ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​អាច​នឹង​ចេញ​រូបរាង​នៅ​ខេត្ត​កែប

6 ឆ្នាំ មុន

ខេត្ត​កែប ៖ មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា

ខេត្ត​កែប ៖ មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​មាន​គម្រោង​សាងសង់​កំពង់​ផែ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទឹកដី​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ។ ទោះបី​យ៉ាងណា គម្រោង​ផែ​អន្តរជាតិ​មួយ​នេះ ពុំ​ទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ ។

លោក កែន ស​ត្ថា អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​មាន​គម្រោង​កសាង​កំពង់​ផែ​មួយ​មាន​លក្ខណៈ​អន្តរជាតិ ប៉ុន្ដែ​គម្រោង​នេះ​មិន​ទាន់​សម្រេច​ចេញ​ជា​ផ្លូវការ​ទេ ។

លោក​អភិបាលខេត្ត​ថ្លែង​ថា ៖« កន្លង​មក គម្រោង​នេះ​មានការ​សិក្សា​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តែ​យើង​ពុំ​ទាន់​អាច​ផ្សព្វផ្សាយ​លម្អិត​បាន​ទេ ហើយ​ក៏​មាន​ក្រុមការងារ​ចុះ​មក​សិក្សា​ធ្វើ​កំពង់​ផែ​អន្តរជាតិ​ដែរ​។ ផែ​នេះ​ជា​លក្ខណៈ​តំបន់​ដែរ ដោយ​មានការ​ឆ្លងកាត់​ពី​តំបន់​កោះត្រល់​មក​ខេត្ត​យើង ហើយ​មាន​ភ្ញៀវ​ចេញ​តាម​ច្រករបៀង​តាម​ផ្លូវ​កោះកុង ច្រក​ចាំ​យាម និង​ចេញ​មក​ទិស​ដៅ​យើង ។ យើង​ទទួល​ការ​សិក្សា ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​ផ្លូវការ ។ ដូច្នេះ យើង​មិន​ទាន់​អាច​ផ្សព្វផ្សាយ​ទូលំទូលាយ​នៅឡើយ​ទេ ចាំ​វា​ក្លាយជា​ផ្លូវការ​មាន​ចុះហត្ថលេខា បោះត្រា​ភ្លាម យើង​នឹង​ផ្សព្វផ្សាយ​ភ្លាម​ៗ​តែ​ម្តង » ។

យ៉ាងណាមិញ លោក​អភិបាលខេត្ត​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ខេត្ត​កំពុង​តែ​សម្រុក​អភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជូន ដូច​ជា ធ្វើ​ផ្លូវ​យ៉ាងណា​ឲ្យ​មាន​ស្ដង់ដា​, អភិវឌ្ឍន៍​ផ្លូវ​ក្រួស​ក្រហម​ឲ្យ​ទៅ​ជា​ផ្លូវ​កៅស៊ូ​ប្រភេទ AC ហើយ​ផ្លូវ​កៅស៊ូ​ដែល​មាន​ស្រាប់ នឹង​រៀបចំ​កែ​លម្អ​ឲ្យ​ស្អាត ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព មាន​គំនូស​ចរាចរណ៍ ផ្លូវ​ទោចក្រយានយន្ត ផ្លូវ​កង់ និង​ផ្លូវ​ថ្មើរជើង ជាដើម ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទៅ​លើ​សោភ័ណ​ភាព អនាម័យ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខ្ពស់ ដើម្បី​ជំរុញ​ឲ្យ​សក្ដានុពល​ទេសចរណ៍​ក្នុង​ខេត្ត​មួយ​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ស្រប​ពេល​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​កែប នា​ចុងឆ្នាំ​នេះ​ផង​ដែរ ។

លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​លើក​ឡើង​ថា គម្រោង​ផ្លូវ​លេខ​៣៣A នឹង​បញ្ចប់​១០០%​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ ហើយ​ខេត្ត​នឹង​គិត​ទៅ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត រួម​មាន ផ្លូវថ្នល់​ពាក់ព័ន្ធ​នឹង​ការ​បម្រើ​ផ្លូវ​សាធារណៈ​ផ្សេង​ៗ ជា​ពិសេស បង្គន់​អនាម័យ និង​បង្គន់​សាធារណៈ​ដែល​ខេត្ត​បាន​គិតគូរ​ខ្ពស់ ។

លោក​អភិបាលរង​ខេត្ត​ថ្លែង​ថា ៖« បុណ្យ​សមុទ្រ​ឆ្នាំ​នេះ នឹង​មាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​មក​កម្សាន្ត ។ អីចឹង រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​កំពុង​គិតគូរ​ទៅ​លើ​អនាម័យ និង​ការ​កែ​លម្អ បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ ហើយ​កែ​លម្អ​រចនាសម្ព័ន្ធ​អ្វី​ដែល​មាន​ស្រាប់ និង​អ្វី​ដែល​យើង​បង្កើត​ឲ្យ​មាន​ថ្មី » ។   

គួរ​បញ្ជាក់​ថា ផ្លូវ​កំពុង​សាងសង់​នេះ​មាន​ទទឹង​៣០​ម៉ែត្រ និង​អ៊ុត​កៅស៊ូ AC ដែល​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ប្រវែង​៨​គីឡូម៉ែត្រ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ផ្លូវ​លេខ​៣៣A​នេះ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ពួក​គាត់ ព្រោះ​កន្លង​មក ពួក​គាត់​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ឬ​លក់ដូរ​ផ្សេង​ៗ ដោយសារ​ពី​មុន​ថ្នល់​តូច ឥឡូវ​ថ្នល់​ធំ ប៉ុន្តែ​ពេល​ធ្វើ​អត់​ទាន់​ហើយ គឺ​ហុយ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ ដោយសារ​ដី​ហុយ​ចូល​មុខមាត់ និង​ច្រមុះ ហើយ​ផ្ទះ​វិញ​មាន​សុទ្ធតែ​ដី​ពេញ​ទាំងអស់ ។

កញ្ញា ម៉ាត់ រ៉​ទី​យ៉ា​ស់ រស់នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ធ្វើ​ផ្លូវថ្នល់​ឲ្យ​ឆាប់​រួចរាល់ មុន​ពេល​បុណ្យ​សមុទ្រ​ជិត​ចូល​មក​ដល់ ព្រោះថា កំណាត់​ផ្លូវ​ពី​សេះស មក​ដល់​ចំណុច​ក្រុងកែប គឺ​អត់​ទាន់​ហើយ​អស់​ទេ ព្រមទាំង​សូម​ឲ្យ​ដាក់​ភ្លើង​បំភ្លឺ និង​ធ្វើ​សួនច្បារ​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​នៅ​តាម​ដងផ្លូវ​នេះ ។

បច្ចុប្បន្ន ខេត្ត​កែប​បាន​និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​ជាមួយ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដ៏​ស្រស់​ស្អាត អម​ទៅ​ដោយ​សួនច្បារ និង​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មាន​លក្ខណៈ​ទំនើប​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ចរន្ត​ខ្យល់ ។ ខេត្ត​ក៏​មាន​ផ្លូវ​ទោចក្រយានយន្ត ផ្លូវ​ថ្មើរជើង និង​កន្លែង​ហាត់ប្រាណ ជា​ពិសេស មាន​សញ្ញា​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ផ្សេង​ៗ ៕