ជាតិ » សន្ដិសុខ​សង្គម

អាជ្ញាធរ​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​៥​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤

ដោយ ៖ យន់ ស៊ីថា    

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១៧:១៣   (14-09-2017 17:13)

រាជធានី​ភ្នំពេញ ៖ ហាង​ខារ៉ាអូខេ​ចំនួន​៥​ទីតាំង ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បិទ​លែង​ឲ្យ​ដំណើរការ​តទៅ​ទៀត កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​បង្ក​ភាព​អសន្តិសុខ​ដេញ​វៃ​តប់​គ្នា​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ព្រោះតែ​ទំនាស់​ក្នុង​ការ​ដណ្ដើម​ម៉ូយ​គ្នា កាលពី​វេលា​យប់​រួច​មក ដែល​បាន​បង្ក​ការ​រំខាន និង​ភ័យ​ខ្លាច ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជិត​នោះ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ផង​ដែរ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បិទ​ខា​រ៉ា​អូរ​ខេ​ទាំង​៥​ទីតាំង​នោះ ដោយសារ​តែ​ពួក​គេ​មិន​បាន​គោរព​តាម​ការ​ណែនាំ របស់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ដោយ​បាន​បង្កទំនាស់​ដេញ​វាយតប់​គ្នា យ៉ាង​ប្រសេចប្រសាច​តាម​ដងផ្លូវ ព្រោះតែ​ការ​ដណ្ដើម​ម៉ូយ​គ្នា ។ ដែល​កន្លង​មក​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្លាប់​បាន​អញ្ជើញ​ម្ចាស់​ហាង​ទាំងនោះ​ទៅ​ប្រជុំ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ មាន​ទាំង​ការ​ឲ្យ​ធ្វើ​កិច្ចសន្យា​រក្សា​សណ្ដាប់ធ្នាប់ ហាម​មិន​ឲ្យ​ឈ្លោះ​គ្នា និង​ចាប់​ម៉ូយ​តាម​ផ្លូវ ជា​ពិសេស​ដណ្ដើម​ម៉ូយ​គ្នា​ទេ ប៉ុន្តែ​ពួក​គេ​ហាក់​មិន​គោរព​តាម​ទាល់តែ​សោះ មាន​តែ​ភាព​ផ្គើន​ថែម​ទៀត ដូច្នេះ​មាន​តែ​បិទ​ឈប់​ឲ្យ​រកស៊ី​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ ក្រុម​អ្នក​ចាប់​ម៉ូយ​ហាង​ខា​រ៉ា​អូរ​ខេ​ទាំង​៥​ខាងលើ ដែល​មាន​ម្ចាស់​ហាង​ជា​ខ្នងបង្អែក​រៀង​ៗ​ខ្លួន​នោះ បាន​មាន​ទំនាស់​វាយតប់​គ្នា​កើតឡើង យ៉ាង​អាណា​ធិ​ប​តេ​យ្យ​បំផុត ដោយសារ​តែ​ការ​ដណ្ដើម​ម៉ូយ​គ្នា ពួក​គេ​បាន​ដេញ​វាយតប់​គ្នា​យ៉ាង​ប្រសេចប្រសាច គប់​ដុំ​ថ្ម និង​ដប​ស្រា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​រឿង​កាប់​ចាក់​នៅ​ក្នុង​ខ្សែភាពយន្ត​ចិន​ហុងកុង ។ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ដេក​ពួន​មិន​បាន ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា​ផង​ដែរ បន្ទាប់​ពី​មាន​បញ្ហា​បែប​នេះ កម្លាំង​បាន​ចេញ​ទៅ​អន្តរាគមន៍​ទាំង​យប់ ប៉ុន្តែ​ពួក​នោះ​បាន​គេចខ្លួន​បាត់​អស់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដឹកនាំ​ដោយ​មន្ត្រី​សាលា​ខណ្ឌ​ចុះ​ទៅ​បិទ​ជា​បណ្ដោះអាសន្ន ហើយ​មិន​ទាន់​ដឹង​ថា ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​នៅ​ពេល​ណា​នោះ​ឡើយ មិនតែប៉ុណ្ណោះ​បាន​ឲ្យ​ម្ចាស់​ហាង​ទាំងនោះ​ចូលខ្លួន​ដោះស្រាយ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទីតាំង​ខា​រ៉ា​អ​រូ​ខេ​ទាំងនោះ ពិតជា​បាន​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ បង្ក​ការ​ភ័យ​ខ្លាច និង​រំខាន​ពួក​គាត់​រាល់​យប់ ហើយ​ក៏​សង្ស័យ​ថា​មាន​បង្កប់​ការ​បម្រើសេវា​ផ្លូវភេទ ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​នោះ​ថែម​ទៀត​ផង ព្រោះ​អ្នក​ចូល​ទៅ​កាន់​ទីនោះ​ភាគច្រើន​សុទ្ធតែ​ក្មេង​ស្ទាវ ហើយ​យប់​ជ្រៅ​ទើប​សម្បូរ​អ្នក​ចូល​ទៅ មិនតែប៉ុណ្ណោះ​ដោយសារ​តែ​ការ​វាយតប់​គ្នា​ក្នុង​ការ​ដណ្ដើម​ម៉ូយ​កើតឡើង​បែប​នេះ កន្លង​មក​អាជ្ញាធរ​បាន​ចុះ​បិទ​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​មិនយូរ​ទេ ឃើញ​បើក​ដំណើរការ​វិញ​ហើយ មិនដឹង​ថា​យ៉ាងម៉េច​នោះ​ឡើយ ដោយសារ​តែ​បើក​ហើយ​បិទ​ៗ បែប​នេះ​ទើប​ពួក​គេ​បានចិត្ត​មិន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យរ​ហូត​បែប​នេះ ហើយ​ពួក​គាត់​ក៏​រង់ចាំ​មើល​ថា​ពេល​នេះ តើ​បិទ​បាន​ប៉ុន្មាន​ថ្ងៃ​បើក​វិញទៀត ៕