ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​កំពុង​រិះគន់​ផ្សារ​ព្រៃវែង ដែល​ជី​វករ​កំពុង​វាតទី​យក​ចំ​ណី​ផ្លូវ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ មហាជន​ជា​ច្រើន​កំពុងធ្វើការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ក្រុង​ព្រៃវែង ដែល​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​អាជីវករ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង

ខេត្តព្រៃវែង ៖ មហាជន​ជា​ច្រើន​កំពុងធ្វើការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ក្រុង​ព្រៃវែង ដែល​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​អាជីវករ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង វាត​ទី​ដី​ចំណី​ផ្លូវ​សាធារណៈ​សាងសង់​សំយាប​តូប​លក់ដូរ រួច​ដាក់​ទ្វារ​រមូល និង​ធ្វើ​ជា​បន្ទប់ ដើម្បី​ដាក់​ទំនិញ​លក់ដូរ ដែល​ធ្វើ​ឱ្យ​បាត់បង់​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ជា​ពិសេស​បាំង​ជ្រុង​ផ្លូវកែង ដែល​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មានការ​ពិបាក​ក្នុង​ធ្វើ​ដំណើរ​។ មហាជន​ទាំងនោះ​បាន​បន្ថែម​ទៀត​ថា ក្រៅពី​ការ​សាងសង់​សំយាប​តូប​ចូល​ដី​ផ្លូវ​សាធារណៈ​ហើយ​នោះ ក្រុម​អាជីវករ​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​យក​ផលិតផល​របស់​ខ្លួន​មក​តាំង​ដាក់​លក់​នៅ​តាម​ច​ញ្ចើ​ម​ផ្លូវ​សាធារណៈ ដែល​ក្នុង​នោះ​មាន​ដូច​ជា​កង់ ម៉ូតូ សម្ភារ​ផ្ទះបាយ តុទូ សម្លៀក​បំពាក់ យ៉ាង​ហៀរហូរ​មក​លើ​ផ្លូវ ដែល​ស៊ី​អស់​ចំណី​ថ្នល់ ចាប់ពី​២ ទៅ​៤​ម៉ែត្រ​ឯណោះ និង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ទីក្រុង​យ៉ាង​ខ្លាំង​។

ជាង​នេះ​ទៅ​ទៀត​ពួក​គាត់​បាន​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​មានការ​កកស្ទះ​ផ្លូវ​ជុំវិញ​ផ្សារ​នេះ​ស្ទើរ​រៀង​រាល់​ម៉ោង យ៉ាងណា​ក៏​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា ឬ​ខាង​ម្ចាស់​ផ្សារ​ក្រុង​ព្រៃវែង ចុះ​មក​រៀបចំ​សណ្តាប់ធ្នាប់​តូប​លក់ដូរ​ទាំងនោះ​ឱ្យ​មាន​របៀបរៀបរយ​នោះ​ឡើយ​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ តំណាង​ម្ចាស់​ផ្សារ​ក្រុង​ព្រៃវែង បានឱ្យ​ដឹង​ថា លោក​គ្មាន​តួនាទី​ហាមឃាត់​អាជីវករ​ក្នុង​ការ​សាងសង់​តូប​លក់ដូរ​នោះ​ទេ ខាង​លោក​មាន​សិទ្ធិ​ត្រឹមតែ​ដើរ​ប្រមូល​ភាស៊ី និង​ថ្លៃ​អនាម័យ​ក្នុង​ផ្សា​រមូ​យ​នេះ​ប៉ុណ្ណោះ ព្រោះ​កិច្ចការ​អភិវឌ្ឍន៍​ផ្សារ ខាង​សង្កាត់​និង​ក្រុង​ជា​អ្នកគ្រប់គ្រង​តាំងពី​ដើមឆ្នាំ​២០១៧​មក​ម្ល៉េះ​។

ដោយឡែក​លោក អ៊ុយ សា​គុណ នាយក​រដ្ឋបាល​សាលាខេត្ត​ព្រៃវែង បាន​បញ្ជាក់​ផង​ដែរ​ថា រឿង​សាងសង់​តូប​លក់ដូរ​ទាំង​អស់នេះ លោក​បាន​បញ្ជា​ឱ្យ​លោក លាត ភា​រុណ អភិបាលក្រុង​ព្រៃវែង ចុះ​ទៅ​ត្រួតពិនិត្យ​កិច្ចការ​ទាំងអស់​នេះ​ហើយ តែ​មក​ដល់​ពេល​នេះ​ខាង​ក្រុង​មិន​ទាន់​បាន​បញ្ចេញ​សកម្មភាព​យ៉ាង​ណ​នោះ​ទេ​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក លាត ភា​រុណ អភិបាលក្រុង​ព្រៃវែង​បាន​នោះ​ទេ បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល តែ​មិន​មាន​អ្នក​ទទួល​៕