ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​នឹង​បើក​​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ដក​ភ័យ​ឯកសិទ្ធិ​លោក​កឹ​ម សុខា​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ

​រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​លើ​អភិ​ភ័យ​ឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម របស់​លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។ នេះ​បើ​តាម​លោក ឡេ​ង ប៉េង​ឡុ​ង ​អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បាន​ឲ្យ​កោះ​សន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា​។​

លោក​បន្ត​ថា​ ការ​បើក​កិច្ចប្រជុំ​នេះ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​ចំពោះ​លោក កឹ​ម សុខា មេ​បក្ស​ប្រឆាំង​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដែល​​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ ។ ជា​ពិសេស​គឺ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្នើ​មក​រដ្ឋសភា​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។​

លោក ​ឡេ​ង ប៉េង​ឡុ​ង បញ្ជា​ក់ថា «យើង​កំពុង​សុំ​គោលការណ៍​ពី​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ហើយ​អាច [​ប្រជុំ​] ក្នុង​អាទិត្យ​នេះ​។ ប៉ុន្តែ​ឥឡូវនេះ សម្តេច​មិន​ទាន់​សម្រេច​ទេ អីុចឹង​ខ្ញុំ​មិន​ទាន់​ប្រាប់​ទេ កុំ​ឲ្យ​ក្លាយទៅជា​កុហក គឺ​មិន​បាន​ទេ ! ទាល់តែ​សម្តេច​សម្រេច​សិន​ ! យើង​ចង់​ធ្វើ​ឆាប់​ក្នុង​ស​ប្តា​ហ៍នឹង តែ​សម្តេច​មិន​ទាន់​សម្រេច​ទេ»។​

អ្នកនាំពាក្យ​រដ្ឋសភា​បាន​លើក​ឡើង​ថា បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ និង​តុលាការ ចំពោះ​ករណី​លោក​កឹ​ម សុខា គឺជា​អំពើ​ក្បត់ជាតិ​ដ៏​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ទៅ​ទាក់ទង​ជាមួយ​​​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​បោះ​ឆ្នោត​ដោយ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា  ដោយ​មាន​វី​ដេអូ​ឃ្លី​ប​បង្ហាញ​ជាក់​ស្តែង​។