ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អត់​ចម្លើយ​ចំពោះ​សំណួរ​នេះ​… «​ប្អូនជីដូនមួយ​របស់​ឯង​ប្រឡង​ជាប់​ហើយ តើ​កូន​ឯង​ជាប់​ដែរ​ឬ​អត់?​»

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ដោយ​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុ​ប​ធ្លាក់ ធ្វើ​ឱ្យ​បេក្ខជន​ម្នាក់​បាក់​ទឹកចិត្ត​និង​តូចចិត្ត​យ៉ាង​ខ្លាំង

ខេត្តកណ្តាល ៖ ដោយ​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុ​ប​ធ្លាក់ ធ្វើ​ឱ្យ​បេក្ខជន​ម្នាក់​បាក់​ទឹកចិត្ត​និង​តូចចិត្ត​យ៉ាង​ខ្លាំង ព្រមទាំង​មានការ​ខ្មាសអៀន​មិត្តភក្ដិ ជា​ពិសេស​ប្អូនជីដូនមួយ​របស់​ខ្លួន​ដែល​ប្រឡងតំណាលគ្នា​ដែរ​ ទទួលលទ្ធផល​ជាប់ ធ្វើ​ឱ្យ​យុវតី​ម្នាក់​គិត​ខ្លី​លែង​ចង់​រស់​តទៅ​ទៀត ។

អ្វី​ដែល​នាង​ពិបាក​ឆ្លើយ​នោះ​គឺ ពេល​ម្ដាយ​បាន​សួរ​ថា ​«​ប្អូនជីដូនមួយ​របស់​ឯង​ប្រឡង​ជាប់​ហើយ តើ​កូន​ឯង​ជាប់​ដែរ​ឬ​អត់?» តាមកា​រ​​ស​ន្និដ្ឋា​ន​​ទំនងជា​នាង​​គិត​ថា នាង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ខកចិត្ត ទើប​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក​តែ​ម្ដង ។ តាម​ពិត​ទៅជម្រើស​​​នេះ ​មិន​គប្បី​ជា​គំរូ​ទេ មិនមែន​ធ្លាក់​តែឯង​​ឯណា យើង​អាច​តស៊ូ​រៀន​១​ឆ្នាំ​ទៀត​ ក៏​មិនយឺត​ពេល​ដែរ ។ ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាចថ្ងៃ​ទី​១០ ខែកញ្ញា នៅ​ក្នុង​ភូ​ម‌ិ​ត្រពាំង​ទួល ឃ‌ុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ។

យុវតី​ដែល​ចងក​សម្លាប់​ខ្លួន​ឈ្មោះ អោ​ក សុភាព អាយុ​១៩ឆ្នាំ ឪ​ពុ​ក‌​ឈ្មោះ សយ អោ​ក‌ អាយុ​៥២​ឆ្នាំ​មុខរប​រ‌​ជា​ជាង​ប៉ះ​កង់ និង​ម្ដា​យ‌​ឈ្មោះ ឈុំ ឡឺ​ង អាយុ៤៥​ឆ្ន‌ាំ ជ‌ា​‌​‌​កសិករ ‌​មាន​ទីលំនៅ​ក្នុងភូមិ​ឃ‌ុំ​​ខាងលើ​។ នាង​បាន​ធ្វើ​អត្តឃាត ដោយ​យក​ខ្សែ​នីឡុង​ចងក​ជាប់​នឹង​ដែក​ចម្រឹង​បង្អួច​ក្នុង​បន្ទប់​លើ​ផ្ទះ ។

ម្តាយ​យុវតី​រូប​នេះ​បាន​ប្រាប់​នគរបាល​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​កញ្ញា គាត់​បាន​ទៅ​ដាក់បិណ្ឌ​នៅ​វត្ត​មួយ​ឯ​ខេត្តតាកែវ ហើយ​មិន​បានដឹង​ថា លទ្ធផល​ប្រឡង​បាក់​ឌុ​ប​របស់​កូនស្រី​ជាប់​ឬ​ក៏​ធ្លាក់​ឡើយ ព្រោះ​នាង​មិន​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ទេ ។ រហូត​ដល់​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល ក្រោយ​ពេល​ត្រឡប់​មក​ពី​ខេត្តតាកែវ​ដល់​ផ្ទះ​វិញ គាត់​បាន​សួរ​ទៅ​កូនស្រី ព្រោះ​អន្ទះសា​ចង់​ដឹង​លទ្ធ​ផល ។ ពេល​នោះ​នាង​បាន​ឆ្លើយ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​តប​មក​គាត់​វិញ​ថា «​មិនដឹង​ទេ​ម៉ែ​» ។

ស្ត្រី​ជា​ម្តាយ​រៀបរាប់​ទៀត​ថា បន្ទាប់​មក​នាង​បាន​ហុច​កាបូប​ដាក់​លុយ​មួយ​ឱ្យមក​គាត់​ទុកដាក់ រួច​ហើយ​ឡើង​ទៅ​សម្ងំ​នៅ​លើ​ផ្ទះ​ដោយ​ស្ងៀមស្ងាត់ លុះ​មួយសន្ទុះ​ក្រោយមក​ទើប​នាងប្រាប់​គាត់​ទៀត​ថា​«​ម៉ែ​ខ្ញុំ​ប្រឡង​ធ្លាក់​ហើយ​»​។ ការ​និយាយ​របស់​នាង​គឺ​ទាំង​អួល​ដើម​ក ។ ចំណែក​រូប​គាត់​ជា​ម្ដាយ​ទោះបី​កូន​ស្រែក​ប្រាប់​ថា​ប្រឡង​ធ្លាក់​ក្ដី ក៏​គាត់​មិន​បាន​ស្ដីបន្ទោស​មួយ​ម៉ាត់​ឡើយ ព្រោះតែ​កន្លង​មក​កូន​ខំប្រឹង​រៀន​ដែរ ហើយ​បើ​ប្រឡង​ធ្លាក់​ទៀត​ក៏​មិនដឹង​ថា​បន្ទោស​បាន​ប្រយោជន៍​អ្វី​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា គាត់​មិន​នឹក​ស្មានថា​កូនស្រី​តូចចិត្ត​រហូត​សម្លាប់​ខ្លួន​បែប​នេះ​ទេ ព្រោះគាត់​គ្រាន់តែ​ស្មានថា​នាង​ពិបាកចិត្ត​ហើយ​​ទៅ​សម្ងំ​ និង​ចង់​នៅ​ស្ងៀមស្ងាត់​តែ​ម្នាក់ឯង​ប៉ុណ្ណោះ  ។ប៉ុន្តែ​ដោយ​បាត់​កូន​យូរ​ពេក​មិនឃើញ​ចេញពី​បន្ទប់​ចុះ​មក​ក្រោម ធ្វើ​ឱ្យ​មានការ​សង្ស័យ ទើប​រូប​គាត់​និង​ក្រុម​គ្រួសារ​នាំ​គ្នា​ឡើង​ទៅ​មើល ស្រាប់តែ​ឃើញ​កូនស្រី​ចងក​នឹង​ខ្សែ​នីឡុង​ភ្ជាប់​នឹង​ចម្រឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ ។

ភ្លាម​ៗ​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង និង​ប្ដឹង​ទៅ​អាជ្ញាធរ​ភូមិ ឃុំ ព្រមទាំង​រាយការណ៍​ទៅ​នគរបាល​ស្រុក​អង្គស្នួល​ឱ្យ​ចុះ​ទៅ​ពិនិត្យ ព្រោះ​នេះ​គឺជា​រឿង​មួយ​គួរ​ឱ្យ​មានការ​សោកស្ដាយបំផុត ដែល​គាត់​មិន​នឹក​ស្មាន​ដល់​ថា​កូនស្រី​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ ។​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​នោះ ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ដែរ ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សព ។

ជា​លទ្ធផល​បង្ហាញ​ថា យុវតី​រូប​នេះ​ពិតជា​ចងក​សម្លាប់​ខ្លួន​មែន មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ណាមួយ​នោះ​ឡើយ ។ ជា​​មួយ​គ្នា​នេះ បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្ដាយ គឺ​នាង​ចងក​សម្លាប់​ខ្លួន​ក៏​ព្រោះតែ​តូចចិត្ត​នឹង​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ធ្លាក់ ដែល​ធ្វើ​ឱ្យ​នាង​មានការ​ខ្មាស​អៀន​ចំពោះ​ប្អូនជីដូនមួយ ដែល​ប្រឡង​ជាមួយ​គ្នា​ជាប់ ជា​ពិសេស​នាង​គិត​ថា ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ខក​ចិត្ត​ផង​ដែរ ។

នេះ​គឺជា​មេរៀន​មួយ​សម្រាប់​ប្អូន​ៗ ក្មួយ​ៗសិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ដើម្បី​ពេល​ប្រឡង​បាន​ជាប់ ហើយ​​​​​ទោះបីជា​មិន​ជាប់​ ក៏​មិន​ត្រូវ​អស់សង្ឃឹម​ដល់​ថ្នាក់​ធ្វើ​រឿង​បែប​នេះ​ឡើយ គឺ​ត្រូវ​តែ​ខំប្រឹង​បន្ត​ទៀត​ដើម្បី​ក្ដី​សង្ឃឹម​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ទាំងមូល​ផង​ដែរ ។