ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាត្រៀមខ្លួនធ្វើការជិតស្និទ្ធជាមួយចិនអភិវឌ្ឍ«ក្របខណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ» និងកសាងសហគមន៍រួមកម្ពុជា-ចិន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ចិន ដើម្បី​អភិវឌ្ឍ «​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​» និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ចិន ដើម្បី​អភិវឌ្ឍ «​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​» និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខណៈ​សម្តេច​បាន​លិខិត​មួយ​ច្បាប់​ចូលរួម​អបអរ​លោក​ស៊ីជី​ន​ពីង​បន្ត​ជាប់​ជា​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ យោង​តាម​លិខិត​របស់​សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០២៣​បាន​លើក​ឡើង​ថា ក្នុង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង សូម​ចូលរួម​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ ឯកឧត្តម​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​សារ​ជា​ថ្មី​ជា​ប្រធានាធិបតី​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្រាប់​អាណត្តិ​ទី​៣​។

ក្នុង​លិខិត​សម្តេច​បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ ឯកឧត្តម ប្រទេស​ចិន​សម្រេច​បាន​នូវ​សមិទ្ធផល​ធំធេង​ជា​ច្រើន​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន ព្រមទាំង​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ជា​ប្រវត្តិសាស្ត្រ​លើ​គ្រប់​វិស័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ។

សម្តេច​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ឯកឧត្តម​នឹង​បន្ត​ជំរុញ​ឱ្យ​ប្រទេស​ចិន​សម្រេច​នូវ​សមិទ្ធផល​ដ៏​វិសេសវិសាល​កាន់តែ​ច្រើន​ថែម​ទៀត និង​បោះ​ជំហាន​ទៅ​មុខ​ប្រកបដោយ​ទំនុកចិត្ត​ឆ្ពោះទៅ​សម្រេច​គោលដៅ​១០០​ឆ្នាំ​ទី​២ ដើម្បី​ក្លាយជា​ប្រទេស​សង្គមនិយម​ទំនើប​ដ៏​អស្ចារ្យ​នៅ​ឆ្នាំ​២០៤៩ ខណៈ​ដែល​ដើរតួ​នាទី​កាន់តែ​សំខាន់​លើ​ឆាក​អន្តរជាតិ ដើម្បី​សន្តិភាព និង​វិបុលភាព​ពិភពលោក​»​។

សម្ត​ច​បន្ត​ថា កម្ពុជា និង​ចិន​បាន និង​កំពុង​ទទួល​បានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​រក្សា​បានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ជា​ញឹកញាប់ ។ ការ​ឯកភាព​គ្នា​ដែល​សម្រេច​បាន​ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​យើង​បាន​បន្ថែម​នូវ​កម្លាំង​ច​លករ​ថ្មី​ទៀត​ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​យើង ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា​៖« ក្នុង​នាម​ជា​មិត្ត​ដែកថែប​កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ចិន ដើម្បី​អភិវឌ្ឍ «​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​» និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ដើម្បី​ប្រយោជន៍​រួម​របស់​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ ក៏​ដូច​ជា​ដើម្បី​ស្ថិរភាព​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ