ចោរគាស់ផ្ទះលួចទូដែកបាត់អស់មាស២០តំឡឹង និងលុយជាង១ម៉ឺនដុល្លារ
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងករណីក្រុមជនសង្ស័យមួយក្រុមកាត់សោផ្ទះលួចយក
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងករណីក្រុមជនសង្ស័យមួយក្រុមកាត់សោផ្ទះលួចយក
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងករណីក្រុមជនសង្ស័យមួយក្រុមកាត់សោផ្ទះលួចយកទូដែកគាស់យកលុយខ្មែរ ដុល្លារ និងមាស ហើយយកទូទៅប្លុងចោលរួចមក ។ សមត្ថកិច្ចស្រុកបសេដ្ឋ បានធ្វើការស្រាវជ្រាវរហូតឃាត់បានមុខសញ្ញាសង្ស័យជាបន្តបន្ទាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី យ៉ាង សុខលី អធិការនគរបាលស្រុកបសេដ្ឋ បានប្រាប់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មានករណីចោរមួយក្រុម បានលួចចូលកាត់សោផ្ទះលួចយកទូដែកដាក់លុយ និងមាស ក្នុងពេលដែលម្ចាស់ផ្ទះមិននៅផ្ទះ (ទៅលេងកំពង់សោម) ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ វ៉ាត សាវឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអាជីវករនៅផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្នុងនោះដែរសម្ភារនៅក្នុងទូដែក ដែលក្រុមជនសង្ស័យលួចយកទៅ បានបាត់បង់រួមមាន មាសចំនួន២០តំឡឹង លុយដុល្លារ២០០០ដុល្លារ លុយខ្មែរ៣២លានរៀល ។
លោក វ៉ាត វឿន បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ២០១៧ ថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពពេលដែលគាត់ និងក្រុមគ្រួសារនាំគ្នាទៅលេងកំពង់សោម២ថ្ងៃ លុះពេលមកដល់ផ្ទះវិញ ទើបដឹងបាត់ទូដែក ។ ក្រោយដឹងថាបាត់ លោកបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅស្រាវជ្រាវរហូតចាប់បានមុខសញ្ញាជាបន្តបន្ទាប់ ។
ម្ចាស់ផ្ទះបានបន្តទៀតថា ទូដែកដែលក្រុមជនសង្ស័យយកទៅ ត្រូវពួកវាប្លុងចោលនៅសង្កាត់ព្រៃសឯណោះ ។ សមត្ថកិច្ចបានដឹងថា មុខសញ្ញាឈ្មោះ សុន សុខជា ប្រុសអាយុ ៣៣ឆ្នាំ នៅភូមិចេក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពងស្ពឺ ជននេះជាអ្នកយកមាសទៅលក់ឲ្យជាងមាសឈ្មោះ ស្រា លឹមហៀង ភេទប្រុស អាយុ៣២ឆ្នាំ នៅផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពងស្ពឺ ដោយលក់មាសចំនួន៨តំឡឹង៧ជី សរុបទឹកប្រាក់ចំនួន១៣,៧០០ដុល្លារ (មាសពីដុំ) ។ លោកបន្តឲ្យដឹងទៀតថា ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានបន្តចាប់បានបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ ។
លោកអធិការបានប្រាប់ថា មុខសញ្ញាដែលកម្លាំងរបស់លោកឃាត់ខ្លួនជាបន្តនោះ រួមមានឈ្មោះ កង ស្យា អាយុ២៦ឆ្នាំ ជាមុខសញ្ញាជួញដូរថ្នាំញៀន ហើយទើបតែចេញពីពន្ធនាគារព្រៃស កាលពីពេលថ្មីៗនេះ និងឈ្មោះ កុក លាង ជាបក្ខពួកត្រូវបានសមត្ថកិច្ចរបស់លោកកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលចាត់ការបន្ត ។
នគរបាលព្រហ្មទណ្ឌកំរឹតស្រាល បានប្រាប់ផងដែរថា ក្រោយទទួលបានមុខសញ្ញាសង្ស័យពីខាងសមត្ថកិច្ចស្រុកបសេដ្ឋរួចមក កម្លាំងជំនាញបានបើកការស៊ើបអង្កេត និងសួរចម្លើយលើក្រុមជនសង្ស័យទាំង៣អស់រយៈពេលជិត១អាទិត្យ ហើយរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ។
បន្ទាប់ពីបញ្ជូនដល់សាលាដំបូងខេត្តរួចមក មិនបានប៉ុន្មានម៉ោងផងក្រុមជនសង្ស័យត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញ ។ បើតាមការបង្ហើបពីក្រឡាបញ្ជីម្នាក់ គឺការដោះលែងនេះ ដោយសារចៅក្រុមស៊ើបសួររកមិនឃើញតម្រុយណាមួយពាក់ព័ន្ធនឹងពួកគេទេ ទើបសម្រេចដោះលែងបែបនេះ ។
ក្រោយដឹងថា តុលាការដោះលែងជនសង្ស័យរួចមក ទាំងមន្ត្រីនគរបាលខេត្ត ក៏ដូចស្រុកបសេដ្ឋ បានសំដែងនូវការអាក់អន់ស្រពន់ចិត្តជាមួយស្ថាប័នតុលាការជាខ្លាំង ដោយបានលើកឡើងថា ក្រោយកើតហេតុ សមត្ថកិច្ចស្រុក និងខេត្ត បានខិតខំបើកការស្រាវជ្រាវលើករណីនេះជាខ្លាំង រហូតសម្រេចបានជោគជ័យជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមាសរំលាយហើយ២ដុំមកវិញផងដែរ ។ ការដែលតុលារដោះលែងក្រុមជនសង្ស័យនេះ មិនត្រឹមតែធ្វើឲ្យសមត្ថកិច្ចអាក់អន់ស្រពន់ចិត្តនោះទេ សូម្បីម្ចាស់ទូដែក ក៏សំដែងនូវការមិនពេញចិត្តដែរ ចំពោះស្ថាប័នតុលាការនេះ ។
លោក វ៉ាត វឿន បានប្រាប់ថា ករណីតុលាការដោះលែងក្រុមជនសង្ស័យនេះ លោកមិនសុខចិត្តនោះឡើយ លោកនឹងប្តឹងបន្តទៅលើទៀតចំពោះករណីនេះ ព្រោះលោកមិនទាន់បានទទួលមកវិញនូវភាពយុត្តិធម៌ឡើយ ។ និយាយរួមទាំងលុយខ្មែរ ដុល្លារ និងមាស ដែលដកហូតពីក្រុមជនសង្ស័យ លោកមិនទាន់បានមកវិញឡើយ ។ ក្នុងនាមលោកជាជនរងគ្រោះ សូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ សូមត្រួតពិនិត្យករណីរបស់លោកផង ព្រោះការដោះលែងនេះ ដូចជាបញ្ឈឺចិត្តលោក ជាជនរងគ្រោះសម្បើមណាស់ ។ មិនអាចសុំការបកស្រាយណាមួយពីមន្ត្រីតុលាការបានឡើយពាក់ព័ន្ធនឹងការលើកឡើងខាងលើ ៕
ចែករំលែកព័តមាននេះ