ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ នឹង​បើក​ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​4​កន្លែង​បន្ថែម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ថៃ​គ្រោង​បើក​ច្រកព្រំដែន​អន្តរជាតិ​ចំនួន​៤​កន្លែង​ទៀត ខណៈ​

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ថៃ​គ្រោង​បើក​ច្រកព្រំដែន​អន្តរជាតិ​ចំនួន​៤​កន្លែង​ទៀត ខណៈ​ដែល​ច្រក​ស្ទឹង​បត់ រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ កំពុង​ជំរុញ​ការ​សាងសង់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា ស្តី​ពី​ការ​ពង្រីក​សក្តានុពល​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១២ កញ្ញា ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា លោក Nuttavuodh Photisaro បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​-​ថៃ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​កើន​ឡើងជា​និច្ច ជា​ពិសេស នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​កកស្ទះ​ជា​ខ្លាំង ។

លោក​បាន​បន្ត​ថា ៖« ច្រកព្រំដែន​ដែល​គ្រោង​បើក​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ នឹង​ចំណាយ​ពេលវេលា​តែ​១​ឆ្នាំ​ប៉ុណ្ណោះ រួម​មាន ៖
១-​ច្រក​អានសេស ក្នុង​ខេត្តព្រះវិហារ និង​ច្រក​អាន​ម៉ា ខេត្ត​កេ​ត​វ័ន​ឡា​សុ​ថា​នី ប្រទេស​ថៃ ។
២-​ច្រក​ខ្សែ​ទុ​កួរ ជប់​គគី ក្នុង​ខេត្តឧត្តរមានជ័យ និង​ខេត្ត​បូ​រី​រ៉ាំ ។
៣-​ច្រក​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង និង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះ​កែវ ។
៤-​ច្រក​ថ្មដារ ក្នុង​ខេត្តពោធិ៍សាត់ និង​ច្រក​ថា​សេន ក្នុង​ខេត្ត​ស្រះ​កែវ ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក កឹ​ម ស៊ី​ថន បាន​ថ្លែង​ថា កម្ពុជា​-​ថៃ ជា​ប្រទេស​ជាប់​ភូមិ​ផង​របង​តែ​មួយ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​រវាង​គ្នា​គួរ​ឲ្យ​ទុកចិត្ត ក្នុង​នោះ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ចេញ​នូវ​ផែនការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​សម្រេច​បាន​ទឹកប្រាក់​ចំនួន​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០ ។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​-​ថៃ ក្នុង​ឆ្នាំ​២០១៥ សម្រេច​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​នៅ​ឆ្នាំ​២០១៦ ចំនួន​នេះ​បាន​កើនឡើង​ត្រឹមតែ​០,៦%​ប៉ុណ្ណោះ ។ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​៦៣៨​លាន​ដុល្លារ និង​ឆ្នាំ​២០១៦ ចំនួន​៩៤៤​លាន​ដុល្លារ កើនឡើង​ជាង​៤៧%​។ ចំណែក​ថៃ​នាំ​ចូល​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​ជិត​៤​ពាន់​លាន​ដុល្លារ ។ នៅ​ក្នុង​ឆ្នាំ​២០១៦ ចំនួន​នេះ​បាន​ថយ​ចុះ​ជាង​៥%​ទៅ​វិញ ៕