ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​ឈប់​ពី​ការងារ​បើ​រក​មិនឃើញ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង

 រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​រក​តួ​ព្រែក​ធម្មជាតិ​មួយ​នៅ​សង្កាត់​ព្រែក​ថ្មី និង​សង្កាត់​ព្រែក​ឯង​ឲ្យ​ឃើញ​ក្រោយ​ពី​មានការ​ចាក់​លុប​បំបាត់​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​បណ្តាល​ឲ្យ​បាត់​ប្រឡាយ​ទឹក​ហូរ​រំដោះ​ទឹក​ចេញ​យ៉ាង​សំខាន់​នោះ ហើយ​បើ​មន្ត្រី​ទាំងអស់​នោះ​រក​មិនឃើញ​ទេ​ល្មម​ឈប់​ពី​ការងារ​របស់​ខ្លួន​បាន​ហើយ ។ ការ​បញ្ជា​របស់​លោក ឃួ​ង ស្រេង បែប​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​៣៥១ ចាប់ពី​ផ្លូវជាតិ​លេខ​១​ដល់​ផ្លូវ​ជា ស៊ី​ណាត់ ដោយ​ឆ្លងកាត់​សង្កាត់​២​គឺ​សង្កាត់​និរោធ និង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ដែល​មានការ​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​យ៉ាង​កុះករ ។ 

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ព្រែក​ធម្មជាតិ​មួយ​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី និង​សង្កាត់​ព្រែក​ឯង ត្រូវ​បាន​អ្នកមាន​លុយ​ចាក់​ដី​លុប​បំបាត់​ធ្វើ​ជា​កម្មសិទ្ធិ ដែល​បណ្តាល​ឲ្យ​បាត់​ប្រឡាយ​រំដោះ​ទឹក​ចេញ​យ៉ាង​សំខាន់ ។ លោក​បាន​បន្ត​ថា ព្រែក​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាននៅ​សល់​រូបភាព​ច្បាស់​ណាស់​គឺ​ថត​ពីលើ​អាកាស ដែល​បាន​បាត់បង់​កាលពី​ពេល​កន្លង​មក បើ​មន្ត្រី​ពាក់ព័ន្ធ​ដូច​ជា​មន្ត្រី​សុរិយោដី មន្ត្រី​ធនធានទឹក និង​អាជ្ញាធរ​ជាដើម រក​មិនឃើញ​ព្រែក​នេះ​ទេ​ឈប់​ពី​ការងារ​របស់​ខ្លួន​ទៅ​មិនដឹង​ថា​ធ្វើ​ការងារ​អី​កើត​ទៀត​ទេ ។ 

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ព្រែក​ធម្មជាតិ​មួយ​ស្ថិត​នៅ​ព្រំប្រទល់​សង្កាត់​ព្រែក​ថ្មី និង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​ត្រូវ​បាន​ឈ្មួញ​ដី​រំលោភ​ដោយ​ចាក់​ដី​បំពេញ​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាំងពី​សង្កាត់​ព្រែក​ថ្មី​ស្ថិត​នៅ​ក្រោម​ការ​គ្រង់​គ្រង​របស់​រដ្ឋបាល​ខេត្តកណ្តាល​មក​ម្ល៉េះ គឺ​តាំងពី​សង្កាត់​ទាំងនេះ​មិន​ទាន់​កាត់​ចូល​មក​រាជធានី​ភ្នំពេញ​មក​ម្ល៉េះ​ប៉ុន្តែ​លោក​អភិបាល​រាជធានី​បាន​បញ្ជា​ឲ្យ​ប្រធាន​ភូមិបាល  ខណ្ឌ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​រក​ព្រែក​ដែល​បាត់​នោះ​ឲ្យ​ឃើញ​វិញ ។ មន្ត្រី​ដដែល​បាន​បន្ត​ថា ព្រែក​នេះ​ពិតជា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ទឹក​ចេញពី​សង្កាត់​ព្រែក​ថ្មី​ពិសេស​សង្កាត់​ព្រែក​ឯង​ដោយ​ហូរ​ចូល​ទំលាក់​ទៅ​ទន្លេបាសាក់ ។ ក្រោយ​ពី​ការ​ចាក់​លុប​បំបាត់​ព្រែក​នេះ​បាន​ធ្វើ​ឲ្យ​សង្កាត់​ព្រែក​ឯង​ទទួល​រង​ការ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ ហើយ​ករណី​នេះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្នើ​សុំ​យ៉ាង​ទទូច​នៅ​ក្នុង​វេទិកាសាធារណៈ​ផង​ដែរ​ដើម្បី​ជួយ​រក​វិធី​យ៉ាងណា​រំដោះ​ទឹក​ចេញពី​ភូមិដ្ឋាន​របស់​ពួក​គាត់​ហើយ​ដើម្បី​បំពេញ​ទៅ​តាម​សំណូមពរ​យ៉ាង​ទទូច​របស់​ប្រជាពលរដ្ឋ​ទើប​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​រក​តួ​ព្រែក​ធម្មជាតិ​នៅ​សង្កាត់​ព្រែក​ថ្មី​និង​សង្កាត់​ព្រែក​ឯង​នេះ​ឲ្យ​ឃើញ​វិញ​ដើម្បី​កាយ​បើកទឹក​រំដោះ​ពី​ការ​ជន់​លិច​ជូន​ប្រជាពលរដ្ឋ ៕