សុខភាព » សុខភាព

សញ្ញា​ជា​ច្រើន​នៃ​ជំងឺ​បាក់​ទឹក​ដែល​អ្នក​គួរតែ​ដឹង

ដោយ ៖ យុំា កំលិញ   

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ២១:៣០   (14-09-2017 21:30)

សព្វ​ថ្ងៃនេះ យើង​តែង​លឺ​ថា​ក្មេង​វ័យ​ជំទង់ និង​អាយុ​ជាង​២០​ឆ្នាំ​ធ្វើ​អត្តឃាត​ខ្លួនឯង ។ វា​អាច​ទៅ​រួច​ដែល​ថា ក្មេង​ៗ​ធ្វើ​អត្តឃាត​អាច​នឹង​កើត​ជំងឺ​បាក់ទឹកចិត្ត​យូរ​មក​ហើយ​មុន​នឹង​សម្រេចចិត្ត​បញ្ចប់ជីវិត ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ មិត្តភក្តិ យើង​គួរ​ប្រុង​ប្រយ័ត្ន​ដើម្បី​អាច​ជួយ​អ្នកជំងឺ​ដែល​មាន​ជំងឺ​នេះ ។

ជំហាន​ដំបូង​ក្នុង​ការ​ជួយ​កូន​របស់​អ្នកប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត​គឺ​ការ​ស្គាល់​សញ្ញា​នៃ​ជំងឺ​នេះ និង​ព្យាយាម​ជួយ​ពួក​គេ ។
សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ចំពោះ​វ័យ​ជំទង់​ដែល​ឪពុក​ម្តាយ​គ្រប់​រូប​គួរ​ប្រយ័ត្ន ។

១-​លែង​ចាប់អារម្មណ៍​ទៅ​លើ​សកម្មភាព​ដែល​នាង ឬ​ខ្លួន​ពេញចិត្ត
នេះ​គឺជា​សញ្ញា​ច្បាស់លាស់​ដំបូង​ដែល​យុវវ័យ​មាន​ជំងឺ​បាក់ទឹកចិត្ត​មាន ។ ការ​លែង​ចាប់អារម្មណ៍​ចំពោះ​សកម្មភាព​ណា​ដែល​ធ្លាប់​ចូល​ចិត ្ត​គឺ​ដូច​ជា​សញ្ញា​ប្រកាស​អាសន្ន​ពី​ជំងឺ​នេះ ។

២-​ផ្លាស់​ប្តូរ​លំនាំ​នៃ​ការ​គេង
ការ​គេង​ច្រើន​ពេក ឬ​តិច​ពេក​អាច​ជា​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ចំពោះ​មនុស្ស​វ័យ​ជំទង់​ផង​ដែរ​។ កត្តា​ដទៃ​ទៀត​ដែល​ឪពុក​ម្តាយ​គួរ​កត់សម្គាល់​រួម​ជាមួយ​ការ​គេង​ផ្លាស់​ប្តូរ​លំនាំ​នៃ​ការ​គេង​គឺថា​តើ​កុមារ​អាច​សម្រប​ខ្លួន​ទៅ​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​ដែរ ឬទេ ។ ប្រសិនបើ​ការ​គេង​ច្រើន ឬ​តិច​ពេក​ធ្វើ​ឱ្យ​គាត់​ពិបាក​គ្រប់គ្រង​សកម្មភាព​ពេញ​មួយ​ថ្ងៃ​របស់​គាត់ វា​អាច​បង្ហាញ​ពី​ជំងឺ​បាក់ទឹកចិត្ត ។

៣-​កង្វះ​ការ​ទាក់ទង​សង្គម
ប្រសិនបើ​កូន​របស់​អ្នកជា​មនុស្ស​ស្ងៀមស្ងាត់​តាំងពី​ដើម វា​មិន​មាន​បញ្ហា​ទេ ។ ទោះជា​យ៉ាងណា​ក្តី ប្រសិនបើ​កូន​របស់​អ្នកជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​ជា​ក្មេង​ដែល​ចូល​ចិត្ត​មានការ​ទាក់ទង​សង្គម តែ​ចាប់ផ្តើម​ក្លាយជា​ក្មេង​ស្ងប់ស្ងាត់​ទៅ​វិញ វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​បាក់ទឹកចិត្ត​ដែល​កូន​របស់​អ្នក​កំពុង​រង​គ្រោះ ។

៤-​និយាយ​ពី​រឿង​ធ្វើ​អត្តឃាត
ក្មេង​ដែល​មាន​សុខភាព​ល្អ​នឹង​មិន​និយាយ​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​ទេ ។ ប៉ុន្តែ​ប្រសិនបើ​កូន​របស់​អ្នក​សួរ​ច្រើន​ទាក់ទង​នឹង​ការ​ធ្វើ​អត្តឃាត ចាប់ផ្តើម​ស្វែងរក​ប្រធានបទ​នេះ​តាម​អីុ​ន​ធើ​រ​ណេ​ត​អាន​អត្ថបទ​ដែល​សរសេរ​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង អ្នក​មិន​គួរ​មិន​អើពើ​ទេ ។ សូម​ពិភាក្សា​ជាមួយ​កូន​របស់​អ្នក​អំពី​មូលហេតុ​នៃ​ការ​ស្វែងរក​ប្រធានបទ​ប្រភេទ​នេះ ។ ប្រសិនបើ​អ្នក​បរាជ័យ​ក្នុង​ការ​សួ​រក​នូវ​មូលហេតុ​ទាក់ទង​នឹង​បញ្ហា​នេះ សូម​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ឱ្យ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

៥-​ផ្លាស់​ប្តូរ​ទម្លាប់​បរិភោគ​អាហារ
ទម្លាប់​នៃ​ការ​បរិភោគ​អាហារ​ភាគច្រើន​ទាក់ទង​នឹង​ស្ថានភាព​ផ្លូវចិត្ត​របស់​មនុស្ស ។ ស្របគ្នា​នេះ​ដែរ វា​ក៏​ដូច​គ្នា​សម្រាប់​ក្មេង​ជំទង់​ផង​ដែរ ។ ដូច្នេះ​ប្រសិនបើ​កូន​របស់​អ្នក​បរិភោគ​ច្រើន ឬ​តិច​ពេក អ្នក​គួរតែ​ចាប់ផ្តើម​ពិចារណា​អំពី​រឿង​នេះ ។ ការ​ផ្លាស់​ប្តូរ​ចំណង់​អាហារ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​បង្ហាញ​ថា​ផ្លូវចិត្ត និង​រាង​កាយ​បាន​បាត់បង់​សមតុល្យ​ដោយសារ​មូលហេតុ​មួយ​ចំនួន ៕