ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុសម្នាក់ស្លា.ប់ទៀតហើយដោយសារតែផាវគ្រាប់បែក(មានវីដេអូ)

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេងប្រុសមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបែកគំនិតកែច្នៃផាវគ្រាប់បែក

រាជធានីភ្នំពេញ ៖ ក្មេងប្រុសមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបែកគំនិតកែច្នៃផាវគ្រាប់បែកដែលមានកម្លាំងផ្ទុះយ៉ាងខ្លាំងស្ទើរតែស្មើរទៅនឹងគ្រាប់បែកដៃ ដែលបន្ទាប់មកបានប្រើប្រាស់ចំពាមកៅស៊ូបាញ់ដាក់ទៅលើក្មេងប្រុស១ក្រុមទៀតមានមានគ្នាចំនួន៧នាក់ បណ្ដាលឲ្យផ្ទុះលាន់យ៉ាងកក្រើកត្រូវស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ព្រមទាំងរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់។ ហេតុការណ៏នោះបានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងពេលពិធីបណ្ដែតដូនតាក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌចុងក្រោយកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខឃ្លាំងស្តុកអំបិល ស្ថិតនៅតាមផ្លូវលេខ៤២ ក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតនោះឈ្មោះ វិត សុផល អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៥ មានម្តាយឈ្មោះ ជិន អ៊ុក អាយុ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយដែល ត្រូវបានប្តីលួចចុះចោលទៅមានប្រពន្ធថ្មីម្នាក់ទៀតតាំងតែពីក្មេងប្រុសរងគ្រោះរូបនេះ ទើបមានអាយុ២ខែប៉ុណ្ណោះ សព្វថ្ងៃគាត់មានមុខរបរលក់បាយ និងមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែកក្មេងប្រុស២នាក់ដែលរងរបួសធ្ងន់នោះទី១-ឈ្មោះ ឃួន តុលា អាយុ១៥ឆ្នាំ, ទី២-ឈ្មោះ តឿ គុណ អាយុ១៥ឆ្នាំ អ្នកទាំង២នាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីសង្គ្រោះបន្ទាន់ និងទី៣-ឈ្មោះ ផល បញ្ញា អាយុ១៥ឆ្នាំ រងរបួសស្រាល ហើយអ្នកទាំង៣នាក់នេះ មានទីលំនៅក្នុងភូមិត្រពាំងពោធិ៍  សង្កាត់ឳឡោក ខណ្ឌពោធិ៍សែនជ័យ ។ ចំណែក៣នាក់ទៀតដែលមានសំណាងគេចផុតពីគ្រោះថ្នាក់អត់រងរបួសឬស្លាប់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។

ប្រភពខាងលើបានបន្តថា នៅមុនពេលហេតុក្មេងប្រុសរងគ្រោះ មានគ្នាចំនួន៧នាក់ប្រដាប់ដោយចំពាមកៅស៊ូ និងផាវគ្រាប់បែកដាក់នៅក្នុងកន្តាបដែលអ្នកខ្លួះមានចាប់ពីជាង១០គ្រាប់ និងខ្លះទៀតមានជាង២០​គ្រាប់​បាននាំគ្នាចាកចេញពីផ្ទះទៅកាន់ចំណុចខាងលើចូលរួមនៅក្នុងពិធីបណ្ដែតដូនតានាឱកាសថ្ងៃបញ្ចប់បុណ្យភ្ជុំបិណ្ឌ ។ ពេលទៅដល់ត្រូវបានក្មេងៗ១ក្រុមដែលជាអ្នកច្នៃគ្រាប់បែក ដែលមានគ្នាច្រើនដែរ ប៉ុន្តែមិនដឹងថាចំនួនប៉ុន្មាននាក់នោះទេ បានប្រើចំពាមកៅស៊ូបាញ់ផាវគ្រាប់បែកដាក់មកលើក្រុមក្មេងរងគ្រោះមុន ទើបក្មេងរងគ្រោះខាងលើបានបាញ់តបតទៅវិញ ហើយក៏មានការបាញ់ដាក់គ្នាទៅវិញទៅមកចុះឡើងៗ ដែលមុនដំបូងបានបាញ់ដាក់គ្នាម្ដង១គ្រាប់ប៉ុណ្ណោះ ។ លុះក្រោយមកក្រុមម្ខាងទៀតនោះ បានអុជផាវគ្រាប់បែកដែលកែច្នៃរួចដាក់ទៅលើក្រុមក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យផ្ទុះត្រូវក្មេងប្រុសរងគ្រោះរបួសសុះសាច់ខ្លួនប្រាណ, ផ្ទៃមុខ, ដៃជើង និងធ្លុះធ្លាយទ្រូងស្លាប់ភ្លាមៗ នៅនឹងកន្លែងសូម្បីតែខោអាវរបស់គេក៏ត្រូវបានដាច់រហែកជាចំរៀកៗដែរ និង២នាក់បានរងរបួសធ្ងន់បំផុត ដែលមិនទាន់ដឹងថា ពួកគេអាចគេចផុតពីសេចក្ដីស្លាប់ ឬអត់នៅឡើយ ហើយក៏មានម្នាក់របួសស្រាលផងដែរ ចំណែក៣នាក់ទៀតបានគេចផុតពីសេចក្ដីស្លាប់ ហើយនៅកន្លែងកើតហេតុមានបន្សល់ទុកចំពាមចំនួន៣ រួមជាមួយផាវគ្រាប់​បែក​ជាច្រើនគ្រាប់ ។ ក្រោយពេលកើតហេតុត្រូវបានឪពុកម្ដាយ និងសាច់ញាតិនាំទៅសង្គ្រោះបន្ទាន់ រីឯក្រុមក្មេងដែលជាអ្នកច្នៃគ្រាប់បែកនោះបាននាំគ្នារត់គេចខ្លួនបាត់ ដោយសុវត្ថិភាព ប៉ុន្តែទោះបីបែបណាកម្លាំង​នគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីធ្វើការចាប់ខ្លួនពួកគេនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕