ជាតិ » ព័ត៌មាន​​សេដ្ឋកិច្ច

ជីវភាព​ពលរដ្ឋ​នៅ​លើ​កោះ​ស្តេច​កំពុង​ប្រឈម

ដោយ ៖ សុវណ្ណណែត   

ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១២:៣០   (04-09-2017 12:30)

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៧០០​គ្រួសារ​ដែល​រស់នៅ​លើ​កោះ​ស្ដេច ជា​កោះ​មួយ​ស្ថិត​ក្នុងស្រុក​គិរី​ជលសារ ខេត្តកោះកុង កំពុង​ប្រឈម​នឹង​ជីវភាព​ខ្វះខាត ខណៈ​ពេល​បច្ចុប្បន្ន ការ​នេសាទ​របស់​ពួក​គេ​ក្នុង​ដែនសមុទ្រ​មានការ​ថយ​ចុះ ស្រប​ពេល​កំណើន​មនុស្ស​នៅ​លើ​កោះ​ចេះ​តែ​កើន​ជា​បន្តបន្ទាប់ ទាំង​អ្នក​កើត​នៅ​លើ​កោះ និង​អ្នក​ចំណូល​ថ្មី ។

លោក ស៊ី ប៊ុ​ន​ធឿ​ន ពលរដ្ឋ​រស់នៅ​លើ​កោះ​នេះ បាន​និយាយ​ថា លោក​បាន​មក​រស់នៅ​តាំងពី​ជាង​២០​ឆ្នាំ​មុន​មក​ម្ល៉េះ ។ កាលពីមុន មិនសូវ​មាន​មនុស្ស​ច្រើន​នោះ​ទេ តែ​រហូត​មក​ដល់​ពេល​នេះ ទាំង​អ្នក​កើត​នៅ​ទី​នេះ និង​អ្នក​ចំណូល​ថ្មី បាន​បន្ត​មក​ជា​ហូរហែ ដែល​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​នៅ​លើ​កោះ​នេះ​ចេះ​តែ​កើនឡើង ។

លោក​ថា ៖« តាំងពី​ខ្ញុំ​មក​រស់នៅ​លើ​កោះ​នេះ ខ្ញុំ​ប្រកបរ​បរជា​អ្នកនេសាទ​ដើម្បី​ចិញ្ចឹម​គ្រួសារ តែ​ពេល​នេះ ខ្ញុំ​មាន​វ័យចាស់​ហើយ ។ ដូចនេះ ខ្ញុំ​នេសាទ​ក៏​លែង​បាន​ដែរ អីចឹង​មាន​តែ​ពឹង​ទៅ​លើ​កូន​ៗ​ជា​អ្នក​រកស៊ី​ចិញ្ចឹម​វិញ » ។

លោក​បន្ត​ថា ការ​រស់នៅ​លើ​កោះ​នេះ​ពី​ដំបូង​មាន​ភាព​លំបាក​ណាស់ តែ​ពេល​នេះ​មាន​មន្ទីរពេទ្យ សាលារៀន វត្ត​អារាម និង​ផ្លូវ​គមនាគមន៍​មួយ​ចំនួន បើ​ទោះបីជា​មិនធំ និង​ទំនើប​ដូច​នៅ​លើគោក​ក្តី ។ យ៉ាងណា​ក៏​ដោយ ស្រប​ពេល​ដែល​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​កើនឡើង បញ្ហា​ប្រឈម​ក៏​កើតឡើង​ដែរ ។ ជាក់ស្ដែង កាលពីមុន អ្នកនេសាទ​នៅ​លើ​កោះ​នេះ​មាន​តិចតួច តែ​ពេល​នេះ​មាន​ច្រើន​ណាស់ ជា​ពិសេស គឺ​ការ​នេសាទ​ខុសច្បាប់​ពី​បណ្ដា​ម្ចាស់​ទូក​នេសាទ​ធំ​ៗ​ទាំង​ក្នុង និង​ខាងក្រៅ​ស្រុក ដូច​ជា មក​ពី​ប្រទេស​ថៃ និង​វៀតណាម ជាដើម ។

លោក​បន្ត​ថា ៖« យើង​មាន​ទូក​តូច​ៗ​សម្រាប់​នេសាទ ចំណែក​គេ​ចូល​មក​នេសាទ​ក្បែរ​កោះ​យើង​គេ​ប្រើ​ទូក​ធំ និង​ប្រើ​ស្បៃ​មុង​ធំ ដែល​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់ ។ ដូចនេះ​ផល​នេសាទ​របស់​ពួក​យើង​បាន​បន្ត​ធ្លាក់​ចុះ​បន្តិច​ម្ដង​ៗ » ។

លោក ប៉ា​ល់ មុត អ្នកនេសាទ​ដែល​បាន​រស់នៅ​លើ​កោះ​ស្ដេច​តាំងពី​ជាង​១០​ឆ្នាំ​មុន ក៏​បានឱ្យ​ដឹង​ដែរ​ថា ជីវភាព​អ្នក​នៅ​លើ​កោះ គឺ​អាស្រ័យ​ទាំងស្រុង​លើ​របរ​នេសាទ បើ​របរ​នេះ​ធ្លាក់​ចុះ​នោះ កម្រិតជីវភាព​ពលរដ្ឋ​នៅ​លើ​កោះ​ទាំងអស់​នឹង​ត្រូវ​ប្រឈម​ដែរ​ហើយ ព្រោះ​នៅ​លើ​កោះ​មិន​អាច​ធ្វើ​ការងារ​ផ្សេង​បាន​ក្រៅពី​របរ​នេសាទ​ទេ​។

លោក​និយាយ​ថា ៖« យើង​មិន​អាច​ទៅ​ដាំ​ដំណាំ ឬ​ធ្វើស្រែ​ចម្ការ​បាន​ទេ​នៅ​លើ​កោះ​នេះ យើង​ពឹង​ទាំងស្រុង​ទៅ​លើ​ការ​នេសាទ ដែល​មាន​ទូក​តូច​ៗ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​យើង​នោះ គឺ​អ្នកនេសាទ​ពី​ខាងក្រៅ​ប្រើ​ទូក​ធំ​ៗ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​ចូល​មក​នេសាទ​ដែរ ដែល​ធ្វើ​ឱ្យ​ផល​នេសាទ​របស់​ពួក​យើង​ធ្លាក់​ចុះ​។ ម្យ៉ាងទៀត ពេល​គេ​ប្រើ​ទូក​ធំ​ៗ​ចូល​មក​នេសាទ យើង​ប្រើ​ទូក​តូច​ចាប់​មិន​បាន​នោះ​ទេ ដោយសារ​តែ​ទូក​ធំ​ៗ​គេ​ចាប់​យក​អស់ » ។

លោក​បន្ត​ថា បច្ចុប្បន្ន លោក​អាច​រក​ចំណូល​បាន​ប្រមាណ​ពី​២០ ទៅ​៣០​ម៉ឺន​រៀល តែ​ទូទាត់​ថ្លៃ​កម្មករ​នេសាទ និង​ថ្លៃ​ប្រេងសាំង អាច​សល់​ត្រឹម​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​ពេល​ខ្លះ​រក​មិន​បាន​ក៏​មាន​ដែរ និង​ជួន​ថ្ងៃ​ខ្លះ មាន​ភ្លៀង​ព្យុះ​អត់​បាន​ចេញ​ទូក ក៏​អត់​មាន​ចំណូល​ដូច​គ្នា​ដែរ ។

លោក គង់ សា​មឿ​ន មន្ត្រី​នគរបាល​ផ្នែក​អត្តសញ្ញាណ​កម្ម​ប្រចាំ​នៅ​លើ​កោះ​ស្ដេច បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​ស្តេច ភាគច្រើន​ជា​អ្នក​ចំណូល​ថ្មី​មក​ពី​ខេត្ត​ផ្សេង​ៗ ដូច​ជា ខេត្តកំពត កំពង់ចាម ក្រុងព្រះសីហនុ ជាដើម ។ ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​ស្ដេច មាន​ប្រមាណ​ជាង​២​ពាន់​នាក់ ដោយ​ពឹង​អាស្រ័យ​លើ​ផល​នេសាទ​ភាគច្រើន និង​មួយ​ចំនួន​ទៀត​ជា​អ្នក​លក់ដូរ​បន្តិចបន្តួច​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​និយាយ​ថា ៖« ដោយសារ​តែ​ប្រជាពលរដ្ឋ​ភាគច្រើន​ពឹង​អាស្រ័យ​ទៅ​លើ​ផល​នេសាទ ហើយ​រដូវ​នេះ​ជា​រដូវភ្លៀង​ខ្យល់ ពួក​គាត់​ត្រូវ​នៅផ្ទះ​មិន​ហ៊ាន​ចេញ​ទូក​ទៅ​នេសាទ​ទេ​។ ដូចនេះ ចំណូល​របស់​ពួក​គាត់​ក៏​ធ្លាក់​ដែរ តែ​បើសិនជា​ខែប្រាំង​វិញ ពួក​គាត់​អាច​ចេញ​ទៅ​នេសាទ​បាន​រាល់ថ្ងៃ អីចឹង អាច​រក​ចំណូល​បាន​ច្រើន​ជាង​ខែវស្សា»។

លោក​បន្ត​ថា នៅ​លើ​កោះមាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ហើយ ដូច​ជា ផ្លូវ សាលារៀន មន្ទីរពេទ្យ និង​អគ្គិសនី ដែល​ទើប​មក​ដល់​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ប៉ុន្តែ​ចំពោះ​ទឹក​ហាក់​នៅ​មាន​តម្លៃ​ខ្ពស់​បន្តិច​នៅ​លើ​កោះ​ស្ដេច ដោយ​ក្នុង​១​ម៉ែត្រគូប តម្លៃ​៧.០០០​រៀល​ឯណោះ ។

លោក​បញ្ជាក់​ថា ថ្វី​ដ្បិតតែ​កោះ​នេះ មិនមែន​ជា​គោលដៅ​ទេសចរណ៍​ក៏​ដោយ ក៏​ប៉ុន្តែ​រៀងរាល់ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​សៅរ៍​-​អាទិត្យ តែងតែ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត មើល​ទេសភាព និង​ជីវភាព​ប្រជាពលរដ្ឋ​នៅ​លើ​កោះ ហើយ​នៅ​លើ​កោះ​នេះ ក៏​មានផ្ទះ​សំណាក់​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចង់​សម្រាក​នៅ​លើ​កោះ​នេះ​ដែរ គ្រាន់តែ​មិន​ទំនើប​ដូច​នៅ​ទីក្រុង និង​នៅ​លើគោក ៕