ជាតិ » ព្រឹត្តិការណ៍សង្គម

អ្នក​ចាញ់ក្តី​៣​គ្រួសារ ទទួល​បាន​ដំណោះស្រាយ​ពី​អាជ្ញាធរ

ដោយ ៖ ឈឺន ធា   

ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១៨:៤៧   (12-09-2017 18:47)

ខេត្តកណ្ដាល ៖ បន្ទាប់​ពី​អនុវត្ត​សាលដីកា​ដ៏​ចម្រូងចម្រាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​រួច​មក  អ្នក​ចាញ់ក្ដី​៣​គ្រួសារ រស់នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ​គឺ​ទទួល​បាន​ដី​សង់​លំនៅ​ឋាន​ថ្មី និង​ថវិកា​មួយ​ចំនួន​។ អាជ្ញាធរ​ខេត្តកណ្ដាល បាន​ដោះស្រាយ​បញ្ចប់ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ដោយ​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា នៅ​សាលាខេត្ត​កណ្ដាល​។ លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល អនុវត្ត​រូបមន្ត ឈ្នះ​ឈ្នះ  ដោយ​មានការ​ចូលរួម ពី​មន្ត្រី​ពាក់ព័ន្ធ​ច្រើន​នាក់ និង​ភាគី​ចាញ់ក្ដី ភាគី​ឈ្នះក្ដី​ចូលរួម​។

មន្ត្រី​សាលាខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​រក​ដំណោះស្រាយ​ឲ្យ​ភាគី​ចាញ់ក្ដី​នេះ​ទទួល​បាន​ជោគជ័យ ហើយ​ភាគី​ចាញ់ក្ដី ព្រម​ទទួលយក​ដំណោះស្រាយ​ដោយ​សប្បាយចិត្ត​។ ការ​ដោះស្រាយ​ជូន​អ្នក​ទាំង​បី​នេះ​មាន ១-​លោក ប៉ុន ថន បាន​ទទួល​ដី​ទំហំ​១០​គុណ​នឹង​១២​ម៉ែត្រ ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ ហើយ​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​ទៀត​។​ទី​២-​ឈ្មោះ អ៊ុ​ង អ៊ី​ម ទទួល​បាន​ដី​ទំហំ​១២​គុណ​នឹង​៥​ម៉ែត្រ និង​ប្រាក់​១៥០០​ដុល្លារ ហើយ​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​។ ទី​៣-​ឈ្មោះ សែ គឹ​ម​អូន ទទួល​បាន​ដី​ទំហំ​១២​គុណ​នឹង​៥​ម៉ែត្រ និង​ប្រាក់​១៥០០​ដុល្លារ ហើយ​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​ដូច​គ្នា​ដែរ ដែល​ដី​តាំង​នេះ គឺ​នៅ​តំបន់​ទួល​ក្រសាំង​។ លោក​អភិបាលខេត្ត​បាន​ចាត់​ឲ្យ​លោក​អភិបាលស្រុក​ស្អាង ចាត់ការ​ចុះ​មើល​ដី​ជា​បន្ទាន់​។

លោក ព្រំ វណ្ណ​ឌិន អភិបាលស្រុក​ស្អាង បាន​ប្រាប់​ឲ្យ ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា អាជ្ញាធរ​ស្រុក កំពុង​រក​ដី​របស់​រដ្ឋ នៅ​ស្រុក​ស្អាង ដើម្បី​វាស់​ចែក​ជូន​ឱ្យ​ពួក​គាត់​ទាំង​បី​គ្រួសារ​ដែល​យល់ព្រម​ទទួលយក​តាម​ដំណោះស្រាយ​នោះ​។ គួរ​បញ្ជាក់​ថា សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​ខេត្តកណ្ដាល ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង  ដោយ​ធ្វើការ​រុះផ្ទះ​ចំនួន​៣​ខ្នង ខាងកើត​ជាប់​ផ្លូវជាតិ​លេខ​២១ ប្រគល់​ដី​ទៅ​ឲ្យ​ភាគី​ឈ្នះក្តី​៕