ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​គ្មាន​ការងារ​ធ្វើ​កើនឡើង​រហូត​ដល់​22​ម៉ឺន​នាក់​នៅ​​ឆ្នាំ​នេះ

6 ឆ្នាំ មុន

អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ បាន​កើនឡើង​ខ្លាំង​នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ថ្វីបើ​

ទីក្រុង​បាងកក ៖ អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ បាន​កើនឡើង​ខ្លាំង​នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ថ្វីបើ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​កើនឡើង​ក៏​ដោយ ។

លោក Porametee Vimolsiri អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាភិបាល​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ ហៅ​កាត់​ថា NESDB បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អត្រា​គ្មាន​ការងារ​ធ្វើ​បាន​កើនឡើង​ដល់​១,២% ពី​១,១%​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​អ្នក​គ្មាន​ការងារ​ធ្វើ​សរុប​មាន​ចំនួន​៤៧​ម៉ឺន​នាក់ ។

លោក Porametee ថ្លែង​ថា ៖« អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​បាន​កើនឡើង​២៤,១%​ក្នុង​ចំណោម​អ្នក​ដែល​មិន​ធ្លាប់​មានការ​ងារ​ធ្វើ​ពី​មុន ដោយសារ​វា​ជា​ពេល​បញ្ចប់​ការ​សិក្សា ហើយ​មាន​និស្សិត​បញ្ចប់​ការ​សិក្សា​ជា​ច្រើន​ចូល​ក្នុង​ទីផ្សារ​ការងារ » ។

យោង​តាម NESDB ប៉ាន់​ស្មានថា អ្នក​គ្មាន​ការងារ​ធ្វើ​ប្រហែល​៣៩% គឺ​ពួក​គេ​មាន​សញ្ញាបត្រ​សាកលវិទ្យាល័យ ។

លោក Porametee បន្ត​ថា វា​ជា​រឿង​ធម្មតា​ទេ ដែល​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​កើន​ខ្ពស់​នៅ​ក្នុង​ត្រីមាស​ទី​២ និង​ទី​៣ ក្នុង​១​ឆ្នាំ​ៗ ប៉ុន្តែ​វា​នឹង​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​៤ ។

តួលេខ​របស់ NESDB បង្ហាញ​ថា អ្នក​គ្មាន​ការងារ​ធ្វើ​បាន​កើនឡើង​ក្នុង​ចន្លោះ​ឆ្នាំ​២០១៣​និង​២០១៦ ។ នៅ​ឆ្នាំ​២០១៣ និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ចំនួន​១៤​ម៉ឺន​នាក់​គ្មាន​ការងារ​ធ្វើ​។ វា​បាន​កើនឡើង​ដល់​១៨​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៦ និង​កើន​ម្តងទៀត​ដល់​២២​ម៉ឺន​នាក់​នៅ​ឆមាស​ទី​១ ឆ្នាំ​នេះ ។

យោង​តាម​លោក Porametee កត្តា​សំខាន់​នៅ​ពីក្រោយ​និន្នាការ​នេះ រួម​មាន ការ​មិន​សម​ស្របគ្នា​រវាង​គុណវុឌ្ឍិ​របស់​និស្សិត​បញ្ចប់​ការ​សិក្សា តម្រូវការ​ទីផ្សារ និង​ខ្វះខាត​ការ​វិនិយោគឯកជន ដែល​អាច​បង្កើន​កំណើនសេដ្ឋកិច្ច ។

កំណើនសេដ្ឋកិច្ច​ថៃ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ បាន​កើនឡើង​៣,៧% ពី​៣,៣%​នៅ​ត្រីមាស​ទី​១ ៕