ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​រាប់​តោន ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ចាក់ចោល​នៅ​លើ​ផ្លូវ

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ពាក់ព័ន្ធ​នឹង​ករណី​សំរាម​រាប់​ពាន់​តោន​ត្រូវ​បាន​ក្រុមហ៊ុន​ប្រមូល​សំរាម ហ្គា​អ៊ី​យ៉ា បាន​យក​កាក​សំណល់​ទៅ​ចាក់ចោល​នៅ​លើ​ផ្លូវ

ខេត្តកំពង់ធំ ៖ ពាក់ព័ន្ធ​នឹង​ករណី​សំរាម​រាប់​ពាន់​តោន​ត្រូវ​បាន​ក្រុមហ៊ុន​ប្រមូល​សំរាម ហ្គា​អ៊ី​យ៉ា បាន​យក​កាក​សំណល់​ទៅ​ចាក់ចោល​នៅ​លើ​ផ្លូវ និង​ដី​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទាំងអស់​គ្នា​មានឈ្មោះ​ទី​១. អ៊ឹ​ង សុផល ទី​២. លោកពូ​សាក់ ពូ​សុខ ពូ​គី​ម មីង​ជឿន មីង​ចេក លោក​ឃា និង​លោក ប៉េង ស៊ន ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ស្ថិត​នៅ​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​ប្រាប់​ថា​៖ ពួក​គាត់​សព្វ​ថ្ងៃនេះ​ជួប​ប្រទះ​នូវ​បញ្ហា​យ៉ាង​ខ្លាំង​ទី​១.​ផ្លូវ​មួយ​ខ្សែ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ក្រុមហ៊ុន ហ្គាំ​អ៊ី​យ៉ា បើក​ដឹក​សំរាម​ខ្ទេច​ផ្លូវ​រកតែ​បើក​ដឹក​កសិផល​ក៏​មិនកើត ទី​២.​ក្រុមហ៊ុន​នេះ​បាន​ដឹក​សំរាម​រាប់​ពាន់​តោន​យក​មក​ចាក់ចោល​នៅ​លើ​ផ្លូវ​ធ្វើ​ដំណើរ​លែង​កើត និង​ទី​៣.​ក្រុមហ៊ុន​បាន​ចាក់សំរាម​រាលដាល​មក​លើ​ដី​របស់​ពួក​គាត់​បង្ក​ផល​ប៉ះពាល់​ដល់​ដី​ពួក​គាត់ ហើយ​ពួក​គាត់​បាន​ហៅ លោក សីហា ខាង​អ្នកគ្រប់គ្រង​សំរាម​នៅ​ក្រុង​ស្ទឹង​សែន​មក​ជួប​ចំនួន​៣​ដង​មក​ហើយ​នៅ​តែ​ចាក់​ដដែល​។

លោក អ៊ឹ​ង សុផល ប្រជាពលរដ្ឋ​ម្នាក់​ប្រាប់​ថា គាត់​បាន​ចំណាយ​ប្រាក់​ធ្វើ​ផ្លូវ​ដើម្បី​ចូល​ទៅ​កាន់​ដី​របស់​គាត់ ចំណែក​ផ្លូវ​ចាស់​ជា​របស់​រដ្ឋ​ធ្វើ​នោះ​ត្រូវ​បាន​ខ្ទេចខ្ទី​អស់​ដោយសារ​តែ​ឡាន​ដឹក​សំរាម​បើកបរ​យក​សំរាម​មក​ចាក់ ដល់​ពេល​ផ្លូវ​រដ្ឋ​នោះ​បើក​លែង​កើត ឡាន​សំរាម​នោះ​ក៏​បើក​នៅ​លើ​ផ្លូវ​របស់​គាត់​ធ្វើ ហើយ​ចាក់សំរាម​លើ​ដី​របស់​គាត់​ទៀត ដោយសារ​និយាយ​គ្នា​មិន​ស្តាប់​ទៅ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា​គាត់​បាន​ឃាត់​ឡាន​ដឹក​សំរាម​នោះ​ដើម្បី​ដោះស្រាយ​គ្នា​សិន​។ ហើយ​ការ​ឃាត់​ឡាន​ដឹក​សំរាម​នេះ​គឺ​ឃាត់​មិន​ឲ្យ​ចាក់សំរាម​នៅ​លើ​ដី​របស់​គាត់ មិនមែន​ឃាត់​មិន​ឲ្យ​យក​សំរាម​ទៅ​ចាក់ចោល​នោះ​ទេ​។ ជុំវិញ​បញ្ហា​ខាងលើ លោក ឌៀប សីហា អនុប្រធាន​ក្រុមហ៊ុន​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា ចំពោះ​បញ្ហា​សំរាម​កកស្ទះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខាងលើ​នេះ លោក​ទទួលស្គាល់ ដោយសារ​តែ​មូលហេតុ​ទី​១.​អា​ប៊ុល​វា​ខូច ថា​ធ្វើ​១​អាទិត្យ​ហើយ តែ​ធ្វើ​មិន​ហើយ​រហូត​ដល់​១​ខែ​បាន​រួច ហើយ​ខែ​នេះ​ជា​រដូវភ្លៀង​ឡាន​ដឹក​សំរាម​មិន​អាច​ចូល​ទៅ​ចាក់​ដល់​មាត់​រណ្តៅ​បាន ចេះ​តែ​ចាក់​រាលដាល​ដូច្នេះ​មួយ​រយៈ​នេះ បើ​មិន​ចាក់​វា​អត់​កន្លែង​ចាក់​។

ពីព្រោះ​ទីតាំង​ចាក់សំរាម​ចាស់​មួយ​កន្លែង​ទៀត​នៅ​ភូមិ​វ​ល្លិ៍​យាវ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ឲ្យ​លុប​ដី​កុំ​ឲ្យ​ស្អុយ ហើយ​អភិបាលខេត្ត​ចាស់ លោក អ៊ុត សំ​អន មិន​ឲ្យ​យក​ទៅ​ចាក់​ទៀត​ទេ ហើយ​បញ្ហា​សំរាម​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​នេះ លោក​បាន​ឲ្យ​អា​ប៊ុល​ទៅ​រុញ​បញ្ចូល​ទៅ​ក្នុង​រណ្តៅ​ហើយ លោក​សុំ​ពេល​កមួយ​រយៈ​ភ្ជុំ​រួច​នឹង​ធ្វើ​ឲ្យ​ស្អាត​។ ជុំវិញ​បញ្ហា​ខាងលើ​នេះ​លោក ម៉ាក់ ប៊ុ​ន​ហុង អភិបាលក្រុង​ស្ទឹង​សែន​ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី​ៗ​នេះ បាន​ប្រាប់ កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ដែរ​ថា ចំពោះ​បញ្ហា​គំនរ​សំរាម​ខាងលើ​នេះ លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ហើយ និង​បាន​សុំ​គោលការណ៍​ពី​លោក​អភិបាលខេត្ត​ឲ្យ​ដឹក​យក​សំរាម​ទៅ​ចាក់​នៅ​ទីតាំង​ចាស់​រយៈពេល​ពីរ​បី​ថ្ងៃ​សិន ទំ​រាំ​តែ​ខាង​ក្រុមហ៊ុន រុញ​សំរាម​ដែល​កកស្ទះ​នោះ​ចូល​ក្នុង​រណ្តៅ​អស់ ទើប​អនុញ្ញាត​ឲ្យ​ដឹក​យក​មក​ចាក់​បន្ត​ទៀត ទំ​រាំ​ទីតាំង​ថ្មី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​សេ​៥១​ពី​កំពង់ធំ​ទៅ​ខេត្តកំពង់ឆ្នាំង​ធ្វើ​រួចរាល់​។

ហើយ​អាង​សំរាម​ចាស់​នេះ​មាន​ទំហំ​ប្រហែល​ជាមួយ​ហិ​កតា​ប៉ុណ្ណោះ មិន​អាច​ផ្ទុក​សំរាម​ដ៏​ច្រើន​នេះ​បាន​យូរ​ឆ្នាំ​ទេ ម្យ៉ាងទៀត​ទីតាំង​ចាស់​ស្ថិត​នៅ​ជិត​ក្រុង​ពេក​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​។ អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ​បានជា​ក្រុង និង​ខេត្ត​រក​ទីតាំង​ថ្មី លោក​អភិបាលក្រុង​ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ផង​មិនយូរ​ប៉ុន្មាន​ទៀត​ទេ​អាង​សំរាម​ថ្មី​កើតឡើង​យើង​នឹង​អស់​បញ្ហា​ហើយ​៕