ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ប្រេង​ពិភពលោក​កំពុង​តែ​ខិត​ទៅ​រក​…

6 ឆ្នាំ មុន

ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា​ថា

ទី​ក្រុងប៉ារីស ៖ ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា​ថា ទីផ្សារ​ប្រេង​ពិភពលោក​កំពុង​តែ​បង្ហាញ​សញ្ញា​ត្រឡប់​ទៅ​រក​លំនឹង​វិញ ហើយ​ប្រេង​ដែល​ស្តុក​ទុក​ក្នុង​ប្រទេស​អភិវឌ្ឍន៍ អាច​នឹង​ធ្លាក់​ចុះ​ក្រោម​អត្រា​មធ្យម​នៅ​ពេល​ឆាប់​ៗ​នេះ ។

ភ្នាក់ងារ​ខាងលើ​ក៏​បាន​និយាយ​ថា ផលិតកម្ម​របស់​ប្រទេស​ជា​សមាជិក OPEC និង​ដៃគូ ក៏​ធ្លាក់​ចុះ​ដែរ​ក្នុង​ខែសីហា ស្រប​តាម​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​របស់​ពួក​គេ ។

គួរ​បញ្ជាក់​ថា OPEC និង​ប្រទេស​ផលិត​ប្រេង​ដទៃ ដូច​ជា​រុ​ស្ស៊ី បាន​យល់​ស្រប​កាលពី​ឆ្នាំ​មុន​ថា នឹង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ដើម្បី​ជំរុញ​ដល់​តម្លៃ ប៉ុន្តែ​តម្លៃ​ប្រេង​មិន​បាន​កើនឡើង​លើស​៥០​ដុល្លារ​ក្នុង​១​ធុង​ទេ ។

យ៉ាងណា​ក្តី ដោយសារ​តែ​តម្រូវការ​កើនឡើង​, មាន​ព្យុះ​បោកបក់ និង​ការ​ពិនិត្យ​ជួសជុល​ឡើង​វិញ​នៅ​តំបន់​ប្រេង បាន​បង្ក​ឲ្យ​ផលិតកម្ម​មួយ​ចំនួន​ត្រូវ​បញ្ឈប់ ។ ភ្នាក់ងារ IEA និយាយ​ថា ពួក​គេ​សម្លឹង​ឃើញ​ប្រេង​លើសលប់​ធ្លាក់​ចុះ ។

IEA បាន​និយាយ​ក្នុង​របាយការណ៍​ប្រចាំខែ​ថា ៖« ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជា​សមាជិក​របស់ OECD គឺ​ប្រេង​ស្តុក​ទុក​ស្មើ​ប្រមាណ​តែ​៣៥​លាន​ធុង ច្រើន​ជាង​ចំនួន​មធ្យម​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​ប៉ុណ្ណោះ » ។

ក្នុង​ប្រទេស​ចំនួន​៣៤​របស់ OECD ប្រេង​ក្នុង​ស្តុក​របស់​ឧស្សាហកម្ម​និង​រដ្ឋាភិបាល ស្មើ​ប្រមាណ​១.៧៩៦,៣​លាន​ធុង​នា​ខែកក្កដា ។

IEA បន្ថែម​ថា ៖« យោង​តាម​ល្បឿន​បន្ត​ដំណើរការ​នៃ​ក្រុមហ៊ុន​កែ​ច្នៃ​ប្រេង​អា​មេ​រិ​ក បន្ទាប់​ពី​ព្យុះ Harvey ប្រេង​នៅ​ក្នុង​ស្តុក​របស់ OECD អាច​នឹង​ធ្លាក់​ចុះ​ផង​ដែរ ឬ​ធ្លាក់​ក្រោម​កម្រិត​មធ្យម​ទៀត​ផង » ។

កាលពី​ថ្ងៃ​អង្គារ OPEC ក៏​បាន​និយាយ​ក្នុង​របាយការណ៍​ប្រចាំខែ​ថា ផលិតកម្ម​ធ្លាក់​ចុះ​ក្នុង​ខែសីហា គឺ​ផ្តល់​សញ្ញា​ថា ការ​ផ្គត់ផ្គង់ និង​តម្រូវការ​អាច​នឹង​ខិត​ទៅ​រក​លំនឹង​ផង​ដែរ ៕