ជាតិ » ព្រឹត្តិការណ៍សង្គម

គ្រូ​ចាប់​សរសៃ​កំពុង​តែ​ល្បី ដោយ​ធ្វើ​ឲ្យ​អ្នក​ថ្លង់​ស្តាប់​ឮ និង​អ្នក​ពិការ​ជើង​ដើរ​រួច

ដោយ ៖ យ៉ាន់ ចាន់ថេត   

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១៨:៣៩   (14-09-2017 18:39)

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​នាក់ ដែល​មាន​ជំងឺ​មក​ពី​គ្រប់​ទិស​ទី បាន​ធ្វើ​ដំណើ​រ​តាម​រថយន្ត និង​ម៉ូតូ​មក​រក​គ្រូ​ព្យាបាល​ជំងឺ​ឲ្យ​។ ដោយ​បាន​នាំ​គ្នា​រង់ចាំ​ពេញ​ខាងក្រៅ​ផ្ទះ​តែ​ម្តង​នាព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០១៧ ត្រង់​ចំណុច​ជាប់​នឹង​ផ្សារ​សាមគ្គី​ស្ថិត​នៅ​ភូមិ​ទី​៩ សង្កាត់​កំពង់ចាម ក្រុង​កំពង់​ចាម ក្នុង​នោះ​មាន​អ្នកខ្លះ​ត្រូវ​បាន​ចូល​ទៅ​ព្យាបាល​ដោយ​ធ្វើ​សរសៃ មាន​អ្នក​ថ្លង់​បាន​ស្តាប់​ឮ និង​អ្នកដើរ​មិន​រួច​រហូត​ដល់​ដើរ​រួច​ផង​ដែរ​។ ស្ត្រី​ឈ្មោះ មួ​ង សាឡី អាយុ​៥៤​ឆ្នាំ មក​ពី​ភូមិ​ជី​មាន់​ត្បូង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​នាំ​កូនប្រុស​ឈ្មោះ រតនា អាយុ​ជាង​២០​ឆ្នាំ ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្លាក់ខ្លួន​ពិការ​ជើង​សងខាង​ដើរ​មិន​រួច មក​រក​គ្រូ​ព្យាបាល​ឲ្យ​ចាប់តាំងពី​ថ្ងៃ​ទី​១៣​កញ្ញា ២០១៧ ដែល​ការ​រង់ចាំ​ជា​ច្រើន​ម៉ោង​នៅ​មិន​បាន​ចូល​ទៀត​។

ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា បាន​បន្ត​នាំ​កូន​មក​ទៀត​ដោយ​បាន​ចូល​ក្នុងផ្ទះ​តែ​មិន​ទាន់​បាន​ព្យាបាល  ព្រោះតែ​មាន​ពលរដ្ឋ​ច្រើន​ឡើង​ណែន​ទាំង​ក្នុង និង​ក្រៅ បើសិនជា​កូន​បានជា​នោះ​គាត់​នឹង​ឲ្យ​គ្រូ​ជួយ​ព្យាបាល​ដែល​វៀច​មាត់​ជា​ច្រើន​ឆ្នាំ​ហើយ​ទោះបីជា​ខិតខំ​ប្រើ​ថ្នាំ​ព្យាបាល​យ៉ាងណា​ក្តី​ក៏​នូវ​តែ​មិនជា​ដដែល មិនដឹង​ថា​តើ​ការ​រង់ចាំ​នេះ​បាន​ជួប​គ្រូ​ត្រូវ​ប្រើ​ពេលវេលា​ប៉ុន្មាន​ម៉ោង​ទៀត​នោះ​ទេ​។ បុរស​ឈ្មោះ សួន ប៊ុ​ន​ឡាយ អាយុ​៥១​ឆ្នាំ នៅ​ភូមិ​រអាង​លើ ឃុំ​រអាង ស្រុក​កំពង់សៀម ប្រាប់​ថា មាន​ពេល​មួយ​គាត់​បាន​ឡើង​ដើម​ទឹកដោះ​មាន​កម្ពស់​ជាង​៧​ម៉ែត្រ ចៃដន្យ​ស្រាប់តែ​របូតដៃ​ធ្លាក់​ចុះ​មក​ដី បណ្តាល​ឲ្យ​ស្លាប់​កាលពី​ជាង​១០​ឆ្នាំ​មុន ហើយ​ត្រូវ​បាន​ប្រពន្ធ​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​នាំ​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ទៀត​។

និង​ចុង​ក្រោយ​ដល់​ខេត្តបាត់ដំបង គាត់​បាន​បាក់ឆ្អឹង​កង​ខ្នង​ដោយ​មិន​អាច​ដើរ​រួច​នោះ​ទេ ត្រូវ​អង្គុយ​នៅ​លើ​រទេះរុញ ពេល​ដែល​ល្បី​ថា​គ្រូ​ចាប់​សរសៃ​ពូកែ​នោះ​ក៏​ឲ្យ​ប្រពន្ធ​ជូន​មក​ក្រែង​គ្រូ​ជួយ​សង្គ្រោះ​បាន​ដើរ​រួច​នោះ​។ ដូន​ចាស់​ឈ្មោះ ហុង ស៊ីវ​អេ​ង អាយុ​៧៩​ឆ្នាំ នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ប្រាប់​ថា គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​៥​ឆ្នាំ​ហើយ ដោយ​កូន​ៗ​ប្រឹង​យក​ទៅ​ព្យាបាល​នៅ​តាម​ពេទ្យ​បាន​ធូរ​បន្តិច តែ​ចុង​ក្រោយ​គាត់​បាន​ដើរ​មិន​រួច​អង្គុយតែ​នៅ​លើ​រទេះរុញ​នោះ​ទេ​។ ស្រប​ពេល​ដែល​ល្បី​ត​ៗ​គ្នា​ថា​មាន​គ្រូ​ចាប់​សរសៃ​ពូកែ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​កញ្ញា ២០១៧ បាន​ឲ្យ​កូន​ជួយ​ជូន​មក​រក​គ្រូ ពេល​ដែល​បាន​ចាប់​សរសៃ​ធ្វើ​ឲ្យ​គាត់​បាន​ដើរ​រួច និង​បាន​ធូរស្រាល​ច្រើន​ដែល​អាច​ដើរ​រួច​វិញ​។

តែ​មិន​ទាន់​បាន​ស្រួលបួល​នៅឡើយ​ទេ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា បាន​ឲ្យ​កូនស្រី​នាំ​មក​រក​គ្រូ​ជួយ​ព្យាបាល​បន្ត​ទៀត​។ ស្ត្រី​ឈ្មោះ សុខ ណា​ង អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ប្រាប់​ថា គាត់​កើត​ជំងឺ​ថ្លង់​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា​នេះ មក​ឲ្យ​គ្រូ សុខ ហេង ព្យាបាល​ឲ្យ ស្រាប់​បាន​ស្តាប់​ឮ​ឡើង​វិញ​ពិតជា​មាន​សេចក្តី​សប្បាយ​រីករាយ ដោយ​ការ​ព្យាយាម​នេះ​លោកគ្រូ​មិន​យក​លុយ​ថែម​ទៀត ហើយ​ក៏​ចេះ​តែ​តាម​សំពះ​អរគុណ​ដល់​គ្រូ​ជា​ខ្លាំង​ផង​ដែរ​៕