ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្មួញ​គ្រឿង​ញៀ.ន​​ម៉ិកស៊ីកូ​​​សូម​ទោស​អាមេរិក​ឡើង​ញ័រ​មាត់ ចំពោះ​ការ​សម្លា.ប់​ថ្មីៗ​​​​​​​​

1 ឆ្នាំ មុន

ទី​ក្រុង​ម៉ិកស៊ីកូ​ស៊ីធី, ប្រទេស​ម៉ិកស៊ីកូ​៖ ឈ្មួញ​គ្រឿង​ញៀន​នៅម៉ិកស៊ីកូ ដែល​គេ​​ច្រើន​​ហៅ​ថា​កាថែល (cartel) បាន​សូម​ទោស​​រដ្ឋាភិបាល​អាមេរិក​ឡើង​ញ័រ​មាត់​​​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​ដែល​កាល​ពី​មុន​ធ្លាប់​តែ​ធ្វើ​ខ្លាំង​ដាក់​ម៉ិកស៊ីកូ​ដូច​គ្នា ប៉ុន្តែ​ថ្មី​ៗ​នេះ​ពួក​គេ​ជ្រុល​ដៃ​ប្រល័យ​​ជីវិត​ជន​ជាតិ​​​អាមេរិក​អស់​ប៉ុន្មាន​នាក់​។ ពេល​នេះ កាថែល​​កំពុងតែ​ដេក​ភ័យ​​ ​ខ្លាច​រដ្ឋាភិបាល​អាមេរិក​សង​សឹក​វិញ​…

ទី​ក្រុង​ម៉ិកស៊ីកូ​ស៊ីធី, ប្រទេស​ម៉ិកស៊ីកូ​៖ ឈ្មួញ​គ្រឿង​ញៀន​នៅម៉ិកស៊ីកូ ដែល​គេ​​ច្រើន​​ហៅ​ថា​កាថែល (cartel) បាន​សូម​ទោស​​រដ្ឋាភិបាល​អាមេរិក​ឡើង​ញ័រ​មាត់​​​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​ដែល​កាល​ពី​មុន​ធ្លាប់​តែ​ធ្វើ​ខ្លាំង​ដាក់​ម៉ិកស៊ីកូ​ដូច​គ្នា ប៉ុន្តែ​ថ្មី​ៗ​នេះ​ពួក​គេ​ជ្រុល​ដៃ​ប្រល័យ​​ជីវិត​ជន​ជាតិ​​​អាមេរិក​អស់​ប៉ុន្មាន​នាក់​។ ពេល​នេះ កាថែល​​កំពុងតែ​ដេក​ភ័យ​​ ​ខ្លាច​រដ្ឋាភិបាល​អាមេរិក​សង​សឹក​វិញ​ ហេង​ស៊យ​អស់​ទាំង​មុខ​របរ​រក​ស៊ី​របស់​ខ្លួន​ថែម​​​ទៀត​។

ជន​ជាតិ​អាមេរិក​២​នាក់​ដែល​ត្រូវ​ពួក​ឈ្មួញ​គ្រឿង​ញៀន​ម៉ិកស៊ីកូ​​បាញ់​សម្លាប់​ (រូប​ខាង​ឆ្វេង​ឈ្មោះវូដាត (Woodard), រី​ឯ​អ្នក​ខាង​ស្ដាំ​ឈ្មោះ​ប្រោន (Brown))

ដូច្នេះ ការ​ផ្ដាច់​ផ្ដិល​ជីវិត​ជនជាតិ​អាមេរិក​លើក​នេះ​គឺ​ខាត​ធ្ងន់​ណាស់​ ប្រៀប​បាន​នឹង​ការ​បោក​ឆ្នាំង​បាយ​ខ្លួន​ឯង​ចោល​ដូច្នេះ​ដែរ​។ ​ដើម្បី​ជា​ការ​ប៉ះប៉ូវ​ការ​ជ្រុល​ជ្រួស និង​​ដើម្បី​ជា​ការ​យក​ចិត្ត​យក​ថ្លើម​​រដ្ឋាភិបាល​អាមេរិក​,​ ​ពួក​កាថែល​​​សុខ​ចិត្ត​​​ប្រគល់​​បក្ស​ពួក​របស់​​ពួក​គេ​៥​នាក់​ ដែល​ពួក​គេ​អះអាង​ថា​ជា​ជន​ដៃ​ដល់​​នៅ​ក្នុង​អំពើ​​ចាប់​ពង្រត់​ជន​ជាតិ​​​អាមេរិកាំង​៤​នាក់​នៅ​​តំបន់​ព្រំ​ដែន​រវាង​ម៉ិកស៊ីកូ និង​សហរដ្ឋ​អាមេរិក​។

យោធា​ម៉ិកស៊ីកូបង្ក្រាប​គ្រឿង​ញៀន​

គេ​ដឹង​ថា​ពល​រដ្ឋ​អាមេរិក​២​នាក់ និង​ជនជាតិ​ម៉ិកស៊ីកូ​ម្នាក់​បាន​រង​ការ​បាញ់​ប្រហារ​ បណ្ដាល​ឱ្យ​ស្លាប់​ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រំ​ដែន​ម៉ិកស៊ីកូ​​​។​ ក្រោយ​មក គេ​ប្រទះ​ឃើញ​​​ពល​រដ្ឋ​អាមេរិកាំង​៤​នាក់​នៅ​ជាយ​ក្រុង។​​ នៅ​ក្នុង​ចំណោម​នោះ, ២នាក់​បាន​ផុត​ដង្ហើម​បាត់​ទៅ​ហើយ​។​​​​ យោង​តាម​ឯក​សារ​សម្ងាត់​របស់​រដ្ឋាភិបាល​ម៉ិកស៊ីកូ, ក្រុម​ដៃ​ដល់​នៅ​ក្នុង​អំពើ​កាប់​សម្លាប់​នេះ​គឺ​គ្មាន​នរណា​ក្រៅ​ពី​ក្រុម​​កាថែល​នៅ​តំបន់​ឈូង​សមុទ្រ​ ដែល​គេ​ច្រើន​ហៅ​ថា​ក្រុម​កាថែល​ហ្កាល់ (Gulf)។

យោធា​ម៉ិកស៊ីកូ​បង្ក្រាប​គ្រឿង​ញៀន​

ពួក​ឈ្មួញ​ប្រហែល​ជា​យល់​​ច្រឡំ ស្មាន​​​ថា​ជន​ជាតិ​អាមេរិក​ទាំង​នេះ​​​ចូល​រា​ត្បាត​​​តំបន់​របស់​ពួក​គេ។ ដូច្នេះ​ ​ទើប​​​ពួក​គេ​ហ៊ាន​ជ្រុល​ដៃ​ធ្វើ​ដល់​ថ្នាក់​នេះ​​។​ ​​កាថែល​មួយ​ក្រុម​ចេញ​មុខ​សូម​​អភ័យ​ទោស​​ចំពោះ​រឿង​នេះ​ និង​សុខ​ចិត្ត​ប្រគល់​ជន​ដៃ​ដល់​៥​នាក់​ដែល​ពួក​គេ​ចាប់​ចង​ដៃ​​ ហើយ​យក​ទៅ​ប្លុង​ចោល​ក្បែរ​ព្រំ​ដែន។ ពួក​គេ​ទុក​ឱ្យ​​​សមត្ថកិច្ច​អាមេរិក​ជា​អ្នក​សម្រេច​ទៅ​ចុះ​។ ចង់​​យក​អ្នក​ទាំង​៥​នេះ​​ទៅ​កាត់​ទោស ឬ​យក​ទៅ​ធ្វើ​អ្វី​ក៏​​ស្រេច​នឹង​ចិត្ត​។​

​ពួក​ឈ្មួញ​គ្រឿង​ញៀន​ម៉ិកស៊ីកូ​បាន​ចាប់​មនុស្ស​៥​នាក់​ដែល​ពួក​គេ​អះ​អាង​ថា​ជា​ជន​ដៃដល់​បាញ់​សម្លាប់​ពល​រដ្ឋ​អាមេរិក​។ ពួក​គេ​​ថែម​ទាំង​ប្លុង​​ចោល​​លិខិត​បណ្ដាំ​​មួយ​ច្បាប់​​​

​កាថែល​បាន​សរ​សេរ​សំបុត្រ​ផ្ដែ​ផ្ដាំ​មួយ​ច្បាប់​ និង​ប្លុង​ទុក​ចោល​នៅ​ជាប់​នឹង​​មនុស្ស​៥​នាក់​នោះ​​​។ ​ក្រុម​ប៉ូលិស​ស៊ើប​អង្កេត​មិន​ទាន់​ជឿជាក់​១០០%ទេ​​។ ​គេ​គិត​ថា​ហេង​ស៊យ​​អ្នក​ទាំង​៥​នាក់​នោះ​មិន​​មែន​ជា​ជន​ដៃ​ដល់​ផង​ក៏​មិន​ដឹង​​​។ ​ចំពោះ​ជន​រង​គ្រោះ​អាមេរិក​​ដែល​​​កាថែល​ធ្វើ​បាប​​​នោះ ២​នាក់​​​​​​​ស្លាប់​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក​។ រី​ឯ​២​នាក់​ទៀត​មិន​មាន​របួស​ស្នាម​ធ្ងន់​ធ្ងរ​​ដល់​ស្លាប់​ទេ​។ ពួក​គេ​​​​​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​អស់​ហើយ​​។

នៅ​ម៉ិកស៊ីកូ ការ​​ប្រើប្រាស់​​កម្លាំង​នគរបាល​ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ​។ ម៉្លោះហើយ រដ្ឋាភិបាល​ច្រើន​ប្រើ​ប្រាស់​កម្លាំង​យោធា​​​

សំណុំ​រឿង​ស្លាប់​​​​ជន​ជាតិ​អាមេរិក​ទាំង​២​នាក់​នេះ​ធ្វើ​ឱ្យ​អ្នក​នយោបាយ​អាមេរិក​ខ្លះ​ខឹង​សម្បារ​។ ជា​ពិសេស​ អ្នក​នយោបាយ​​របស់​បក្ស​សាធារណរដ្ឋ​ខ្លះ​ចង់​​ឱ្យ​រដ្ឋាភិបាល​​របស់​លោក​ចូបៃដិន​ប្រើ​ប្រាស់​ទាហាន​អាមេរិក​ និង​ប្រើ​ប្រាស់​​​ចំណាត់​ការ​យោធា​​ដើម្បី​វាយ​សង្គ្រប់​ និង​កម្ចាត់​កម្ចាយ​ពួក​ហ្នឹង​​​ឱ្យ​ណា​ណី​ម្ដង​។ ប៉ុន្តែ​ប្រធានា​ធិបតី​ម៉ិក​ស៊ី​កូ​​យល់​ថា​កុំ​ទាន់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ពេក​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ