មុន​ចំនួន​៣២​កន្លែង​ដូច​ជា ម​ហ​វិ​ថី​ហ្សា​ល​ដឺ​ហ្គោ​ល ផ្សារ​អូរ​ឫស្សី ផ្លូវ​សុខ​ហុ​ក រង្វង់​មូល​សំពៅ​មាស ខាងកើត​ស្តា​ត​អូ​ឡាំ​ពិ​ក មុខ​វត្ត​មហាមន្ត្រី ផ្សារ​ទួល​ទំពូង មុខ​ស្ថានទូត​ចិន មុខ​ព្រះ​បរមរាជវាំង មុខ​ពេទ្យ​កាល​ម៉ែត្រ រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ មុខ​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់​… បាន​កាត់​បន្ថយ​ការ​លិចលង់ នៅ​ក្នុង​ខណ្ឌដូនពេញ ៧​មក​រា ទួល​គោក ចំការមន និង​កំពុង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា​ទឹក​លិច​នេះ​។ បើ​ទោះបី​ភ្លៀង​ធ្លាក់​ខ្លាំង​លើស​ពី ៤០​ម​ម​ក៏​ដោយ ទឹក​លិច​លើ​ដងផ្លូវ​បាន​ហូរ​ឆាប់​ស្រក​អស់​លឿន​ជាង​មុន​៕