ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនខិលខូច​ទារ​កម្រៃ​ខុសច្បាប់​ ដើម្បី​បាន​ឥណទាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង ក៏​ដូច​ជា​រក្សា​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង ក៏​ដូច​ជា​រក្សា​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​ទម្លាក់​ទុន​ជា​ច្រើន​លាន​ដុល្លារ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​ផ្តល់​ឥណទាន​ជូន​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ដែល​ត្រូវការ​ទុន​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ហើយ​គម្រោង​ពិសេស​នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ​ប្រកាស​ថា មាន​ជនខិលខូច​មួយ​ចំនួន​តូច​មាន​បំណង​ចង់​កេង​ចំណេញ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ ចុះ​ថ្ងៃ​ទី​១ កញ្ញា បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ មាន​ជន​មួយ​ចំនួន​ចង់​កេង​ចំណេញ​ពី​គម្រោង​នេះ តាម​រយៈ​ការ​ទារ​កម្រៃ​ពី​ម្ចាស់​រោង​កិនស្រូវ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​ឥណទាន​ក្រោម​គម្រោង​ពិសេស​នេះ ។ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ និង​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ទទួល​មូលនិធិ​ពិសេស​ពី​រាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​នូវ «​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​» ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​វូប​នី​យ​កម្ម​ថ្លៃ​ស្រូវ និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ប្រទេស ។

តាម​រយៈ​មូលនិធិ​ពិសេស​របស់​រាជរដ្ឋាភិបាល ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​និង​កំពុង​ផ្តល់​ឥណទាន​ជូន​ទៅ​បណ្តា​រោង​ម៉ាស៊ីន​ទាំងឡាយ​ណា ដែល​កំពុង​ប្រមូល​ទិញ​ស្រូវ​ពី​បងប្អូន​ប្រជា​កសិករ​ដោយ​គ្មាន​ការ​រើសអើង ក្នុង​អត្រា​ការ​ប្រាក់​៥%​ក្នុង​១​ឆ្នាំ ឬ​០,៤៧%​ក្នុង​១​ខែ និង​សោហ៊ុយ​ទម្រង់ការ​១%​ក្នុង​មួយ​កិច្ចសន្យា ។

សេចក្តី​ប្រកាស​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​បញ្ជាក់​ថា ៖« មាន​ជនខិលខូច​មួយ​ចំនួន​តូច​មាន​បំណង​កេង​ចំណេញ​ពី​គម្រោង​ពិសេស​របស់​រាជរដ្ឋាភិបាល ដោយ​ទារ​កម្រៃ​ពី​បណ្តា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ឥណទាន​ក្រោម​គម្រោង​ពិសេស​នេះ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែល​ការ​ទារ​កម្រៃ​នេះ​គឺ​មិន​ស្របច្បាប់ ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ពិសេស ធនាគារ​អភិវឌ្ឍន៍ជនបទ » ។ ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ទាំងអស់​កំណត់​អត្តសញ្ញាណ​ជន​នោះ​ឱ្យ​បាន​ច្បាស់លាស់ រួច​ជូនដំណឹង​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

យ៉ាងណាមិញ ករណី​នេះ​ត្រូវ​បាន​ម្ចាស់​រោង​ម៉ាស៊ីន​អះអាង​ថា មិន​ទាន់​បាន​ជួប​ប្រទះ​ទេ ហើយ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​បែប​នេះ គឺ​មិន​ងាយ​ធ្វើ​ឲ្យ​ពួក​គាត់​ក្លាយជា​ជន​រង​គ្រោះ​ទេ ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៣ កញ្ញា ម្សិលមិញ​ថា ៖« ក្នុង​គម្រោង​ពិសេស​របស់​រាជរដ្ឋាភិបាល ក្រុមហ៊ុន​បាន​ទទួល​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ យក​មក​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​បាន​ចំនួន​៥​ពាន់​តោន​ក្នុង​រយៈពេល​១០​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​នៅ​គ្រា​បន្ទាប់ យើង​មាន​គម្រោង​ខ្ចី​លុយ​រដ្ឋ​បន្ថែម​ទៀត​ទុក​សម្រាប់​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ឱ្យ​បាន​១​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ » ។

ស្រប​ពេល​រោង​ម៉ាស៊ីនកិនស្រូវ​មាន​តម្រូវការ​ទុន​បន្ថែម ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ លោក​ឧកញ៉ា​លើក​ឡើង​ថា ៖« ពី​មុន​មក​មិន​ធ្លាប់​ជួប​ប្រទះ​ជន​ឆ្លៀតឱកាស ឬ​អ្នក​មក​ទារ​កម្រៃ​ពី​ការ​ទទួល​បាន​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​ទេ តួយ៉ាង ក្នុង​រយៈពេល​១០​ថ្ងៃ​កន្លង​ទៅ​នេះ ។ មក​ដល់​សម័យនេះ យើង​មើលទៅ​គ្មាន​អ្វី​ដែល​ត្រូវ​ចាញ់បោក​ជនខិលខូច​ទេ ។ យើង​មាន​លទ្ធភាព មាន​ទូរស័ព្ទ ក៏​ដូច​ជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​បើ​មាន » ។

បើ​តាម​នាយក​ក្រុមហ៊ុន​វង្ស ប៊ុ​ន​ហេង រ៉ា​យស៍ បានឱ្យ​ដឹង​ថា ក្នុង​គម្រោង​របស់​រាជរដ្ឋាភិបាល ដែល​ផ្តល់​ឥណទាន​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​នា​ពេល​កន្លង​មក គឺ​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ហើយ​ក្រុមហ៊ុន​លោក ក៏​ពុំ​ទាន់​ខ្វះខាត​ថវិកា​សម្រាប់​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ និង​ក៏​មិន​ដែល​ជួប​ប្រទះ​ជន​ឆ្លៀតឱកាស​ដែរ ។

លោក​ឧកញ៉ា វង្ស ប៊ុ​ន​ហេង មាន​ប្រសាសន៍​ថា ៖« សម្រាប់​ក្រុមហ៊ុន​ខ្ញុំ មិន​ទាន់​ខ្វះខាត​ថវិកា​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ទេ ដោយ​មក​ខ្ចី​លុយ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ហើយ​ការ​ខ្ចី​នេះ​មិនដឹង​ថា ត្រូវ​រៀបចំ​ឯកសារ​យ៉ាងម៉េច​ទេ ។ លើស​ពី​នេះ ក្រុមហ៊ុន​ក៏​មិន​ធ្លាប់​ជួប​ជន​ឆ្លៀតឱកាស​នៅ​ក្នុង​គម្រោង​ពិសេស​របស់​រាជរដ្ឋាភិបាល​ទេ តែបើ​មាន​ជន​មួយ​ចំនួន​មាន​បំណង​កេង​ចំណេញ​នៅ​ក្នុង​គម្រោង​ពិសេស​របស់​រាជរដ្ឋាភិបាល​នេះ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ ក្នុង​ការ​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ » ៕