ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ប្តូរ​ឈ្មោះ​ជា​ជនសង្ស័យ ព្រោះតែ​គំនុំ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​ការ​គុំ​គួ​ន​ដែល​ខ្លួន​ធ្លាប់​រង​នូវ​ការ​គំរាម​វាយ​ធ្វើបាប​ពី​សំណាក់​ជន​រង​គ្រោះ ពេល​នេះ​ឃើញ​ឱកាសល្អ​ក៏​កើត​គំនិត​

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​ការ​គុំ​គួ​ន​ដែល​ខ្លួន​ធ្លាប់​រង​នូវ​ការ​គំរាម​វាយ​ធ្វើបាប​ពី​សំណាក់​ជន​រង​គ្រោះ ពេល​នេះ​ឃើញ​ឱកាសល្អ​ក៏​កើត​គំនិត​ចង់​ស្រាយ​កំហឹង​ដែល​ធ្លាប់​មាន​ពី​មុន​ក៏​យក​ដាវ​កាប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត​រយះ​ហូរ​ឈាម​ស្រោច​ខ្លួន ហើយ​គេចខ្លួន​បាន​១​ថ្ងៃ ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ២០១៧ នៅ​ចំណុច​ព្រៃ​ក្រោយ​ភូមិ​តា​មិ​ញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​ឈ្មោះ ម៉ា​ន ម៉​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​វរសេនីយ៍ទោ ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២១ និង​៣៥​នាទី ថ្ងៃ​ទី​១៦ កញ្ញា ២០១៧ នៅ​ចំណុច​វត្ត​សង្កែ​សាទ​ប ភូមិ​តា​មិ​ញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ មាន​រៀបចំ​ពិធី​តាម​បែប​ប្រពៃណី​ភ្ជុំបិណ្ឌ ពេល​នោះ​ជន​រង​គ្រោះ​ក៏​ទៅ​ចូលរួម​ដូច​អ្នក​ផ្សេង​ទៀត​ដែរ ពេល​កំពុង​តែ​ដើរ​លេង​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​រួម​នឹង​បក្ខពួក​លប​កាប់​ប្រហារ​ដោយ​ដាវ​ចំ​គុម្ពត្រចៀក​ស្តាំ​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​មានឈ្មោះ រ៉ុ​ម ត្រេ​ន ភេទ​ប្រុស ទៅ​ពេទ្យ​ខេត្តកំពង់ស្ពឺ​ភ្លាម​ៗ​តែ​ម្តង ដើម្បី​ឲ្យ​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​។

ចំណែក​ជនសង្ស័យ​ក្រោយ​ពេល​បង្ក​បាន​រត់គេច​ខ្លួន​បាត់​។ ជន​រង​គ្រោះ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​រូបគេ និង​មិត្តភក្តិ​បាន​បាំ​គ្នា​ទៅ​លេង​នៅ​វត្ត​តា​សាល ពេល​កំពុង​ដើរ​លេង​សុខ​ៗ​ស្រាប់តែ​ត្រូវ​គេ​លប​មក​កាប់​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​សន្លប់​ឈាម​ហូរ​ជោគ​ខ្លួន​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សុខ​ណា​កំពង់ស្ពឺ​តែ​ម្តង​។ ជន​រង​គ្រោះ​បន្ត​ថា រវាង​រូបគេ​នឹង​ជន​ដៃដល់​មិន​ដែល​ស្ទាក់ និង​មាន​ជម្លោះ​នឹង​គ្នា​ពី​មុន​មក​ទេ​។ គេ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ជន​ដៃដល់​ដែល​លប​កាប់​ប្រហារ​មក​លើ​គេ​នេះ​ទៅ​តាម​ផ្លូវច្បាប់​។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០១៧ សមត្ថកិច្ច​របស់​លោក​ស្វែងរក និង​ប្រទះ​ឃើញ​ជន​នេះ​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ដោយ​មាន​ដាវ​សាំ​ម៉ូ​រៃ​មួយ​ផង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​នេះ​គឺ​ដោយសារ​ពី​មុន​ខ្លួន​ក៏​ធ្វើការ​នៅ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​ដែរ​។ ពេល​នៅ​ធ្វើការ​ទីនោះ​ខ្លួន​តែងតែ​រង​នូវ​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ជន​ដែល​គេ​កាប់​នេះ​ជា​រឿយ​ៗ រហូត​ដល់​ទ្រាំ​ពុំ​បាន​ក៏​សម្រេចចិត្ត​ឈប់​ធ្វើការ​ត្រលប់​មក​នៅផ្ទះ​វិញ​។

មុន​ពេល​កើតហេតុ​ពេល​ដែល​ខ្លួន​កំពុង​ដើរ​លេង​នៅ​វត្ត​សង្កែ​សាទ​ប ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដើរ​ជាមួយ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ក៏​សម្រេចចិត្ត​យក​ដាវ​ដែល​ដាក់​តាម​ខ្លួន​ទៅ​លប​កាប់​ពីក្រោយ​តែ​ម្តង​។ ការ​កាប់​នេះ​ព្រោះ​គេ​ចង់​សងសឹក​គំនុំ​ចាស់​ដែល​លាក់​ទុក​ក្នុង​ខ្លួន​ជា​យូរ​មក​ហើយ​។ ជនសង្ស័យ​បន្ត​ថា ក្រោយ​កាប់​ហើយ​រូបគេ​បានរ​ត់ទៅ​ពួន​នៅ​ព្រៃ​ក្រោយ​ភូមិ​ដើម្បី​រក​ឱកាស​រត់​ចេញ​ទៅ​ក្រៅ​ទៀត​តែ​ពេល​កំពុង​ពួន​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​។ លោក​អធិការ​បាន​ប្រាប់​ថា ក្រោយ​ឃាត់ខ្លួន​កម្លាំង​របស់​លោក​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឲ្យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​៕