ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ថ្មី​ទឹកធ្លាក់​ស្រែ​អំពិល ភ្ញៀវ​ទេសចរណ៍​មក​ផ្ទះ​វិញ​ស្ទើរ​មិន​រួច

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយ​ពី​ត្រឡប់​ពី​ការ​កម្សាន្ត​សប្បាយ​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ហើយ

ខេត្តកំពង់ឆ្នាំង ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយ​ពី​ត្រឡប់​ពី​ការ​កម្សាន្ត​សប្បាយ​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ហើយ ភ្ញៀវ​ទេសចរណ៍​បាន​ជាប់ផុង​រថយន្ត​របស់​ខ្លួន​ស្ទើរ​គ្រប់​គ្នា​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​។ ស្ថិត​ក្នុង​ផ្លូវ​ដ៏​សែន​លំបាក​បែប​នេះ អ្នក​ទៅ​ទស្សនា​កម្សាន្ត​រមណីយដ្ឋាន​ថ្មី​មួយ​នេះ បាន​រិះគន់​ថា អាជ្ញាធរ​ខេត្ត​គួរតែ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ដែល​មាន​ប្រវែង​តែ​ជាង​៧​គីឡូម៉ែត្រ​នេះ ដើម្បី​ឲ្យ​តំបន់​ទេសចរណ៍ ដ៏​ស្រស់​ស្អាត​នេះ មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​ឲ្យ​កាន់តែ​ច្រើន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល ដែល​ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នេះ​ផង​។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ កោះសន្តិភាព លោក ម៉ឹង វិសាល​សុខ  មេឃុំ​ក្តុល​សែន​ជ័យ បាន​មាន​ប្រសាសន៍​ថា ដោយសារ​ទីតាំង​ទឹកធ្លាក់ ស្រែ​អំពិល ជា​រមណីយដ្ឋាន​ធម្មជាតិ ដែល​ទើប​រក​ឃើញ មិន​ទាន់​មាន​ផ្លូវ​សម្រាប់​ភ្ញៀវ​ចូល​មក​កម្សាន្ត​បាន​ស្រួល​នៅឡើយ​។ បច្ចុប្បន្ន មាន​ភ្ញៀវ​ក្នុងស្រុក ដែល​ស្គាល់​តំបន់​នេះ​បាន​នាំ​គ្នា​មក​កម្សាន្ត នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា​៥០០​នាក់​ដែរ ព្រោះ​តំបន់​នេះ​ទឹកធ្លាក់​ថ្លា និង​បរិសុទ្ធ​ល្អ​ណាស់ សម្បូរ​ដោយ​ព្រៃឈើ​ជា​ម្លប់​សម្រាប់​ចត​រថយន្ត​ទៀត​ផង​។ កន្លង​ទៅ​នេះ ខាង​អាជ្ញា​ឃុំ និង​សហគមន៍​បាន​ពឹង​ឲ្យ​អ្នកមាន​ត្រាក់ទ័រ​ជួយ​ឈូស​ឆាយ​ត្រួសត្រាយ​ផ្លូវ ដោយ​គ្រាន់តែ​ជួយ​ចេញថ្លៃ​ប្រេង ដើម្បី​សម្រួល​ដំណើរ​អាច​ឲ្យ​រថយន្ត​ចូល​មក​បាន​ខ្លះ​ៗ​ដែរ​។

ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ​ក្តុល​សែន​ជ័យ សូម​អំពាវនាវ​ដល់​ឯកឧត្តម​អភិបាលខេត្ត និង​ក្រសួង​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​មក​កាន់​តំបន់​នេះ ដែល​មាន​ប្រវែង​តែ​ជាង​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ដែរ លោក សោ ភា ប្រធាន​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ខាង​មុខ សហគមន៍​នឹង​រៀបចំ​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ ដោយ​រៀបចំ​ឆ្ការព្រៃ​ធ្វើ​ខ្យូ​ស​សម្រាប់​ភ្ញៀវ​មក​អង្គុយ​កម្សាន្ត ធ្វើ​កន្លែង​ដាក់​ឡាន​ដាក់​ម៉ូតូ និង​ធ្វើ​រោង​សម្រាប់​ប្រជាពលរដ្ឋ​លក់ដូរ​ចំណីអាហារ​ក្នុងស្រុក​ផង​ដែរ ក្នុង​នាម​លោក​ជា​ប្រធាន​សហគមន៍ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មក​កម្សាន្ត​ទី​នេះ​ឲ្យ​បាន​ច្រើន ពេល​បាន​កសាង​ផ្លូវ​រួចរាល់​៕