កីឡា » កីឡាជាតិ

ជឿ​ឬ​មិន​ជឿ? ​អ្នក​និយម​ជិះ​កង់​ហាត់ប្រាណ​​ហ៊ាន​ទិញ​កង់​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​

ដោយ ៖ ផាត់ តារារដ្ឋ   

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ២១:០០   (14-09-2017 21:00)

រាជធានី​ភ្នំពេញ ៖ នៅ​ប្រទេស​កម្ពុជាគេ​កត់សម្គាល់​ឃើញ​កីឡា​មួយ​ប្រភេទ​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​ហាត់ប្រាណ​ដើម្បី​សុខភាព និង​ដើម្បី​កម្សាន្ត​ផង​ដែរ ។ នោះ​គឺ​ការ​ជិះ​កង់​ជា​ក្រុម​ដែល​កីឡាមួយ​នេះ​មិនមែន​អ្នក​អាជីព​មក​ប្រឡូក​នោះ​ទេ ភាគច្រើន​ជា​អ្នក​ចូល​ចិត្ត​ហាត់ប្រាណ​ដោយប្រើ​កង់​ជា​មធ្យោបាយ​ដែល​កង់​ខ្លះ​មាន​តម្លៃ​រហូត​ដល់​ខ្ទង់​មឿ​ន​ដុល្លារ​ក៏​មាន​ដែរ ។

យោង​តាម​អ្នកជំនាញ​បាន​អះអាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ្បិតថា​មាន​កីឡា​ជិះ​កង់​ប្រចាំ​នៅ​ក្នុង​សហព័ន្ធ​ក៏​ដោយ ប៉ុន្តែ​ជាក់ស្ដែង​អ្នក​និយម​ជិះ​កង់​ជា​ក្រុម​ពិតប្រាកដ​មិន មែន​ជា​កីឡាករ​អាជីព​នោះ​ទេ គឺ​ភាគច្រើន​ជា​អ្នក​ចូល​ចិត្ត​លេង​កង់ និង​ចូល​ចិត្ត​ជិះ​កង់​ជា​ការ​ហាត់ប្រាណ​តែ​ម្ដង ។ មានការ​បញ្ជាក់​ថា ពី​ដំបូង​ពួក​អ្នក​ជិះ​កង់​ធម្មតា​គ្រាន់តែ​ប្រមូល ផ្ដុំ​គ្នា​ជិះ​លេង​ជុំ​គ្នា​ជា​ការ​ហាត់ប្រាណ​ប៉ុណ្ណោះ ប៉ុន្តែ​ដល់​យូរ​ទៅ​ៗ​អ្នកខ្លះ​ចាប់ផ្ដើម​លេង​កង់ ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​ដែល​គេ​គិត​ថា​ងាយស្រួល​ធាក់​លឿន​ផង និង​ដើម្បី​បង្អួត​កង់​ប្រភេទ ​ប្រេ​ន​ៗ​ដាក់​គ្នា​ផង ។ ប្រភេទ​កង់​ដែល​ពួក​គេ​ជិះ​មាន​តម្លៃ​ចាប់ពី​៥០០​ដុល្លារ​រហូត​ដល់​ជាង​១​ម៉ឺន​ដុល្លារ​ក៏​មាន ខណៈ​អ្នក​និយម​ជិះ​កង់​ភាគច្រើន​ត្រូវ​ចំណាយ​ជាង​១​ពាន់​ដុល្លារ​ទៅ​ជាង​៣​ពាន់​ដុល្លារ ទើប​ទទួល​បាន​កង់​ដែល​អាច​ជិះ​ស្រួល​ទាំង​ជិះ​កម្សាន្ត ទាំងជិះ​ប្រណាំង​ជា​លក្ខណៈ​មិត្តភាព​ជាដើម ។ មក​ទល់​សព្វថ្ងៃ អ្នក​និយម​ជិះ​កង់​បែប​នេះ​មាន​ចំនួន​កាន់តែ​ច្រើន​ចាប់ពី​អាយុ​២០​ឆ្នាំ​រហូត​ដល់​៨០​ឆ្នាំ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ផង​ដែរ ខណៈ​អ្នក​និយម​ជិះ​កង់ និង​លេង​កង់​ទាំងនោះ​គឺ​សុទ្ធសឹងតែ​ជា​អ្នកធ្វើការ មិនមែន​ជា​អ្នក​ចង់​ក្លាយជា​កីឡាករ​អាជីព​នោះ​ទេ ។ អ្នក​ជិះ​កង់​សព្វថ្ងៃ​ត្រូវ​គេ​ឃើញ​មាន​ច្រើន​ក្រុម និង​មាន​ចំនួន​មិន​តិច​ជាង​១០​នាក់​ទេ​ក្នុង​ការ​ជួបជុំ​គ្នា​ម្ដង​ៗ ដោយ​ភាគច្រើន​ពួក​គេ​ប្រមូលផ្ដុំ​គ្នា​នៅ​ម្ដុំ​ជ្រោយចង្វា ខ្លះ​នៅ​ម្ដុំ​វិមាន​ឯករាជ្យ និង​ម្ដុំ​វត្ត​ភ្នំ​ជាដើម ហើយ​ចែក​ជើង​គ្នា​ជិះ​ទៅ​កាន់​ទិស​ដោយឡែក​ពី​គ្នា​អាស្រ័យ​ទៅ​តាម​ពេល​វេលា​ជាក់ស្ដែង ដើម្បី​បាន​ត្រឡប់​មក​ផ្ទះ​វិញ​រៀបចំ​ទៅ​ធ្វើការ​រៀងខ្លួន ដោយ​មិនមែន​ជិះ​កង់​ហើយ​ខក​ម៉ោង​ធ្វើការ ឬ​ជិះ​មួយ​ថ្ងៃ​ខាន​មួយ​អាទិត្យ​នោះ​ទេ ។

លោក លី ម៉េ​ង​ហួរ ដែល​ជា​អ្នកជំនាញ​ជិះ​កង់​មួយ​រូប និង​មាន​ទម្លាប់​ជិះ​កង់​ជា​ក្រុម​ធំ​ៗ​ស្ទើរ​រៀង​រាល់​ព្រឹក​បាន​អះអាង​ថា លោក​គឺជា​អ្នក​ដែល​ស្រឡាញ់​សកម្មភាព​ជិះ​កង់​បំផុត ដោយ​ក្រៅពី​មាន​ទម្លាប់​ជិះ​កង់​ជា​ប្រចាំ​រាល់​ព្រឹក លោក​ក៏​ជា​អ្នក​និយម​លេង​កង់​មួយ​រូប​ផង​ដែរ បន្ទាប់​ពី​លោក​បាន​ចូល​ក្នុង​ក្រុម​ជិះ​កង់ ហើយ​រមែង​ជួបជុំ​គ្នា​ជិះ​កង់​ជា​ប្រចាំ ។

លោក​ថា អ្នក​និយម​ជិះ​កង់​ហាត់ប្រាណ​មាន​ច្រើន​ក្រុម​ណាស់ មិន​អាច​ដឹង​ច្បាស់​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ដោយ​ភាគច្រើន​គេ​ចងក្រង​គ្នា​ជា​ក្រុម​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ហើយ​ទំនាក់​ទំនង​គ្នា​ជា​ប្រចាំ​ដើម្បី​ជុំ​គ្នា​ពេល​ណា ម៉ោង​ណា ទីណា ហើយ​សំដៅ​ទៅ​កន្លែង​ណា ។ លោក​​ថា ក្រុម​លោក​ទម្លាប់​ជុំ​គ្នា​នៅ​ម៉ោង​៤​ទៀប​ភ្លឺ នៅ​ម្ដុំ​វិមាន​ឯករាជ្យ ហើយ​ដាក់​ទិស​ដៅ​ជិះ​ទៅ​កាំ​កូ​ស៊ី​ធី ទៅ​ហួស​ជ្រោយចង្វា ទៅ​ផ្លូវ​៦០​ម៉ែត្រ ជួនកាល​ជិះ​ទៅ​តា​ខ្មៅ កោះ​ដាច់ និង​អរិយ​ក្សត្រ​ដោយ​ឆ្លង​ដ ហើយ​បើ​ការ​ជួបជុំ​ត្រូវ​ចំ​ថ្ងៃ​សម្រាក គឺ​ជិះ​ដល់​កំពង់ស្ពឺ ភ្នំ​បាសិត ភ្នំ​ឧដុង្គ ឬ​ដល់​ភ្នំ​តា​ម៉ៅ​ជាដើម ។ លោក​ថា ក្នុង​ក្រុម​គឺ​មាន​អ្នក​ជិះ​កង់​ច្រើន​ជាង​១០​នាក់ ដោយ​ក្នុង​ចំណោម​អ្នក​ជិះ​កង់​ទាំងនោះ​សុទ្ធតែ​មាន​កង់​ប្រភេទ​ថ្លៃ​ៗ​មិន​ដូច​គ្នា​ទាំងអស់​ទេ ប៉ុន្តែ​ពួក​គេ​ប្រើ​កង់​តែ​២​ប្រភេទ​ប៉ុណ្ណោះ គឺ​ប្រភេទ​កង់​គួ​ក​ដែល​មាន​ដៃ​កោង​ដូច​ស្នែងក្របី​ចុះ​ក្រោម​ប្រើ​សម្រាប់​ជិះ​លើ​ដី​រាប និង​ប្រភេទ​ដៃត្រង់​ប្រើ​សម្រាប់​ជិះ​ឡើង​ទួល ឬ​ឡើង​ភ្នំ ។ ជា​ទូទៅ​អ្នក​និយម​ជិះ​កង់​ប្រើប្រាស់​កង់​នាំ​ចូល​ពី​តៃវ៉ាន់ ដោយ​កង់​ទាំងនោះ​មាន​តែ​២​ម៉ាក​ប៉ុណ្ណោះ​ត្រូវ​គេ​និយម​ប្រើ​គឺ​កង់​ម៉ាក V និង​កង់​ម៉ាក Cannondale ដែល​មាន​តម្លៃ​ខ្ពស់​ទាប​មិន​ស្មើគ្នា និង​ជា​កង់​ដែល​គេ​អាច​ទិញ​បាន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ផ្ទាល់​តែ​ម្ដង ។

លោក​ថា កង់​ដែល​មាន​តម្លៃ​កាន់តែ​ថ្លៃ​នឹង​មាន​តួ​កាន់តែ​ស្រាល កាន់តែ​មាំ ហើយ​ល្បឿន​កាន់តែ​លឿន ដោយ​កង់​ដែល​មាន​លក្ខណៈ​បែប​នេះ គឺ​មាន​តម្លៃ​ចាប់ពី​៥​ពាន់​ដុល្លារ​រហូត​ដល់​ជាង​១​ម៉ឺន​ដុល្លារ ។ លោក​ថា ភាគច្រើន​អ្នក​ចូល​ចិត្ត​ជិះ​កង់ គឺ​មាន​ទម្លាប់​ជុំ​គ្នា​រាល់​ព្រឹក​​ដោយ​ខាន​តែ​ពេល​រវល់​ខ្លាំង ឬ​មានការ​ត្រូវ​ចេញ​ទៅ​ខេត្ត​ប៉ុណ្ណោះ ហើយ​របៀប​នៃ​ការ​ជិះ​កង់​ក៏​មាន​លក្ខណៈ​បែបផែន​របស់​វា​ដែរ សម្រាប់​អ្នក​ទើប​ជិះ​ថ្មី​ៗ និង​ជិះ​យូរ​ឆ្នាំ ទើប​សកម្មភាព​នេះ​ផ្ដល់​ប្រយោជន៍​ពេញលេញ​ដល់​ផ្នែក​សុខភាព​។

លោក​ថា អ្នក​ជិះ​កង់​ជា​ប្រចាំ នឹង​ជួយ​ឱ្យ​ចលនា​បេះដូង​ដើរ​ស្រួល បែកញើស​ស្រួល ហើយ​​ក៏​មាន​អារម្មណ៍​ស្រស់ស្រាយ​ផង​ដែរ​ជា​ពិសេស​ពេល​ឃើញ​ទេសភាព និង​ឃើញ​អ្នកចូលរួម​ជិះ​កុះករ​ជុំ​គ្នា ។ អ្នក​ជិះ​កង់​ទាំងនេះ​តែង​កំណត់​ពេល​ចេញដំណើរ​ពី​ទីតាំង​ជួប​គ្នា​នៅ​ម៉ោង​៤​ទៀប​ភ្លឺ ឬ​ម៉ោង​៦​ព្រឹក​យ៉ាង​យូរ ហើយ​ម៉ោង​៧​ព្រឹក​ត្រូវ​មក​ដល់ទី​តាំង​ដើម​វិញ​ដើម្បី​ទៅ​ធ្វើការ​ឱ្យទាន់​ពេលវេលា​កុំឱ្យ​ខកខាន ។ លោក​ថា រយៈពេល​ជាង​មួយ​ឆ្នាំ​ក្រោយ​ការ​ប្រឡូក​ជិះ​កង់ លោក​មាន​អារម្មណ៍​ថា​ញៀន ហើយ​ឱ្យ​តែ​ខាន​ជិះ​កង់​មួយ​ថ្ងៃ​ឬ​ដល់​មួយ​អាទិត្យ​ដឹង​តែ​ហេងហាង​ក្នុង​ខ្លួន​ហើយ ទើប​ទាំង​លោក និង​អ្នក​ជិះ​កង់​ភាគច្រើន​កម្រ​បាត់​មុខ ដោយ​បាន​ទាំង​ចាត់​ទុក​ថា សកម្មភាព​ជិះ​កង់​ជា​ការងារ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នោះ​ផង ។ លោក​ថា អ្នក​ជិះ​កង់​ភាគច្រើន​មិន​មាន​សមាគម​អ្វី​នោះ​ទេ ប៉ុន្តែ​មាន​ជា​ក្រុម​តូច​ធំ​ដោយ​ក្នុង​ក្រុម​នីមួយ​ៗ​ក៏​មាន​មេក្រុម​ម្នាក់​ដែល​ជា​អ្នក​សម្របសម្រួល​និង​ជា​អ្នក​កៀរគរ​ក្នុង​ការ​ជិះ​កង់ ។ លោក​ថា អ្នក​ជិះ​កង់​ភាគច្រើន​រមែង​ជុំ​គ្នា​ប្រណាំង​គ្នា​យក​កង់​ដែល​មាន​តម្លៃ​ថ្លៃ​រៀង​រាល់​២​ទៅ​៣​ខែ​ម្ដង ក្រោម​ការ​រៀបចំ​របស់​ម្ចាស់​ហាង​លក់​កង់​ដើម្បី​ជា​ការ​បំផុស​ពី​សកម្មភាព​ជិះ​កង់​នេះ​ផង និង​ដើម្បី​ឱ្យ​កង់​របស់​គេ​ដែល​គេ​បាន​នាំ​ចូល​កាន់តែ​មានការ​ពេញ​និយម​នោះ​ផង ។ យ៉ាងណាមិញ ដើម្បី​អាច​ចូលរួម​ប្រណាំង​កង់​បាន​គឺ​អ្នកចូលរួម​ត្រូវ​បង់​ម្នាក់​១៥​ដុល្លារ​ដើម្បី​ឱ្យ​អ្នក​រៀបចំ​កម្មវិធី​រៀបចំ​បាយ​ទឹក​ទទួល និង​ចាត់ចែង​ការងារ​ផ្សេង​ៗ​ទៀត ខណៈ​ដែល​រង្វាន់​ជា​កង់​ដែល​ផ្ដល់​ឱ្យ​អ្នក​ឈ្នះ​គឺជា​ការ​រៀបចំ​របស់​ម្ចាស់​ហាង​លក់​កង់​ធំ​ៗ​នៅ​កម្ពុជា ។ ការ​ប្រណាំង​កង់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ម្ដុំ​ភ្នំ​ឧត្ដុង្គ ភ្នំ​បាសិត ឬ​ទីរួមខេត្ត​កំពង់ស្ពឺ​ដោយ​ការ​រៀបចំ​ម្ដង​ៗ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ដោយ​មាន​ទាំង​អ្នកលេង​កង់​មក​ពី​បណ្ដា​ខេត្ត​នានា​ផង​ដែរ ។

មក​ទល់​ពេល​នេះ លោកថា អ្នក​ជិះ​កង់​គេ​និយម​ប្រើ​កង់​ប្រភេទ​កង់​គួ​ក​ច្រើន​ជាងកង់​ដៃត្រង់ ដោយសារ​តែ​ការ​ជិះ​លេង​ភាគច្រើន​លើ​ផ្ទៃរាប ហើយ​ជា​ការ​ជិះ​ក្នុង​រយៈ​ចម្ងាយ​នៅ​ជិត​ក្រុង​ៗ​មិនមែន​ជា​ការ​ជិះ​ឡើង​ភ្នំ ។ ប៉ុន្តែ​យូរ​ៗ​ម្ដង​អ្នក​ជិះ​កង់​ទាំងអស់​ក៏​ត្រូវ​ស្វែងរក​កង់​ដៃត្រង់​ដើម្បី​ជិះ​ឡើង​ភ្នំ​បូកគោ និង​ជិះ​ឡើង​ទួល​ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា រាល់​កង់​ដៃត្រង់​ដែល​គេ​និយម​ហៅ​ថា​កង់​ភ្នំ​គឺ​មាន​បូម​ដូច​គ្នា​នឹង​ម៉ូតូ​ដែរ ហើយ​កង់​ដែល​មាន​តម្លៃ​កាន់តែ​ថ្លៃ​កាន់តែ​ធាក់​ធូរ និង​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ជិះ​ឡើង​ទួល ឬ​ជិះ​ចុះ​ចំណោត​។ ជា​ទូទៅ​កង់​ដែល​លោក​រៀបរាប់​គឺ​មាន​ល្បឿន​ចាប់ពី​២០​ដល់​៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អ៊ីចឹង​ហើយ​ទើប​អ្នក​និយម​ជិះ​កង់​ប្រើ​ពេល​តែ​មួយ​ម៉ោង​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៧​ព្រឹក តែ​អាច​ជិះ​ពី​វិមាន​ឯករាជ្យ​ទៅ​ផ្លូវ​៦០​ម៉ែត្រ ឬ​ទៅ​កាំ​កូ​ស៊ី​ធី​ហើយ​មក​ដល់ទី​តាំង​ដើម​វិញ​ដោយ​មិន​ប៉ះពាល់​នឹង​ម៉ោង​ធ្វើការ ។ លោក​ថា អ្នក​ជិះ​កង់​ភាគច្រើន​មិនមែន​ជា​អ្នក​ជិះ​កង់​អាជីព​ទេ​ដោយ​ភាគច្រើន​គឺជា​អ្នកធ្វើការ​ដែល​មាន​ចម្រុះ​ទាំង​ក្នុង​វិស័យ​ឯកជន និង​រដ្ឋ ហើយ​ត្រូវ​ចូល​ធ្វើការ​នៅ​វេលា​ម៉ោង​៨​ព្រឹក ទើប​អ្នក​ជុំ​គ្នា​ជិះ​កង់​ទាំងនេះ​ជិះ​បាន​ឆ្ងាយ​ៗ​តែ​ចំ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​មិន​ធ្វើការ​។

លោក​នៅ​តែ​អះអាង​ថា អ្នក​និយម​ជិះ​កង់​នៅ​កម្ពុជា​អត់​មានការ​ថយ​ចុះ​នោះ​ទេ បើ​ទោះជា​គ្មាន​ស្ថិតិ​ច្បាស់លាស់​យ៉ាងណា​ក៏​ដោយ ។ នោះ​គឺ​ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​មាន​អ្នក​ជិះ​កង់​ជុំ​គ្នា​ច្រើន​ៗ​មិន​ដែល​ដាច់ ហើយ​ឱ្យ​តែ​មានការ​ប្រកួត​រៀបចំ​ម្ដង​ៗ គឺ​មាន​អ្នកចូលរួម​ប្រណាំង​និង​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ធ្វើ​ឱ្យ​លោក​មើលឃើញ​ពី​ចំនួន​កើនឡើង ។

មិន​ខុស​ពី​ការ​អះអាង​របស់​លោក លី ម៉េ​ងហួរ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​សារព័ត៌មាន​ល្បីឈ្មោះ​មួយ​រូប​ផង ក្រុម​អ្នក​ជិះ​កង់​ផ្សេងទៀត​ក៏​បាន​អះអាង​ស្រ​ដៀង​គ្នា​ថា ចំនួន​អ្នក​ជិះ​កង់​ហាត់ប្រាណ​និង​កម្សាន្ត​ពិតជា​មានការ​កើនឡើង​មែនហើយ បន្ទាប់​ពី​មានការ​យល់​ដឹង​ពី​ការ​ហាត់ប្រាណ​ថែទាំ​សុខភាព​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ច្រើន ។

យ៉ាងណាមិញ មានការ​អះអាង​ថា អ្នក​និយម​លេង​កង់​ដែល​មាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​មាន​មិន​ច្រើន​នោះ​ទេ គឺ​ភាគច្រើន​ហ៊ាន​ទិញ​ត្រឹមតែ​តម្លៃ​៥​ពាន់​ដុល្លារ​ចុះ​ក្រោម​ប៉ុណ្ណោះ បើ​ទោះជា​បានដឹង​ថា អត្ថប្រយោជន៍​របស់​កង់​ថ្លៃ និង​កង់​ថោក គឺ​មិន​ដូច​គ្នា​ក្ដី ៕