ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាខេត្ត​កំពង់ឆ្នាំង ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ក្នុង​សារព័ត៌មាន បណ្តាញ​សង្គម បាន​ផ្សាយអំពី​ពាក្យបណ្តឹង​គ្រួសារ​សព

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ក្នុង​សារព័ត៌មាន បណ្តាញ​សង្គម បាន​ផ្សាយអំពី​ពាក្យបណ្តឹង​គ្រួសារ​សព​រង​គ្រោះ​ដោយសារ​ស្នាដៃ​មន្ត្រី​សុរិយោដី​ស្រុក​ម្នាក់ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ផ្នូរ​សព​ប្តី និង​ជា​ឪពុក ជា​ចៅ រួច​មក អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ច្បាប់​បញ្ជាក់​ថា លោក សួង សែ ប្រធាន​ការិយាល័យ រៀបចំ​ដែន​នគរូបនីយកម្ម​សំណង់ និង សុរិយោដី ស្រុក​រលាប្អៀរ ពិតជា​បាន​ជួល​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ផ្នូរ​សព អតីតមន្ត្រី​មន្ទីរ​ពិតមែន​។ រដ្ឋបាល​សាលាខេត្ត​សូម​ធ្វើការ ខ​មា​ល​ទោស ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​សព លោក នុ​ត សុខុម មន្ទីរ​ឧស្ស​ហម្ម និង​សិប្បកម្ម​ខេត្ត​ផង​ដែរ​។ ក្នុង​លិខិត​របស់​រដ្ឋបាល​សាលាខេត្ត ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង របស់​គ្រួសារ​សព​រង​គ្រោះ ក៏​បាន​ចាត់តាំង​សមត្ថកិច្ច​ចម្រុះ  រួម​មាន​ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច មន្ទីរ​មុខងារសាធារណៈ មន្ទីរ​រៀបចំ​ដែន ដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី នាយក​ទីចាត់ការ​ធនធានមនុស្ស នាយក​ទីចាត់ការ​អន្តរ​វិស័យ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​គ្រប់មុខ​សញ្ញា និង​ភាគី​ពាក់ព័ន្ធ​។

ជា​លទ្ធផល​បាន​បង្ហាញ​ថា ឈ្មោះ សួង សែ ពិតជា​បាន​ជួល​គ្រឿងចក្រ​ទៅ​ឈូស​កម្ទេច​ផ្នូរ​បញ្ចុះធាតុ​សព លោក នុ​ត សុខុម អនុប្រធាន​មន្ទីរ​ឧស្ស​ហម្ម និង​សិប្បកម្ម​ខេត្ត ដោយ​ចេតនា ព្រោះ​ពុំ​មាន​សុំ​ការ​អនុញ្ញាត​ត្រឹម​ត្រូវជា​មុន​ពី​ប្រធាន​សមាគម​ន៍​ចិន ដែល​ជា​អ្នកគ្រប់គ្រង​ទីនោះ​ឡើយ​។ ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ពិនិត្យ​ឃើញ​សកម្មភាព​នេះ ប្រព្រឹត្ត​ខុស​ទៅ​នឹង​ខ្លឹមសារ​ច្បាប់​មួយ​ចំនួន​ដូច​ជា ក្រមព្រហ្មទណ្ឌ ត្រង់​ជំពូក​ទី​៥ ផ្នែក​ទី​១ មាត្រា​២៦១​ដល់​មាត្រា​២៦៤ ,​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ជំពូក​ទី​១៩ មាត្រា​២៤៧ ដល់​មាត្រា​២៥០ និង​ច្បាប់​ស្ត្រី​ពី​លក្ខន្តិកៈ​របស់​មន្ត្រីរាជការ​ស៊ី​វិល ជំពូក​៥ មាត្រា​៣៥​ចំណុច​២​។ រដ្ឋបាល​សាលាខេត្ត សូម​ធ្វើការ​ខ​មា​ល​ទោស ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​សព​លោក នុ​ត សុខុម មន្ទីរ​ឧស្ស​ហម្ម និង​សិប្បកម្ម​ខេត្ត ដែល​បាន​ទទួល​រង​ការ​ប្រមាថ មើលងាយ​ដ៏​ធ្ងន់ធ្ងរ​នេះ និង​សូម​អភ័យទោស​ចំពោះ​គ្រួសារ​ញាតិ​មិត្ត​នៃ​សព ដែល​រដ្ឋបាល​សាលាខេត្ត ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ច មានការ​ខ្វះខាត​ពុំ​មាន​ទទួល​ព័ត៌មាន ដើម្បី​ចាត់វិធានការ​ជួយ​ការពារ ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​។

ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី អឿ គឹ​ម​ឡាយ ដែល​ជា​ភរិយា​សព លោក នុ​ត សុខុម បាន​សូម​ថ្លែ​អំណរ​គុណ ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​ជួយ​រក​យុត្តិធម៌ ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ចុះ​ស្រាវជ្រាវ ក្នុង​ករណី​ឈូស​ឆាយ​ផ្នូរ​សព​ប្តី​គាត់​នេះ និង​សូម​សំណូមពរ​ជា​ថ្មី ដល់​ឯកឧត្តម​អភិបាលខេត្ត សូម​ជួយ​ជម្រុញ​ឲ្យ​អ្នក​ឈូស​ឆាយ​ផ្នូរ​សព​ប្តី​គាត់ ដោះស្រាយ​សំណង​ឲ្យ​បាន​សមរម្យ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ខាងលើ​នេះ​ផង​។ សូម​បញ្ជាក់​ដែរ​ថា កន្លង​ទៅ​លោក សួង សែ ដែល​រង​ការ​ចោទប្រកាន់​នេះ​ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​ឈូស​ឆាយ​ផ្នូរ​សព​ខាងលើ​នេះ ជា​កំហុស​អ​ចេតនា​ទេ ព្រោះ​លោក​មិនដឹង​៕