ជាតិ » សន្ដិសុខ​សង្គម

ឃាត់ខ្លួន​ជនសង្ស័យ​ថៃ​២​នាក់ ពី​បទ​ប្រើប្រាស់ និង​រក្សា​ទុក​ថ្នាំ​ញៀន

ដោយ ៖ ម៉ុត សារុន    

ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១៩:៥៧   (12-09-2017 19:57)

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​ជា​ជនជាតិ​ថៃ​២​នាក់ ត្រូវ​បាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​បឹង​សាគូ សហ​ការណ៍​ជាមួយ​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ២០១៧ នៅ​មាត់​អូរ​ព្រំដែន​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ពី​បទ រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​។ ជនសង្ស័យ​ទាំង​២ ម្នាក់​ឈ្មោះ ស៊ុត ទិ​ភុង​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​(​អ្នករក្សា​ទុក​) និង​ម្នាក់​ឈ្មោះ ណា​ង សៅ​ឆេ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ​(​អ្នក​ប្រើប្រាស់​)​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ទាំង​២​ខាងលើ សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​២​កូន​ថង់​តូច ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក wy១​គ្រាប់ និង​ឧបករណ៍​សេព​មួយ​ចំនួន​។

តាម​លោក​អនុសេនីយ៍ឯក រស់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​បឹង​សាគូ នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប្រាប់​ថា ជនសង្ស័យ​ទាំង​២​ចូល​មក​កម្ពុជា​លេងល្បែង​តាម​កាស៊ីណូ​ដោយ​ប្រើប្រាស់​ប័ន​ឆ្លង​ដែន (Border pass)​។ នាយ​ប៉ុស្តិ៍​រូប​នេះ​បន្ត​ថា ជនសង្ស័យ​បាន​ផ្ញើ​កាបូប​ខោអាវ​ជាមួយ​បុរស​ចំណាស់​ជា​ជនជាតិ​ថៃ​ម្នាក់​ដែល​ស្នាក់​នៅ​ចំណុច​កើតហេតុ ដោយ​មានកា​សង្ស័យ​ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​លុះ​ឃាត់​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ទាំងអស់​ខាងលើ​តែ​ម្តង​។ លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា យោង​ការ​សួរនាំ និង​ឆែកឆេរ​ជាក់ស្តែង​ជនសង្ស័យ​ទី​១​ជាប់ចោទ​ពី​បទ​រក្សា​ទុក​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់ រីឯ​ជនសង្ស័យ​ទី​២​ជាប់ចោទ​ប្រើប្រាស់​។ លោក​អធិការ​បន្ត​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ​ជនសង្ស័យ​ទាំង​២ និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​នៅ​ថ្ងៃស្អែក​៕