ជាតិ » ព្រឹត្តិការណ៍សង្គម

បាត់​ប្ដី​មួយ​យប់​មិនឃើញ​មក​ផ្ទះ​វិញ​ស្មាន​គ្រាន់តែ​សម្លុត មានអី​ព្រឹក​ឡើង​…

ដោយ ៖ សំណាង   

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១៨:២៤   (14-09-2017 18:24)

ខេត្តព្រៃវែង ៖ បុរស​វ័យ​កណ្តាល​ម្នាក់ បាន​សម្រេចចិត្ត​ចង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង រហូត​បាន​សម្រេច ដោយសារ​តែ​ខឹង​នឹង​កូន​ៗ ដែល​មិន​ព្រម​ស្តាប់ និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ខ្លួន ។ នេះ​គឺជា​គំនិត​ខុសឆ្គង​មួយ ដែល​កម្រ​កើត​មាន ហើយ​វា​មិន​បាន​ចំណេញ​អ្វី​ទាំងអស់ ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​ប្រពន្ធ និង​កូន​ៗ កំព្រា​វេទនា​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ បាន​កើតឡើង និង​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​វាលស្រែ​ខាងកើត​ភូមិ​ព្រហូត ចំងាយ​៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រហូត ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ជន​ដែល​គិត​ខ្លី​ខាងលើ​មានឈ្មោះ នួន គឹ​ម​ឈាន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​កសិករ និង​មាន​ទីលំនៅ​ក្នុងភូមិ​កើត​ហេតុតែ​ម្តង ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្រោយ​ពេល​កើតហេតុ ប្រពន្ធ​ជន​រង​គ្រោះ​ខាងលើ បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ថា កន្លង​មក​ប្តី​របស់​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ចង​.​ក​សម្លាប់​ខ្លួន​៤​ទៅ​៥​លើក​មក​ហើយ តែ​មិន​បាន​សម្រេច ព្រោះ​មាន​អ្នក​ទៅ​ជួយ​ទាន់ ។ ហើយ​ថ្មី​ៗ​នេះ ដោយសារ​តែ​និយាយ​ប្រៀនប្រដៅ​កូន ហើយ​កូន​មិន​ស្តាប់ គាត់​ក៏​បាន​គំរាម​ចង​.​ក​សម្លាប់​ខ្លួន​ទៀត ប៉ុន្តែ​គាត់​ជា​ប្រពន្ធ​មិន​ចាប់អារម្មណ៍ ព្រោះ​គិត​ថា​ប្តី​គ្រាន់តែ​សម្លុត​កូន រហូត​ដល់​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ក៏​ស្រាប់តែ​បាត់​មិនឃើញ​ប្តី​គាត់​ចូល​ផ្ទះ លុះ​ព្រឹក​ឡើង​ទើប​ឮ​អ្នកស្រុក​រត់​មក​ប្រាប់​ថា ឃើញ​ប្តី​គាត់​ចង​.​ក​សម្លាប់​ខ្លួន នៅ​នឹង​ដើម​ពុទ្រា​កណ្តាល​វាលស្រែ​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ។

ដោយឡែក​ខាង​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សាកសព​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ពិនិត្យ​លើ​ដងខ្លួន​នៃ​សព ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​ចង​.​ក​សម្លាប់​ខ្លួន​ពិតមែន ទើប​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា នោះ​តែ​ម្តង​ទៅ ៕