ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​សាច់​ជ្រូក​កើនឡើង​ក្នុង​រដូវ​ភ្ជុំបិណ្ឌ តែ​តម្លៃ​ជ្រូក​រស់…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តម្រូវការ​សាច់​ជ្រូក​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ​មាន​កំណើន​ឡើង​ខ្ពស់ ខណៈ

រាជធានី​ភ្នំពេញ ៖ តម្រូវការ​សាច់​ជ្រូក​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ​មាន​កំណើន​ឡើង​ខ្ពស់ ខណៈ​រដូវ​កាល​បុណ្យប្រពៃណី​ចូល​មក​ដល់ ដែល​ពលរដ្ឋ​ត្រូវការ​សាច់​ជ្រូក​ច្រើន។ បើ​ទោះបីជា​តម្រូវការ​សាច់​កើនឡើង​ក្ដី ប៉ុន្ដែ​បើ​ពិនិត្យ​មើល​ពី​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក គឺ​មិន​ឡើងថ្លៃ​ទេ ។

លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឱ្យ​ដឹង​ថា ជា​ការ​ពិត​ហើយ បច្ចុប្បន្ន​នេះ​តម្រូវការ​សាច់​កើនឡើង​មែន ព្រោះ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ត្រូវការ​ម្ហូបអាហារ​ដើម្បី​ចូលរួម​កាន់បិណ្ឌ​ក្នុង​រដូវ​កាល​បុណ្យ​ភ្ជុំ ។

លោក​ថា ៖« ដូច​យើង​ធ្លាប់​បានដឹង​ហើយ​នៅ​រដូវ​កាល​បុណ្យ​ភ្ជុំ តម្រូវការ​សាច់​ជ្រូក​កើន​ជាង​រដូវ​កាល​ផ្សេង​ទៀត ហើយ​ជា​ពិសេស នៅ​បុណ្យ​ភ្ជុំ​ផ្ទាល់​តែ​ម្តង ដែល​ពលរដ្ឋ​ម្នាក់​ៗ​ត្រូវការ​សាច់​ជ្រូក​វេច​អន្សម ធ្វើ​ម្ហូបអាហារ​ទៅ​វត្ត​ទៅ​វ៉ា និង​ជួបជុំ​បងប្អូន អីចឹង សាច់​ជ្រូក​កើនឡើង​ខ្ពស់​នៅ​ពេល​នោះ​ហើយ » ។

លោក​បន្ត​ថា ទន្ទឹម​នឹង​តម្រូវការ​សាច់​ជ្រូក​កើនឡើង​នៅ​កម្ពុជា ប៉ុន្ដែ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក មិន​ត្រឹមតែ​មិន​កើនឡើង​ប៉ុណ្ណោះ​ទេ ហើយ​វា​បាន​ធ្លាក់​ចុះ​បន្តិច​ថែម​ទៀត​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ យ៉ាងណា​ក៏​ដោយ បើ​ប្រៀបធៀប​នឹង​កាលពី​ប៉ុន្មាន​ខែ​មុន តម្លៃ​ជ្រូក​រស់​របស់​ខ្មែរ​បច្ចុប្បន្ន​នៅ​អាច​ទទួលយក​បាន តែ​មិន​ទាន់​អាច​រក​ប្រាក់​ចំណេញ​សម្រាប់​អ្នក​ចិញ្ចឹម​ទេ​។ វា​គ្រាន់តែ​ទប់ទល់​នឹង​ការ​ចំណាយ​ថ្លៃដើម​ប៉ុណ្ណោះ​។

អនុប្រធាន​រូប​នេះ​បានឱ្យ​ដឹង​ថា ការ​ដែល​ជ្រូក​រស់​ក្នុងស្រុក មិន​អាច​ឡើងថ្លៃ​បាន ក៏​ព្រោះតែ​បច្ចុប្បន្ន ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​នៅ​បន្ត​មាន​ច្រើន​ជាង​តម្រូវការ​ក្នុងស្រុក ជា​ពិសេស ជ្រូក​មក​ពី​ប្រទេស​វៀតណាម ហើយ​ជ្រូក​របស់​គេ​មាន​តម្លៃ​ថោក​ជាង​ជ្រូក​ក្នុងស្រុក​។ ដូចនេះ ជ្រូក​រស់​របស់​កសិករ​ខ្មែរ​មិន​អាច​ឡើងថ្លៃ​បាន​ទេ ។

លោក​ថា ៖« កុងស៊ី​កាប់​ជ្រូក​ក្នុងស្រុក គេ​បាន​ទទួល​ជ្រូក​ពី​ប្រទេស​វៀតណាម ដែល​ឈ្មួញ​ដឹក​យក​មក​ឲ្យ​ដោយ​តម្លៃ​ទាប​។ អីចឹង យើង​ត្រូវ​តែ​ទម្លាក់​តម្លៃ​ជ្រូក​ក្នុង ស្រុក​ឲ្យ​ប្រហាក់ប្រហែល​នឹង​គេ​ដែរ ទើប​អាច​លក់​ចេញ​បាន បើ​មិន​អីចឹង​ទេ ជ្រូក​កសិករ​យើង​នឹង​នៅ​សល់​ក្នុង​កសិដ្ឋាន ។ ម្យ៉ាងទៀត ជ្រូក​ដែល​គ្រប់​អាយុ​ហើយ​មិន​ព្រម​ចាប់​នោះ នឹង​ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ខាតបង់​កាន់តែ​ច្រើន » ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ប្រជាពលរដ្ឋ​មិនបាច់​ភ័យ​ព្រួយ​រឿង​តម្លៃ​ជ្រូក​នៅ​ក្នុង​រដូវ​កាល​បុណ្យ​ភ្ជុំ​ទេ ព្រោះ​ជ្រូក​នឹង​មិន​ឡើងថ្លៃ​ទេ ថ្វី​ដ្បិត​តម្រូវការ​កើនឡើង​ក្តី ។

លោក​ថា ៖« តម្រូវការ​សាច់​ជ្រូក​កើនឡើង នៅ​ក្នុងស្រុក​យើង តែ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង ក៏​កើនឡើង​ខ្លាំង​ដែរ ។ ដូចនេះ យើង​មិន​អាច​ធ្វើ​ឲ្យ​ជ្រូក​រស់​របស់​ប្រជា​កសិករ និង​ម្ចាស់​កសិដ្ឋាន​នៅ​ក្នុងស្រុក​ឡើងថ្លៃ​បាន​ទេ » ។

លោក​បន្ត​ថា នៅ​ថ្ងៃ​ធម្មតា តម្រូវការ​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចន្លោះ​ពី​៦​ទៅ​៧​ពាន់​ក្បាល​ក្នុង​១​ថ្ងៃ ប៉ុន្តែ​នៅ​រដូវ​បុណ្យ​ភ្ជុំ វា​អាច​កើនឡើង​បន្ថែម​ទៀត​ប្រមាណ​៣០០​ទៅ​៣៥០​ក្បាល ។ ដូចនេះ តម្រូវការ​នៅ​ពេល​នេះ វា​នឹង​កើន​ដល់​ជាង​១​ម៉ឺន​ក្បាល​ក្នុង​១​ថ្ងៃ បូក​រួម​ទាំង​ជ្រូក​ក្នុងស្រុក ។ យ៉ាងណា​ក៏​ដោយ គ្រាន់តែ​ជ្រូក​រស់​នាំ​ចូល​ពី​ប្រទេស​ជិតខាង ជា​ពិសេស ពី​វៀតណាម បើ​តាម​តួលេខ​មាន​រហូត​ដល់​៣​ពាន់​ក្បាល​ឯណោះ​ក្នុង​១​ថ្ងៃ ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កំណត់​ឱ្យ​មានការ​នាំ​ចូល​ជ្រូក​ត្រឹមតែ​១.២៥០​ក្បាល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ដើម្បី​ឱ្យ​ជ្រូក​រស់​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ឡើង​វិញ​។ ប៉ុន្តែ​ការ​កំណត់​នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​សមាគម​ឃើញ​ថា ក្នុង​១​ថ្ងៃ​យើង​បាន​នាំ​ចូល​៣​ពាន់​ក្បាល​ទៅ​ហើយ ។ ដូចនេះ តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​ពិតជា​ពិបាក​ឡើងថ្លៃ ៕