ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ឯកជន​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ព្យាបាល​ទារក​ស្លា.ប់

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល ចុះ​ទៅ​ត្រួ ត​ពិនិត្យ​គ្លីនិក​ឯកជន​មួយ​កន្លែង

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល ចុះ​ទៅ​ត្រួ ត​ពិនិត្យ​គ្លីនិក​ឯកជន​មួយ​កន្លែង ព្រមទាំង​សុំ​ឱ្យ​ម្ចាស់​បិទទ្វារ​បណ្តោះអាសន្ន បន្ទាប់​ពី​គ្រូពេទ្យ​នៅ​កន្លែង​នោះ បាន​ព្យាបាល​ទារក​ម្នាក់​ស្លាប់ ខណៈ​ម្តាយ​របស់​គេ​យក​ទៅ​ព្យាបាល លុះ​ចាក់​ថ្នាំ​រួច​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ព្រឹក​ឡើង​ក៏​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​ទារក​ស្លាប់ បន្ទាប់​ពី​ម្តាយ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​បឹង​ត្រកួន ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល បានឱ្យ​ដឹង​ថា ទារក​ដែល​ស្លាប់ បន្ទាប់​ពី​ចូល​ទៅ​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ មាន ឈ្មោះ ត្រី វ៉ា​ឈិ អាយុ​៤​ខែ ទម្ងន់​៧​គីឡូក្រាម មាន​ជំងឺ​ក្តៅខ្លួន​ខ្លាំង​។ ដែល​មាន​ឪពុក​ឈ្មោះ ហាន ត្រី អាយុ​២០​ឆ្នាំ ម្តាយ​ឈ្មោះ ក្រឹម កុសល អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត រស់នៅ​ភូមិ​ស្វាយ​កង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំណែក​គ្រូពេទ្យ​ដែល​ពាក់ព័ន្ធ​នឹង​ព្យាបាល​ទារក​ខាងលើ​ស្លាប់ ឈ្មោះ ទូច គឹ​ម​ញ្ញាណ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​ពេទ្យ​យោធា និង​ជា​ម្ចាស់​គ្លីនិក​ខាងលើ មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ផ្សារ​សាលា​ក្រៅ ក្នុងភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ឪពុក​ម្តាយ​ទារក​ខាងលើ បាន​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង មក​ខេត្ត​ប៉ៃលិន ដើម្បី​ចូលរួម​ធ្វើ​បុណ្យសព​ឪពុក ដែល​បាន​ស្លាប់​នៅ​ក្នុងភូមិ​បឹង​ត្រកួន ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ​។ ពេល​នោះ​ស្រាប់តែ កូន​របស់​ពួក​គេ​ក្តៅខ្លួន​ខ្លាំង លុះ​មិនដឹង​ធ្វើ​យ៉ាងណា ក៏​ប្រញាប់​នាំ​ទារក​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​ក្នុង​បន្ទប់​ថែទាំ​វេជ្ជសាស្ត្រ របស់​លោកគ្រូ​ពេទ្យ​ឈ្មោះ ទូច គឹ​ម​ញ្ញាណ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ប្រភព​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​លោកគ្រូ​ពេទ្យ​បាន​ដាក់​ស្ទង់កម្ដៅ​មើល ក៏​ឃើញ​ថា​ក្តៅខ្លួន​ខ្លាំង​រហូត​ដល់​៤០.២​អង្សា​សេ ហើយ​ពេល​នោះ​គ្រូពេទ្យ​ក៏​ប្រាប់​ម្តាយ​ឱ្យ​ជូត​ខ្លួន​ទារក​នឹង​កូនកន្សែង​ពោះគោ​ជ្រលក់​ទឹក​។ ប្រហែល​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​កម្ដៅ​មានការ​ថយ​ចុះ នៅ​សល់​ត្រឹម​៣៨.៧​អង្សា​សេ ហើយដោយ​ស្ថានភាព​បែប​នេះ​ក៏​រៀបចំ​ចាក់​ថ្នាំ​បន្ថយកម្ដៅ និង​បំបាត់​ការ​ឈឺចាប់ (​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​) និង​រៀបចំ​ដាក់​សេរ៉ូម ដើម្បី​បំពេញ​ជាតិ​ទឹក​ឱ្យ​ទារក ក្នុង​១​វិនាទី​១​ដំណក់​។

ក្រោយមក​ទៀត គ្រូពេទ្យ​មើល​បំពង់ក​ស្រាប់តែ​ឃើញ​មាន​រលាក​ខ្លាំង ហើយ​គ្រូពេទ្យ​បាន​ប្រើ​ថ្នាំ​ប្រភេទ អង់​ទី​ប៊ី​យូ​ទិច ដើម្បី​ព្យាបាល​បំពង់ក ដែល​រលាក រួច​ក៏​ឱ្យ​ក្មេង​សម្រាក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​២​ទៅ​៣​ម៉ោង រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច ទើប​ម្តាយ​បាន​សុំ​ទៅ​សម្រាក​នៅ​ឯ​ផ្ទះ​កន្លែង​កើតហេតុ​។ ប្រភព​បញ្ជាក់​ទៀត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឪពុក​ទារក​ដែល​រង​គ្រោះ​នោះ បាន​ជិះ​ម៉ូតូ​យក​លុយ​ទៅ​ជូន​លោកគ្រូ​ពេទ្យ ហើយ​លោក ទូច គឹ​ម​ញ្ញាណ ជា​ម្ចាស់​គ្លីនិក បាន​សួរនាំ​ថា តើ​ទារក​ដែល​ឈឺ​កាលពី​ម្សិល​ម៉ិ​ញ​មាន​អាកា​រៈ​យ៉ាងម៉េច​ទៅ​ហើយ​។ ពេល​នោះ​ឪពុក​ទារក​ក៏​បាន​ឆ្លើយ​ទាំង​អួល​ដើម​ក​. និង​អាឡោះអាល័យ​ដល់​កូន​របស់​ខ្លួន​ថា កូន​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ឮដំណឹង​ដល់​មន្ទីរ​សុខាភិបាល​ក៏​ចុះ​ទៅ​ត្រួតពិនិត្យ​តែ​ម្តង​។ ចំណែក​លោក​វេជ្ជបណ្ឌិត សៀ​ក រតនៈ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ត្រួតពិនិត្យ​រួច​មក រក​ឃើញ​ថា ម្ចាស់​គ្លីនិក​ខាងលើ​គ្មាន​សិទ្ធិ ដើម្បី​នឹង​ចាក់​ថ្នាំ​ព្យាបាល​អ្នកជំងឺ​ណា​ម្នាក់​នោះ​ឡើយ ព្រោះ​គាត់​រៀន​ផ្នែក​ពេទ្យ​បាន​ត្រឹមតែ​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ ពោល​គឺ​ផ្នែក​បរិញ្ញាបត្រ​គិលានុបដ្ឋាយិកា ហើយ​បើ​ចង់ឱ្យ​ក្លាយទៅជា​គ្រូពេទ្យ ដែល​មាន​សិទ្ធិ​អាច​ព្យាបាល ចាក់​ថ្នាំ​ស្របច្បាប់​បាន ទាល់តែ​រៀន​ចាប់ពី​៥​ទៅ​៨​ឆ្នាំ​។

លោក​បន្ត​ទៀត​ថា កន្លែង​គ្លីនិក​ខាងលើ មាន​គ្រែ​សម្រាក​ព្យាបាល​អ្នកជំងឺ​រហូត​ដល់​៣ ដោយ​អាច​ឱ្យ​អ្នកជម្ងឺ​ស្នាក់​នៅ​ទីនោះ​បាន ដែល​ផ្ទុយ​នឹង​ច្បាប់​អនុញ្ញាត​។ ម្យ៉ាងវិញទៀត គាត់​មិន​ព្រម​បញ្ជូន​ទារក​ខាងលើ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​បន្ទាន់​នោះ​ឡើយ ដោយ​ទុក​រហូត​ដល់​ក្លាយទៅជា បែប​នេះ​។ ក្រោយ​ហេតុការណ៍​នោះ​បាន​កើតឡើង សមត្ថកិច្ច​នគរបាល បាន​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​គ្រូពេទ្យ​ខាងលើ​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕