ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ដាក់​ផែនការ​រៀបចំ​ក្រុង​សៀមរាប​

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ខេត្តសៀមរាប​ត្រូវ​បាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ

ខេត្តសៀមរាប ៖ ខេត្តសៀមរាប​ត្រូវ​បាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែល​ទាក់ទាញ​ទេសចរ​គ្រប់​ជាតិ​សាសន៍​មក​កម្សាន្ត ។ ជាក់ស្តែង ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៧ ខេត្ត​មួយ​នេះ​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​សរុប​ជាង​៣,៧​លាន​នាក់ កើន​ទ្បើ​ង​១១,៩៤% ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ជាង​២,៣​លាន​នាក់ កើន​ទ្បើ​ង​១១,៩៧% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង​១,៤​លាន​នាក់ កើន​ទ្បើ​ង ១១,៩៩% ។

ដើម្បី​ឲ្យ​ខេត្តសៀមរាប​កាន់តែ​មាន​វិសាលភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ថែម​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្តសៀមរាប និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សេនាធិការ រួម​ជាមួយ​ផ្នែក​ឯកជន បាន​ឯកភាព​គ្នា​ដាក់​ផែនការ​សំខាន់​ៗ៧​ចំណុច ក្នុង​ការ​រៀបចំ​ក្រុង​សៀមរាប​ឲ្យ​ក្លាយជា​បេក្ខភាព​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០១៨​មួយ​ក្នុង​ចំណោម​ក្រុង​ដទៃ​ទៀត​របស់​កម្ពុជា ។ ការ​ដាក់​ផែនការ​នេះ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​រដ្ឋ​-​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ នា​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ នៅ​សាលាខេត្ត​សៀមរាប ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឯកភាព​ដាក់​ចេញ​កម្មវិធី​ការងារ​ចាត់តាំង​អនុវត្ត ដើម្បី​ឲ្យ​ខេត្តសៀមរាប​ក្លាយជា​បេក្ខភាព​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​២០១៨ មាន​ដូច​ខាងក្រោម ៖

១-​បន្ត​ពង្រឹងគុណភាព​សេវាកម្ម​ទេស​-​ចរណ៍ និង​បដិសណ្ឋារកិច្ច​ល្អ​ដល់​ភ្ញៀវ ទេសចរ ។

២-​បន្ត​ពង្រឹង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ ដោយ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ប្រើប្រាស់​ដី​ចំណី​ផ្លូវ​សម្រាប់​ធ្វើ​អាជីវកម្ម ការ​ចត​ម៉ូតូ រ៉ឺ​ម៉ក រថយន្ត គ្មាន​សណ្តាប់ធ្នាប់ និង​បន្ត​រៀបចំ​ឲ្យ​មាន​ផ្លូវ​ដើរ​សម្រាប់​ទេសចរ​ឲ្យ​បាន​ច្រើន ពិសេស​ពង្រឹង​សណ្តាប់ធ្នាប់​នៅ​តំបន់​ផាប់​ស្ទ្រី​ត ក្នុង​នោះ​លោក ឃឹម ប៊ុ​ន​សុង បាន​ដាក់​ចេញ​នូវ​ឱសានវាទ​ត្រឹម​ដើមខែ​តុលា ឆ្នាំ​២០១៧ ឲ្យ​អាជីវកម្ម​ទាំងអស់​ដែល​បំពាន​យក​ដី​ចំណី​ផ្លូវ ត្រូវ​រុះរើ​ជា​បន្ទាន់ និង​ដាច់ខាត និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រំខាន​ដោយ​សំឡេង ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​អាជីវកម្ម​ដទៃ​ទៀត ដោយ​ចុះ​ធ្វើការ​ណែនាំ​ដល់ទី​តាំង​ផ្ទាល់ ក្នុង​នោះ​រដ្ឋបាល​ខេត្តសៀមរាប​នឹង​ចាត់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ ដែល​បន្ត​មិន​គោរព​តាម​ការ​ណែនាំ​អប់រំ​កិច្ចសន្យា ដោយ​អាច​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​តែ​ម្តង ។

៣-​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​សំណល់​រឹង ពិសេស​យន្តការ​ប្រមូល​សំរាម​ក្នុង​តំបន់​ទីប្រជុំជន ផ្សារ និង​តំបន់​ដែល​មានការ​ឆ្លងកាត់​ញឹក ញាប់ និង​បន្ត​គាំទ្រ​ការពារ ការ​គ្រប់គ្រង​បរិស្ថាន សំរាម​នៅ​តំបន់​ចុង​គ្នា​ស និង​ភ្ជាប់​តំបន់​ទន្លេសាប ។

៤-​បន្ត​ពង្រឹង និង​ពង្រីក​ការ​សាងសង់​បង្គន់​សាធារណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ពិសេស​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ក្នុង​ខេត្តសៀមរាប យ៉ាង​ហោច​ឲ្យ​បាន​បង្គន់​សាធារណៈ​កម្ពុជា ៨-១០​កន្លែង​ទៀត ឲ្យ​ស្រប​តាម​ស្តង់ដា​បង្គន់​សាធារណៈ​កម្ពុជា និង​ស្តង់ដា​បង្គន់​សាធារណៈ​អាស៊ាន ដោយ​ជ្រើសរើស​ទីតាំង​ឲ្យ​បាន​ស្រប​នឹង​ចំនួន​ទេសចរ ដែល​រួម​ជាមួយ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ ស្ថានីយ​ចំណតរថយន្ត ឬ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឬ​នៅ​ដាច់​ដោយឡែក​។

៥-​ពង្រឹង​ការ​គ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​អង្គរ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ក្នុង​នោះ​ទប់ស្កាត់​ក្មេង​លក់ដូរ​រំខាន​ដល់​ភ្ញៀវ​ទេសចរ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​​នឹង​បន្ត​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ និង​មន្ទីរ​សង្គមកិច្ច និង​អតីត​យុវជន រួម​ទាំង​អង្គការ​នានា ដើម្បី​រៀបចំ ដាក់​ចេញ​នូវ​វិធានការ​អប់រំ និង​វិធានការ​រដ្ឋបាល ជំនួស​ដោយ​ការ​ផ្តល់​ការ​អប់រំ​ដល់​ក្មេង​ៗ និង​មុខរបរ​ជំនួស​សម្រាប់​ឱ​ពុក​ម្តាយ​ក្មេង​ៗ​នោះ ។ បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​នៅ​តំបន់​បន្ទាយស្រី ដោយ​តម្រូវ​ឲ្យ​មាន​ការ​សហការ​គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​អប្សរា និង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ ពិសេស​មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​មន្ទីរ​ធនធានទឹក ។​ល​។

៦-​ដើម្បី​គាំទ្រ​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​លើក​ទ្បើ​ង​ដោយ​វិស័យ ឯកជន​ពាក់ព័ន្ធ និង​សម្រាប់​អនាម័យ​បរិស្ថាន​នៅ​ក្រុង​សៀមរាប អង្គប្រជុំ​បាន​ឯកភាព និង​គាំទ្រ​យុទ្ធនាការ​កម្ពុជា​ស្អាត Cambodia Clean-Up ដោយ​ព្រមព្រៀង​បង្កើត​ក្រុមការងារ​អចិន្ត្រៃយ៍​រួម​ទាំង​រដ្ឋបាល​ខេត្តសៀមរាប ផ្នែក​ឯកជន ភ្ញៀវ​ទេសចរ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ចាត់ តាំង​អភិវឌ្ឍន៍​ឲ្យ​មានកម្ម​វិធី​ជា​ប្រចាំ​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ។

៧-​ដើម្បី​គាំទ្រ​បេក្ខភាព​សៀមរាប​ក្នុង​ចលនា​ប្រ​ទ្ប​ង​ប្រណាំង​ទីក្រុង​ស្អាត រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បន្ត​គិតគូរ និង​រៀបចំ​ឲ្យ​មាន​បង្គន់​សាធារណៈ​ស្រប​តាម​ស្តង់ដា កន្លែង​ហាត់ប្រាណ សួនច្បារ តំបន់​បៃតង​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ ចំណតរថយន្ត ផ្លូវ​ថ្មើរជើង និង​ពង្រឹង​យន្តការ​គ្រប់គ្រង​ការ​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាប​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​គូសបញ្ជាក់​ថា ទន្ទឹម​នឹង​ការ​គិតគូរ​ដោយ​ពង្រឹង​ការ​គ្រប់គ្រង​ក្នុង​ក្រុង​សៀមរាប និង​តំបន់​អង្គរ​ឲ្យ​ស្អាត និង​បៃតង ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ថែម​ទៀត ពិសេស​សហគមន៍​ទេសចរណ៍​ដែល​មាន​សក្តានុពល​នៅ​តំបន់​ជុំវិញ​ខេត្តសៀមរាប ក្នុង​នោះ​មាន​សហគមន៍​ជ្រាវ សហ​គមន៍​កំពង់​ភ្លុក សហគមន៍​បន្ទាយស្រី និង​សហគមន៍​ទេសចរណ៍​ចុង​ឃ្នាស​ជាដើម ព្រមទាំង​គោលដៅ​អេកូ​ទេសចរណ៍​ព្រែក​ទាល់ ភ្នំ​គូលែន ដើម្បី​បង្កើត​ជា​ផលិតផល​ទេស​ចរណ៍​ថ្មី​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ តាម​រយៈ​សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ថ្មី​ៗ​ទាំងនោះ នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន កាត់​បន្ថយ​ភាព​ក្រីក្រ កាត់​បន្ថយ​ចំណាកស្រុក និង​ចូលរួម​ដល់​កិច្ច​ការពារ អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព ៕