ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករលាងម៉ូតូធ្វើជាសុំទិញ ជិះសាកម៉ាភ្លេតបាត់ឈឹង

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ អ្នកលាងម៉ូតូម្នាក់សួរចង់ទិញម៉ូតូពេលយកទៅលាង

ខេត្តស្ទឹងត្រែង ៖ អ្នកលាងម៉ូតូម្នាក់សួរចង់ទិញម៉ូតូពេលយកទៅលាង រួចសុំជិះសាកបន្តិចស្រាប់តែបាត់ឈឹងគ្មានអ្នកទទួលខុសត្រូវ បីថ្ងៃក្រោយត្រូវម្ចាស់តាមរកឃើញនៅកណ្តាលក្រុងស្ទឹងត្រែងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ។

នគរបាលព្រហ្មទណ្ឌកម្រិតសាលស្នងការដ្ឋាននគរបាលឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅកណ្តាលក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយឆបោកយកកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៧ ។ នគរបាលដដែលបន្តថា កម្មករលាងម៉ូតូនៅទីតាំងមួយក្នុងក្រុងស្ទឹងត្រែងបានសួរនាំទៅម្ចាស់ម៉ូតូថា ចង់ទិញម៉ូតូមួយគ្រឿងហ្នឹង រួចក៏សុំម្ចាស់ម៉ូតូជិះសាកបន្តិចស្រាប់តែបាត់ឈឹងរហូតបីថ្ងៃក្រោយទើបប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូនោះយ៉ាងរំភើយ  តែដោយសារម្ចាស់ស្គាល់ម៉ូតូរបស់ខ្លួនច្បាស់ក៏បានរាយការណ៍ទៅកាន់នគរបាលព្រហ្មទណ្ឌចុះស្ទាក់ចាប់ខ្លួនតែម្តង ។

ស្ត្រីឈ្មោះ ថង បុប្ផា អាយុ៤៧ឆ្នាំ ជាម្ចាស់ម៉ូតូបានឱ្យដឹងថា នៅថ្ងៃកើតហេតុរូបខ្លួនរួមនឹងប្តីបានជិះម៉ូតូ ម៉ាកអឹមអេសអិច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១D-៩២៤១ ពណ៌ស យកទៅលាង លុះដល់កន្លែងលាងម៉ូតូយុវជនជាកម្មករលាងម៉ូតូម្នាក់សួរថា ម៉ូតូពូលក់ទេ ខ្ញុំចង់ទិញ សួររួចកម្មកររូបនោះសុំជិះសាកបន្តិចប្តីរបស់ខ្លួនក៏ហុចសោរឱ្យទៅអ្នកលាងម៉ូតូនោះស្រាប់តែចាំបាត់ៗស្ងាត់ឈឹងតែម្តង ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យឈ្មោះ វឿន ផល្លី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករលាងឡានម៉ូតូ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង  ក្រុងខេត្តស្ទឹងត្រែង បានសារភាពថា បន្ទាប់ពីខ្លួនប្រើល្បិចចង់ទិញម៉ូតូរួចសុំម្ចាស់ជិះសាកមើល គ្រានោះរូបគេមិនបានជិះមកវិញទេ  តែជនសង្ស័យជិះយកទៅលាក់នៅផ្ទះជួលរួចធ្វើសកម្មភាពដោះស្លាកលេខចេញនិងរក្សាទុករយៈពេលបីថ្ងៃទើបជិះចេញក្រៅ ក្នុងគោលបំណងទៅកន្លែងជាងជួសជុលម៉ូតូដូស្បែកហ្វ្រាំងដើម្បីជិះទៅខេត្តរតនគិរីក៏ស្រាប់ម្ចាស់ប្រទះឃើញរាយការណ៍មកជំនាញចុះចាប់ខ្លួនតែម្តង ៕