ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំ​​ចំណតយាន​យន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យ​ឯកជន​ ឱ្យចូលរួមវិនិយោគ​ចំណតយានយន្ត​សាធារណៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអោយ​អាជ្ញាធររាជធានីភ្នំពេញ រៀបចំ​ឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យ​ឯកជន​ ឱ្យចូលរួមវិនិយោគអភិវឌ្ឍចំណតយានយន្តសាធារណៈ…

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអោយ​អាជ្ញាធររាជធានីភ្នំពេញ រៀបចំ​ឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យ​ឯកជន​ ឱ្យចូលរួមវិនិយោគអភិវឌ្ឍចំណតយានយន្តសាធារណៈ ដើម្បីកាត់បន្ថយ​ការចតយានយន្តតាមដងផ្លូវសាធារណៈ ហើយការសាងសង់សំណង់នានា របស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្ត ឱ្យបានគ្រប់គ្រាន់ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។


ការជំរុញបែបនេះរបស់សម្ដេចក្រឡាហោម បានធ្វើឡើង នៅរសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២៣ ខណៈសម្តេច អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ សុខា ភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា​ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តពុះពារ អនុវត្តឱ្យបានល្អ ក្នុងឆ្នាំ២០២៣ នេះ ពិសេសចូលរួមធ្វើយ៉ាងណា ឱ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ មានសុវត្ថិភាព និងការទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេម លើកទី១២ ឱ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។

ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានី​ភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ត្រូវខិតខំរួមគ្នា ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម​។ បង្កើនការផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យមានការយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការ រដ្ឋបាលនិងវិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។ ខិតខំរៀបចំផ្លាកផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមដងផ្លូវឱ្យមានសណ្តាប់-ធ្នាប់ល្អ ដោយផ្តល់អាទិភាពដល់ការរៀបចំភ្លើង និងផ្លាកសញ្ញាចរាចរណ៍។

សម្ដេចក្រឡាហោម ស ខេង បានជំរុញអោយកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាល បានសម្រេចអនុម័តនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដែលផ្ដោតសំខាន់ទៅលើការបែងចែកសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវ រវាងក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។

រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់ការវិនិយោគឯកជនធ្វើសកម្មភាពផលិតកម្ម អាជីវកម្មនានាស្រប តាមគោលការណ៍ច្បាប់។ ក្នុងនោះ ក៏ត្រូវជំរុញការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាពនិងឆ្លាតវៃ ដោយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ​។ បន្តយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ វាយតម្លៃ ដើម្បីផ្តល់ ការគាំទ្រនានាដល់យន្តការច្រកចេញចូលតែមួយ​គ្រប់ថ្នាក់​ឱ្យដំណើរការ ប្រកបដោយប្រសិទ្ធភាព សំដៅទទួលបានការគាំទ្រនិងជឿទុកចិត្តពី​ប្រជាពលរដ្ឋ។ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្ដឹង និងការទាមទារតវ៉ានានា​របស់ប្រជាពលរដ្ឋ​។ ត្រូវពង្រឹងការគ្រប់គ្រងមន្ដ្រីរាជការ បុគ្គលិកក្នុងការបំពេញការងារឱ្យបាន ត្រឹមត្រូវតាមពេលម៉ោងកំណត់​។ ត្រូវខិតខំធ្វើការ​បណ្តុះបណ្តាល​កសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់នៃរាជធានីភ្នំពេញ និងជំរុញលើកទឹកចិត្តមន្ត្រីឱ្យធ្វើការចូលរួមក្នុងការ អភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាព​ខាងព័ត៌មានវិទ្យា និងឌីជីថលដើម្បីឈោង ចាប់យកបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តការងារ​ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើងថា​ អង្គសន្និបាត ២ថ្ងៃនេះ បានប្រើប្រាស់វិធីសាស្ត្រ បែងចែកក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ ជាលទ្ធផល គឺបានប្ដេជ្ញាចិត្តរួមគ្នាពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាល​រាជធានីភ្នំពេញឆ្នាំ២០២៣​។ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាម ក្រោយការធ្វើកំណែទម្រង់ការគ្រប់គ្រងសំណល់រឹង-សំរាម នៅរាជធានីភ្នំពេញ ក្រុមហ៊ុនចំនួន ៣ បាននឹងកំពុងប្រតិបត្តិការសេវាប្រមូល សម្អាត និងដឹកជញ្ចូនសំរាម ដោយជាមធ្យម ក្រុមហ៊ុនប្រមូល​សំរាម-សំណល់រឹងបានប្រមាណ ៣.៣០០តោន ក្នុងមួយថ្ងៃ ធ្វើឱ្យរាជធានីភ្នំពេញ លែងមាន ការកកស្ទះសំរាមនៅតាមដងផ្លូវ និងរក្សាបានអនាម័យ-បរិស្ថានទីក្រុងស្អាត​។ អង្គសន្និបាត បានស្នើសុំពន្លឿនការរៀបចំរចនា សម្ព័ន្ធដឹកនាំ និងយន្តការការងាររបស់​រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង ជាមួយនឹងការពង្រឹងយន្តការ​គ្រប់គ្រងចំណូលពីវិស័យនេះ។ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​។ ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ បើទោះបីការដោះស្រាយនេះ មិនមែនជាការកាត់សេចក្តីចាញ់ឈ្នះក្តី ប៉ុន្តែ ជាការសម្រុះសម្រួលគូភាគីវិវាទ ដោយក្នុងឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ បានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសរុបចំនួន ១.៥៨៩ ករណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ