ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សង្វៀន​និយាយ​រឿង គង់ សំបូរ ស៊ី​ឡាក់​កីឡាករ​ថៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​កត់សម្គាល់​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​កីឡាករ​ជើង​ខ្លាំង​គង់ សំបូរ អតីត​

រាជធានី​ភ្នំពេញ ៖ មានការ​កត់សម្គាល់​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​កីឡាករ​ជើង​ខ្លាំង​គង់ សំបូរ អតីត​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម បាន​រង​ការ​អាម៉ាស់​យ៉ាង​ខ្លាំង​ដោយសារ​តែ​លោក​ធ្វើ​ប្រកាច់​លើ​រេញ​កាលពី​ថ្ងៃ​ទី​៣ កញ្ញា ក្នុង​បំណង​ចាប់កំហុស​កីឡាករ​ថៃ​ដើម្បី​យកឈ្នះ​ដោយ​មិន​ចាំបាច់​ប្រឹង​ប្រកួត​បន្ត​ទៀត ប៉ុន្តែ​គណៈកម្មការ​បាន​រក​ឃើញ​ថា​លោក​ធ្វើ​ពុត​ហើយ​ក៏​ឱ្យ​ចាញ់​តែ​ម្ដង ។ ក្រៅពី​រង​ការ​អាម៉ាស់​នៅ​ក្នុង​ជំនួប​អន្តរជាតិ​ដ៏​កក្រើក​នា​ថ្ងៃ​នោះ លោក​ក៏​ត្រូវ​ជាប់​ឈ្មោះ​ជា​កីឡាករ​ខូច​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ព្រមាន​ធ្ងន់​ៗ​ពី​ខាង​សហព័ន្ធ​នោះ​ផង​ដែរ​។

ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ស្នេហា​កីឡាប្រដាល់ដោយសារ​តែ​នោះ​គឺជា​ជំនួប​រវាង​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង ខណៈ​ការ​ប្រកួត​ជាក់ស្ដែង​ក៏​រ​ញ្ជូ​យ​សង្វៀន​មុន​ភាព​មិន​ប្រក្រតី​ផ្ទុះ​ឡើង ។ ជំនួប​នា​ពេល​នោះ ជើង​ខ្លាំង គង់ សំបូរ មក​ពី​សមាគមកីឡាប្រដាល់​ក្រសួង​ការពារជាតិ បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​ស្នាដៃ​ឈ្នះ​រាប់​មិន​អស់​ឈ្មោះ Phat Phayak ដោយ​ជំនួប​របស់​ពួក​គេ​មាន​ភាព​ក្ដៅ​គគុក​យ៉ាង​ខ្លាំង ព្រោះតែ​ភាគី​ម្ខាង​ៗ​សុទ្ធតែ​ចង់​ឈ្នះ​រៀងខ្លួន​។ កីឡាករ​កម្ពុជា​កាន់តែ​មាន​កម្លាំងចិត្ត​រុលចូល ដោយសារ​តែ​ខាង​កម្មវិធី​ប្រកាស​ថា ឱ្យ​តែ​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​មុន​ចប់​ទឹក​ទី​៣ នឹង​ទទួល​បាន​ទឹកប្រាក់​១​លាន​រៀល​បន្ថែម​ពីលើ​តម្លៃ​ខ្លួន​ដែល​ខ្ពស់​ជាង​ការ​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ហើយ​នោះ ។ ប៉ុន្តែ​គ្រប់ពេល​ដែល គង់ សំបូរ ស្ទុះ​ចូល​មិន​បាន​ទទួល​ផ្លែផ្កា​ត្រឡប់​មក​វិញ​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​គេ​មាន​កែង​ល្អ ម៉ាត់​ល្អ ហើយ​ជើង​របស់​គេ​ក៏​វែង​ៗ​ដែល​អាច​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ទទួល​រង​កណ្ដាប់ដៃ​និង​ទម្ងន់​ជើង​មិនសូវ​ខាង ។

កីឡាករ​ថៃ​ដ្បិតថា​ក្នុង​ទឹក​ទី​១ និង​ទី​២ គេ​មិនសូវ​សម្រុក​ខ្លាំង ក៏​មួយ​ស្នៀត​ៗ​របស់​គេ​ក្នុង​ការ​វាយបក​សុទ្ធតែ​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ពិបាក​ចូល​ផង​ដែរ ។ ឈាន​ដល់​ទឹក​ទី​៣ កីឡាករ​ទាំង​២​កាន់តែ​មាន​សន្ទុះ​ដាក់​គ្នា ហើយ​ការ​ប្រកួត​ក៏​ឡើង​កំ​ដៅ​រៀងខ្លួន ដោយសារ​តែ​កីឡាករ​កម្ពុជា​ចង់បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​១​លាន​រៀល ហើយ​កីឡាករ​ថៃ​ដែល​ក្ដៅស្លឹកត្រចៀក​ក៏​បាន​វាយបក​ត្រឡប់​វិញ​មិន​ចុះ​ញ៉ម ។ អ្នក​ទាំង​ពីរ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ល្អមើល​ឡើង​ចង់​រញ្ជួយ​សង្វៀន​ប្រដាល់ ហើយ​ទីបំផុត​កីឡាករ​កម្ពុជា​ក៏​ធ្វើ​ជា​ប្រកាច់​ពេញ​រេញ​ក្រោយ​ពី​ត្រូវ​កីឡាករ​ថៃ​អុក​ត្រូវ​២​ជង្គង់​ក្រោយ​ពេល​លោក​អាជ្ញាកណ្ដាល​គោះ​ឱ្យ​ចេញ​ឆ្ងាយ​ពី​គ្នា ។ នៅ​ក្នុង​ពេល​នោះ កីឡាករ គង់ សំបូរ ប្រហែលជា​ប៉ាន់​ស្មានថា កីឡាករ​ថៃ​វាយ​ជង្គង់​ក្រោយ​ពេល​លោក​អាជ្ញាកណ្ដាល​គោះ​ឱ្យ​ផ្អាកការ​ប្រកួត​ហើយ​មើលទៅ ក៏​ធ្វើ​ប្រកាច់​ពេញរេញ​ដើម្បី​ចាប់កំហុស​កីឡាករ​ថៃ ។ ចំណែក
កីឡាករ​ថៃ​ប្រហែលជា​ស្មានថា​គេ​ចាប់កំហុសខ្លួន​ក៏​បាន​សម្រេចចិត្ត​ចុះ​ចេញពី​រេញ​មុន​ការ​កំណត់​ពី​ក្រុម​គណៈកម្មការ​ផង​ដែរ ។ ប៉ុន្តែ​ក្រោយ​ការ​ពិភាក្សា និង​ចាក់​វី​ដេ​អូ​មើលចុះ​មើល​ឡើង ក្រុម​មន្ត្រី​បច្ចេកទេស​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​កំណត់​កីឡាករ​កម្ពុជា​ពិតជា​សម​នឹង​ប្រកាច់​មែន ប៉ុន្តែ​មិនមែន​ដោយសារ​តែ​កីឡាករ​ថៃ​ល្មើស​នឹង​បទបញ្ជា​នោះ​ទេ​គឺ​ដោយសារ​តែ​កីឡាករ​កម្ពុជា​ទប់​នឹង​ជង្គង់​កីឡាករ​ថៃ​មិន​បាន ។

គណៈកម្មការ​បាន​ចោទ​ថា គង់ សំបូរ ស៊ី​ឡាក់ តែ​មួយ​ចំនួន​ក៏​បាន​ទទួលស្គាល់​ថា គង់ សំបូរ ប្រហែលជា​ឈឺ​នឹង​កម្លាំង​ជង្គង់​របស់​កីឡាករ​ថៃ​ប្រាកដ​មែន ។ ប៉ុន្តែ​អ្វី​ដែល​គេ​ឯកភាព​គ្នា គឺ​កីឡាករ​ថៃ​មិន​ខុស​ដូច​ការ​ចាប់កំហុស​របស់ គង់ សំបូរ នោះ​ទេ ដោយ​គេ​ចាត់​ទុក​ថា លោក​អាជ្ញាកណ្ដាល​ពិតជា​បាន​គោះ​ឱ្យ​កីឡាករ​ថៃ​ផ្អាក​ការ​ប្រកួត​បន្តិច​មែន ប៉ុន្តែ​គឺ​ក្នុង​ពេល​កីឡាករ​ទាំង​ពីរ​ទៅ​ពិត​នឹង​ខ្សែ​រេញ​ប៉ុណ្ណោះ លុះដល់​អ្នក​ទាំង​ពីរ​ប្រវាយប្រតប់​គ្នា​ចេញ​ផុត​ពី​ខ្សែ​រេញ សកម្មភាព​វាយ​គ្នា​អាច​ធ្វើ​បាន​ហើយដោយ​មិន​ខុស​នោះ​ទេ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ចាត់​ទុក​ថា ករណី​ដែល​គង់ សំបូរ ទទួល​រង​មាន​២​មូលហេតុ ទី​១ គឺ​លោក​ពិតជា​ត្រូវ​កម្លាំង​ជង្គង់​របស់​កីឡាករ​ថៃ ហើយ​បណ្ដាល​ឱ្យ​ចុក​ខ្លាំង​ទើប​ឈាន​ដល់​រមួល​ពេញ​សង្វៀន​មិន​អាច​បន្ត​ការ​ប្រកួត​បាន ទី​២​គឺ​លោក​មាន​បំណង​ស៊ី​ឡាក់​តែ​ម្ដង ដោយ​ប៉ាន់​ស្មានថា​កីឡាករ​ថៃ​ថែម​ជង្គង់​ខុស​ក្រោយ​ពី​អាជ្ញាកណ្ដាល​គោះ​ឱ្យ​ឈប់ ។ លោក​ថា ក្នុង​នាម​ជា​កីឡាករ​មិន​អាច​រង់​ចាំតែ​កំហុសឆ្គង​របស់​ភាគី​ម្ខាង​ទៀត ហើយ​ធ្វើ​សន្លប់ ឬ​ស៊ី​ឡាក់​ដើម្បី​ចង់​ឈ្នះ​នោះ​ទេ ដោយសារ​តែ​ជ័យជម្នះ​របៀប​នេះ​គឺ​មាន​តែ​ការ​រិះគន់ និង​គ្មាន​កិត្តិយស ។ លោក​មិន​ចោទ​ថា​គង់ សំបូរ ពិតជា​ស៊ី​ឡាក់​១០០​ភាគរយ​នោះ​ទេ ប៉ុន្តែ​លោក​យល់​ឃើញ​ថា កម្លាំង​ជង្គង់​របស់​កីឡាករ​ថៃ​ដែល​បាន​អុក​ត្រូវ​ក្រោយ​ពី​លោក​អាជ្ញាកណ្ដាល​គោះ​ឱ្យ​ចេញពី​ខ្សែ​រេញ​នោះ គឺ​មិន​ខ្លាំង​ដល់​ថ្នាក់​ឱ្យ​គេ​ប្រកាច់​ននៀល​នៅ​លើ​រេញ​រហូត​បញ្ចប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣​នោះ​ទេ ដោយសារ​តែ​គេ​គឺជា​កីឡាករ​ល្អ​ហើយ​ធ្លាប់​ត្រូវ​ជង្គង់​ក្នុង​ទម្ងន់​លើស​នេះ​ច្រើន​ដង ក៏​នៅ​តែ​បន្ត​ការ​ប្រកួត​ទៀត​បាន​។

លោក​មិន​យល់​ស្រប​ឱ្យ​កីឡាករ​ណា​ម្នាក់​ឆ្លៀត​ពេល​ចាប់កំហុស​គូប្រកួត​ដោយ​គ្រាន់តែ​ហេតុ​ផល​កីឡាករ​ម្ខាង​ទៀត​ទប់​កម្លាំង​វាយ​ចេញ​របស់​ខ្លួន​មិន​បាន​នោះ​ទេ ប៉ុន្តែ​ក្នុង​ពេល​កន្លង​មក​លោក​ក៏​បាន​សារភាព​ទទួលយក​ទ​ង្វើ​ស៊ី​ឡាក់​របស់​កីឡាករ​កម្ពុជា​ផង​ដែរ បើ​រក​ឃើញ​ថា​កីឡាករ​ថៃ​បាន​ថែម​មិន​ត្រូវ​បច្ចេកទេស​សម្រាប់​ការ​ប្រកួត​ពិតមែន ។ លោក​ចង់​ឃើញ​កីឡាករ​កម្ពុជា​បង្ហាញ​ភាព​ក្លាហាន និង​មានការ​តស៊ូ​មិន​ឈឺ​តិចតួច​ហើយ​ធ្វើ​ជា​ឈឺ​ធ្ងន់ គ្រប់ពេល​ដឹង​ថា​កីឡាករ​ម្ខាង​ទៀត​កើត​មាន​កំហុសឆ្គង​ក្នុង​ពេល​ប្រទាញប្រទង់​គ្នា ។ ក្នុង​ន័យ​នេះ​មិន​មាន​ន័យ​ថា​លោក​គាំទ្រ​ឱ្យ​កីឡាករ​ថៃ ឬ​កីឡាករ​ម្ខាង​ទៀត​ឆ្លៀត​វាយ​ថែម​ដែល​ផ្ទុយ​ពី​អ្វី​ដែល​បាន​ចែង​ឡើង​ក្នុង​ច្បាប់​សហព័ន្ធ​នោះ​ដែរ ។ លោក​នៅ​តែ​អះអាង​ថា ឱ្យ​តែ​ការ​ថែម​របស់​កីឡាករ​ណា​ម្នាក់​សម​នឹង​ចាប់កំហុស គឺ​លោក និង​គណៈកម្មការ​ពិតជា​កំណត់​ឱ្យ​ចាញ់ ប៉ុន្តែ​សម្រាប់​ករណី​របស់​គង់ សំបូ​រលោក​ថា មិន​អាច​ឱ្យ​ឈ្នះ​លើ​កីឡាករ​ថៃ​បាន​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ពិតជា​អុក​ជង្គង់​ក្រោយ​ពេល​អាជ្ញាកណ្ដាល​បំបែក​ឱ្យ​ចេញ​ឆ្ងាយ​ពី​ខ្សែ​រេញ​ពិតមែន ប៉ុន្តែ​ពេល​មានការ​ប្រទាញប្រទង់​ចេញ​ផុត​ពី​ខ្សែ​រេញ គឺ​កីឡាករ​ម្នាក់​ៗ​មាន​សិទ្ធិ​បន្ត​ការ​ប្រកួត ។ ម្យ៉ាង​មក​ពី​លោក​មិន​ចង់ឱ្យ​មាន​ទម្លាប់​អាក្រក់​បែប​នេះ​នៅ​លើ​សង្វៀន​នោះ​ផង ទើប​លោក​ត្រូវ​តែ​ឱ្យ​អ្នក​ធ្វើ​សន្លប់​បរាជ័យ​លើ​រេញ ដើម្បី​ទុកជា​គំរូ​មួយ​ដល់​កីឡាករ​ផ្សេង​ទៀត​កុំឱ្យ​ឆ្លៀតឱកាស​ស៊ី​ឡាក់ ។

លោក រាជ សូ​ផែន ប្រធាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ ដែល​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ថ្ងៃ​នោះ​ក្រោយ​ពី​សម្រាក​ព្យាបាល​ជំងឺ​មួយ​រយៈ​បាន​អះអាង​ថា លោក​មិន​គាំទ្រ​ឱ្យ​មាន​បញ្ហា​ដេក​ផ្សំ​ផ្ដួល​រមួល​ផ្សំ​គ្រេច​នោះ​ទេ ដោយ​លោក​យល់​ថា កីឡាករ​ឱ្យ​តែ​មាន​ទម្លាប់​បែប​នេះ គឺ​វិស័យ​ប្រដាល់​នឹង​មិន​មានការ​រីក​ចម្រើន ហើយ​ធ្វើ​ឱ្យ​មានការ​រិះគន់​ផ្ទុះ​ឡើង បើ​ខាង​គណៈកម្មការ​កាត់ក្ដី​ឱ្យ​កីឡាករ​ដែល​ប្រឹង​ស៊ី​ឡាក់​បាន​ឈ្នះ​។ លោក​ថា ការ​ប្រកួត​លោក​មិន​ចង់ឱ្យ​មានការ​បែងចែក​ថា​កីឡាករ​កម្ពុជា ឬ​កីឡាករ​ថៃ​នោះ​ទេ គឺ​ចង់ឱ្យ​មានការ​គិត​ស្មើ​ថា ឱ្យ​តែ​អ្នក​ណា​ធ្វើ​រឿង​មិន​សម​គឺ​ឱ្យ​ចាញ់ ឬ​ដាក់​វិន័យ ។ លោក​ថា កីឡាករ គង់ សំបូរ នឹង​ត្រូវ​ហៅ​មក​ព្រមាន ដើម្បី​ឱ្យ​ការ​ប្រកួត​លើក​ក្រោយ​មិន​មាន​បញ្ហា​បែប​នេះ​កើតឡើង ។ យ៉ាងណា​ក៏​ដោយ​លោក​ថា ករណី​របស់ គង់ សំបូរ មិន​មានការ​ពិន័យ ឬ​ស្ដីបន្ទោស​នោះ​ទេ ដោយសារ​តែ​លោក​ក៏​មិន​អាច​ដឹង​ថា​មួយ​ជង្គង់​ដំបូង​ដែល​ធ្វើ​ឱ្យ​គេ​ប្រកាច់​នោះ តើ​សម​នឹង​ប្រកាច់​មែនទែន ឬ​ធ្វើ​ពុត​។

ម្យ៉ាង​មក​ពី​កីឡាករ​ថៃ​ក៏​បាន​ថែម​មួយ​ជង្គង់​ទៀត​ក្រោយ​ពី​អុក​ត្រូវ​លើក​ដំបូង​យ៉ាង​ទម្ងន់​ផង ទើប​លោក​យល់​ថា គេ​អាច​នឹង​ឈឺ​ខ្លាំង​ហើយ​ឈាន​ដល់​ប្រកាច់​ពិតមែន គឺ​មិន​អាច​ធ្វើ​ពុត​ទេ ដោយ​គ្រាន់តែ​ស្ថានភាព​នោះ​លោក​យល់​ថា គេ​ចង់ស៊ី​ឡាក់​ដើម្បី​ចាប់កំហុស​កីឡាករ​ថៃ​។

ក្រោយ​ការ​កាត់ក្ដី អ្នកគាំទ្រ​ភាគច្រើន​និយាយ​ថា​កីឡាករ​គង់ សំបូរ ស៊ី​ឡាក់​មិន​បាន​សម្រេច​ត្រូវ​គេ​កំណត់​ឱ្យ​ចាញ់​ដោយ​ខ្លួនឯង ៕