ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ពង្រីក​ព្រ​លាន​យន្តហោះ​កងកេង​ឱ្យ​កាន់តែ​ធំ​ជាង​មុន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ កំពុង​តែ​មាន​សកម្មភាព​ខ្លាំង​ឡើង​ៗ តាម​រយៈ​

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ កំពុង​តែ​មាន​សកម្មភាព​ខ្លាំង​ឡើង​ៗ តាម​រយៈ​ការ​ភ្ជាប់​ជើងហោះហើរ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​​នានា​។ សកម្មភាព​ដ៏​មមាញឹក​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​នេះ​កំពុង​ពង្រីក​បន្ថែម​នូវ​ទំហំ និង​ផ្លូវរ​ត់របស់​ខ្លួន​ឲ្យ​មាន​វិសាលភាព​កាន់តែ​ធំ​ជាង​មុន ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ថា បច្ចុប្បន្ន ព្រ​លាន​យន្តហោះ​នេះ​កំពុង​ពង្រីក​បន្ថែម ដោយ​ពង្រីក​ទំហំ​កន្លែង​សម្រាប់​អ្នកដំណើរ​ធំ​ជាង​មុន​៣​ដង និង​ទំហំ​ព្រ​លាន​ជាក់ស្តែង​ធំ​ជាង​មុន​៨០% ធៀប​នឹង​ទំហំ​បច្ចុប្បន្ន ។ ការ​ពង្រីក​ព្រ​លាន​នេះ​បាន​ចាប់ផ្តើម​ហើយ និង​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​៦​ខែ ។

លោក​បន្ត​ថា ៖« ការ​ពង្រីក​នេះ នឹង​ធ្វើ​ឲ្យ​សមត្ថភាព​ព្រ​លាន​អាច​ចុះ​ចត​យន្តហោះ​ប្រភេទ​៤C ដែល​ជា​យន្តហោះ​ខ្នាត​មធ្យម ព្រោះ​ផ្លូវរ​ត់របស់​យន្តហោះ បាន​ពង្រីក​ពី​ទំហំ​២.៣០០ ដល់​ប្រវែង​២.៥០០​ម៉ែត្រ » ។

ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​បច្ចុប្បន្ន​នេះ ទទួល​ការ​ចុះ​ចត​យន្តហោះ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ចំនួន​៥២​លើក​ក្នុង​១​ស​ប្ដា​ហ៍ ក្នុង​នោះ​មាន​ជើងហោះហើរ​មក​ពី​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន ដូច​ជា Air Asia, Bayon Air, JC Airline, Sky Angkor និង Basaka Airline ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​បន្ដ​ថា ៖«​ការ​មក​ដល់​នៃ​ជើងហោះហើរ​កាន់តែ​ច្រើន​នេះ ដោយសារ​ខេត្ត​ព្រះ​សីហ​នុ​បាន​ក្លាយជា​ខេត្ត​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ​, មានការ​កើនឡើង​នូវ​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​, ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ពី​ទេសចរណ៍​ខេត្ត និង​ចំណាប់អារម្មណ៍​ចូលរួម​សហការ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ទៀត​នា​ពេល​ខាង​មុខ » ។

លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធាន​កម្ពុជា (CDRI) បាន​ថ្លែង​ថា នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​បាន​ដាក់​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​ពិសេស ដែល​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​២​ឬ​៣ កំពុង​កំ​ណើ​រការ ហើយ​ប្រសិនជា​វិស័យ​ឧស្សាហកម្ម​ដំណើរការ​ល្អ នឹង​ផ្តល់​ផល​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ​ច្រើន ព្រោះ​ក្រៅពី​ជា​តំបន់ឆ្នេរ​ទាក់ទាញ​ទេសចរណ៍ ខេត្ត​ព្រះ​សីហ​នុ ក៏​មាន​កំពង់​ផែ​អន្តរជាតិ​ក្នុង​បរិបទ​ផ្លូវ​សូត្រ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ គឺ​ឆ្ពោះ​មក​តំបន់​នេះ ព្រោះ​គេ​មើល​តំបន់​នេះ​មាន​កំពង់​ផែ​អន្តរជាតិ ។

លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា មិន​ដល់​រយៈពេល​១០​ឆ្នាំ​ទេ ខេត្ត​ព្រះ​សីហ​នុ​នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​២​បន្ទាប់​ពី​ក្រុងភ្នំពេញ គឺ​នៅ​រយៈពេល​៥​ទៅ​៦​ឆ្នាំ​ទៀត​ប៉ុណ្ណោះ » ។ លោក​បន្ត​ថា ៖« យើង​មិន​អាច​ប្រៀបធៀប​ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ​ទេ វា​ប្រៀប​ដូច​ជា​ធៀប​ចេក និង​ឪឡឹក » ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា ខេត្ត​ព្រះ​សីហ​នុ ពិតជា​មាន​ភាព​រីក​ចម្រើន ដោយសារ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នានា ការ​កើនឡើង​នូវ​ចំនួន​វិនិយោគិន ជា​ពិសេស បន្ទាប់​ពី​ឆ្នេរសមុទ្រ​កម្ពុជា​បាន​ជាប់​ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក បាន​ធ្វើ​ឲ្យ​ខេត្ត​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន ប៉ុន្តែ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ បញ្ហា​ប្រឈម​ជា​ច្រើន​បាន​កើត​មាន​ផង​ដែរ ដូច​ជា ការ​បង្ហូរ​កាក​សំណល់​ទឹក​សម្អុយ​ចូល​ក្នុង​សមុទ្រ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​សហការ ដើម្បី​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ខេត្ត​នេះ​ដំណើរការ​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព ។

លោក​បន្ត​ថា ៖« បញ្ហា​អនាម័យ និង​បរិស្ថាន​ជា​បញ្ហា​ក្តៅ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បំផុត ដើម្បី​កុំ​ឲ្យ​ការ​ទៅ​ដល់​របស់​ភ្ញៀវ​ជា​ការ​បំផ្លាញ ដែល​វា​នឹង​អាច​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ទាំងអស់​គ្នា ប្រសិនជា​យើង​មិន​យកចិត្តទុកដាក់ » ។ លោក​បន្ត​ថា ៖« ឧទាហរណ៍​ជាក់ស្តែង នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ នៅ​ពេល​មាន​សណ្ឋាគារ​កើនឡើង​ចំនួន​២​ម៉ឺន​បន្ទប់ ការ​បំពុលបរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ » ។

យោង​តាម​មន្ត្រី​អាកាសចរណ៍​ស៊ី​វិល​នៃ ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​បញ្ជាក់​ថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៧​នេះ ជើងហោះហើរ​ដែល​បាន​ចុះ​ចត​មាន​ចំនួន​ជាង​២​ពាន់​ជើង និង​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ​១៣​ម៉ឺន​នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កាន់​ខេត្ត​នេះ​កើនឡើង​១០០% ។

ការ​កើនឡើង​នេះ​ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព សុវត្ថិភាព ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន ទំនុកចិត្ត​មក​លេង​កម្សាន្ត​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​មួយ​នេះ ។ ម្យ៉ាងទៀត ខេត្ត​ព្រះ​សីហ​នុ មាន​សក្តានុពល​ជា​ច្រើន ដូច​ជា តំបន់​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ឆ្នេរ​ខ្សាច់​ស​ស្អាត​ពី​ធម្មជាតិ ព្រៃ កោង​កាង តំបន់​កោះ​ទាំង​៣២ និង​ជីវចម្រុះ​បាតសមុទ្រ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍ រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង​២,៦​លាន​នាក់ កើនឡើង​ជិត​១៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ក្នុង​នោះ​តាម​ផ្លូវអាកាស​ចំនួន​ជាង​១,៦​លាន​នាក់ ។ ចំណែក​តំបន់ឆ្នេរ​សមុទ្រ​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៤០៣.៩៧៦​នាក់ កើនឡើង​១៣,១% ៕