ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើខ្ជិលច្រអូសធ្វើម្តេចនឹងឃើញស្រមោលទ្រព្យ

6 ឆ្នាំ មុន

ការងារ​ទាំងឡាយ​មិន​ថា​ធ្ងន់​ឬ​ស្រាល តិច ឬច្រើន​គប្បី​តាំងចិត្តធ្វើ​យា​៉​ង​​​​​ប្​​រុង​​​ប្រយ័ត្ន និង​ព្យាយាម​បំផុត​ទើប

ការងារ​ទាំងឡាយ​មិន​ថា​ធ្ងន់​ឬ​ស្រាល តិច ឬច្រើន​គប្បី​តាំងចិត្តធ្វើ​យ៉ាងប្រុង​​​ប្រយ័ត្ន និង​ព្យាយាម​បំផុត​ទើប​ទទួល​បាន​លទ្ធផល​ល្អ  តែបើ​បុគ្គល​ធ្វើ​ទៅ​តាម​ចំណង់​ជួន​ធ្វើ​ជួន​មិន​ធ្វើ ឃ្លាន​ពេក ស្រេក​ពេក ក្តៅ​ពេក ត្រជាក់​ពេក នៅព្រឹកពេក ល្ងាចពេក យប់ពេក…ធ្វើ​មិនកើត​ទេខ្ជិលច្រអូស ការងារ​នោះ​ក៏មិន​អាច​សម្រេច​ផលបាន​ឡើយ ។

ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​អប់រំ​មនុស្ស​ឱ្យធ្វើ​កិច្ចការ​ប្រកបដោយ​ធម៌​៤​ជា​ផ្លូវ​ឱ្យ​សម្រេចប្រយោជន៍​ទាន់​​​ពេល​​បច្ចុប្បន្នគឺ​​​ ១-​ឆន្ទៈ ធ្វើ​កិច្ចការ​ដោយ​ទឹកចិត្ត​មោះមុត​មិន​រារែក ពោល​គឺ​ពេញចិត្ត​ក្នុង​ការ​ប្រព្រឹត្ត​ធ្វើ​កិច្ចការនោះនោះ ២-​វិ​រិ​យៈ យក​ការ​ព្យាយាម​ជា​ធំដើម្បីសម្រេចលើការងារ ៣-​ចិ​ត្តៈ ប្រកប​កិច្ចការ​ដោយ​យកចិត្តទុកដាក់ខ្ពស់ និង​៤-​វីមំសា ពិចារណា​រកការពិតក្នុង​កិច្ចការ​នោះ​នោះឱ្យប្រាកដ ។ ឥទ្ធិបាទ​ធម៌​ទាំង​៤​នោះ​ជា​ធម៌​សំខាន់​បំផុត​របស់​សត្វលោក​(​ទាំង​ផ្លូវលោក និង​ផ្លូវធម៌​) ។ ដូច្នេះ​យើង​គួរ​សង្វាត​បំពេញ​ឱ្យ​បាន​គ្រប់គ្រាន់​គង់​នឹង​បាន​សម្រេចប្រយោជន៍​ឃើញ​ទាន់​ភ្នែក​នា​ពេលបច្ចុប្បន្ន​ពុំដែល​ឃ្វាង​ឡើយ ។

ក្នុងសេចក្តីខាងលើក​នេះ​ លោក​សំដៅ​យក​​សេចក្តី​ព្យាយាម​ធ្វើ​ការងារ​ទាំងឡាយដោយ​​មឺ​ុ​ង​មា​៉​ត់​ដរាប​ដល់ទី​បំផុត​មិន​ខ្ជិលច្រអូស​បោះបង់​ចោលការ​ងារ​ដែល​កំពុង​ធ្វើ​មិន​ទាន់​សម្រេច​នោះនៅកណ្តាលទី​ឡើយ ពោលគឺការតាំងចិត្តធ្វើដោយ​មិន​មាន​សេចក្តី​ធុញទ្រាន់ ប្រកាន់​ត្អូញត្អែរ​ថា ព្រឹក​ពេក ល្ងាច​ពេក យប់ពេក រងា​ពេក ក្តៅ​ពេក ស្រេក​ពេក ឃ្លាន​ពេក ធ្វើ​កិច្ចការ​ទាំងពួង​មិនកើតទេ ។

ពិតណាស់​កិច្ចការ​ទាំងអស់​ក្នុង​លោក​ដែល​នឹង​សម្រេច​ទៅ​បានក៏​ព្រោះ​អាស្រ័យ​ការ​ព្យាយាម​ជា​ធំ ។ ការ​រៀនសូត្រ បើ​ប្រាសចាក​ព្យា​យម​ហើយ ធ្វើ​ម្តេច​ឡើយ​នឹង​បាន​ចេះ​ដឹង ចម្លង​ខ្លួន​ឱ្យ​ផុត​ពី​មោហ​ភាព​ទៅ​កាន់​បណ្ឌិត​ភាព​បាន ។ បើ​ល្ងង់​ឥត​វិជ្ជា​ហើយ​ធ្វើ​ម្តេច​នឹង​រក​សេចក្តីសុខ​សុភមង្គលឃើញ សម​ដូច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សម្តែង​ថា វិ​រិ​យេ​ន ទុក្ខម​ច្ឆេ​តិ គេ​អាច​ឆ្លង​សេចក្តី​ទុក្ខ​បាន​ដោយ​ការ​ព្យាយាម ។

រីឯការ​ស្វែងរក​ទ្រព្យ​បើ​ប្រាសចាក​ព្យាយាម​ហើយ ធ្វើ​ម្តេច​នឹង​មាន​ធនធាន​ មាន​មាសប្រាក់​ផ្ទះសម្បែង លុយឡាន ​នឹង​រត់​ចូល​មក​ងាយៗ​បាន ធ្វើ​ម្តេច​នឹង​រួច​ចាក​ភាព​ក្រីក្រ​ទៅ​កាន់​ត្រកូល​ខ្ពង់ខ្ពស់​នឹង​គេ​កើត លុះត្រា​​តែ​ប្រឹងប្រែង​យា​៉​​ង​​​​​​ពេញទំហឹង​ឥត​សំចៃ​កម្លាំង មិន​ស្គាល់​យប់​មិន​ស្គាល់​ថ្ងៃ សូ​ម្បី​ហូប​ចុក​ក៏​ស្ទើរតែ​មិន​ត្រង់​មាត់​ផង គេដើរយើងរត់ គេសម្រាកយើងលួចចេញរកសីុ បានទ្រព្យហើយកុំភ្លើតភ្លើន និងចេះចាយវាយ​​ឱ្យបានត្រឹមត្រូវ​​​​ កុំចេះតែចាយតាមចិត្ត្​​ចង់ពេកទើប​ឃើញ​ស្រមោល​នៃ​ទ្រព្យសម្បត្តិ​ទាំងនោះចូលមកក្បែរ សម​ដូច​ពុទ្ធភាសិត​ថា ឧដ្ឋាន​តា វិន្ទ​តេ ធ​នំ អ្នកមាន​ព្យាយាម​រឿយ​ៗ​រមែង​បាន​នូវ​ទ្រព្យ ៕ (​ឈ្វេងយល់​ឱវាទព្រះពុទ្ធ​សាសនា​ចេញ​ផ្សាយ​​រៀងរាល់ថ្ងៃ​សីល​)