ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​០៦ បាន​ប្តេ​ជ្ញា​សន្យា​ថា…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​មានការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងអស់​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​​មុខ​នេះ ​មាន​ក្រុមហ៊ុន​ចំនួន​៦​បាន​សន្យា​

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​មានការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងអស់​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​​មុខ​នេះ ​មាន​ក្រុមហ៊ុន​ចំនួន​៦​បាន​សន្យា​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ​។​

ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៦ ​ក្រោម​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំខែ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន សមាជិក​គណៈ ក​ម្មា​ធិ​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ខេត្ត សមាគម​ដឹក​ជញ្ជូន ផ្លូវគោក​កម្ពុជា ​(CAMTA) សមាគម​រថយន្តក្រុង​កម្ពុជា (CAMBA) និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្សេង​ទៀត​មកពី​វិស័យ​ឯកជន​។​ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​

ទេស​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ទាំងអស់​ សូមកុំ​ដំឡើង​ថ្លៃ​ឈ្នួលដឹក​ជញ្ជូន​អ្នកដំណើរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ ដើម្បី​បង្ក​លក្ខណៈ​​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នានា​ជូន​ប្រជា​ពល​រដ្ឋ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ​លោក​ទេស​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-ខេត្ត​ចំនួន​បី ដែល​មិន​ទាន់​មាន​សកម្មភាព​កាត់​ទ្រុង​ឡាន​ឱ្យ​អនុវត្ត​វិធាន​ការណ៍​​តាម​ផ្លូវច្បាប់​ចំពោះ​យានយន្ត​ដែល​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​ប​ច្ចក​ទេស ដើម្បី​ថែទាំ​ផ្លូវថ្នល់​ឱ្យ​មានគុណ​ភាព​ប្រើ​ប្រាស់​បាន​យូរអង្វែង​។​

ជា​ការ​ឆ្លើយ​តប ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​ប្រាំមួយ​បាន​ប្តេជ្ញា​មិន​ដំឡើង ថ្លៃ​ឈ្នួល​ធ្វើ​ដំណើរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​រ​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​​ខាង​មុខ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ដែល​ក្រុមហ៊ុន​ទាំងនោះ​រួម​មាន​៖ ក្រុមហ៊ុន​ពន្លឺ​អង្គរ ក្រុម​ហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ក្រុមហ៊ុន​ Giant Ibis Transport ក្រុមហ៊ុន​ Ding Xing ក្រុមហ៊ុន​ ឡា​រី​តា ​Express និង ក្រុមហ៊ុន​ មិ​ហុង ផង​ដែរ​។​

​សូម​ជម្រាប​ថា​ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខែសីហា ឆ្នាំ​២០១៧ មាន​ចំនួន ២៨៥​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១៣៨​នាក់ និង​របួស​ចំនួន​៤០៩​នាក់ ភាគច្រើន​នៅ​ខេត្តកណ្តាល មាន​អ្នក​ស្លាប់​​១៧​នាក់ ខេត្តកំពង់ធំ ១៥​នាក់ និង​ខេត្តសៀមរាប​១៣​នាក់ ។ ចំនួន​ជន​រងគ្រោះជា​មធ្យម​ក្នុង​មួយ​ថ្ងៃ ស្លាប់​ចំនួន​៤.៤៥​នាក់ និង​របួស​ចំនួន​១៣.១​នាក់​៕