ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ម្រេច​កំពុង​ជួប​ទុក្ខ​ធំ ដោយសារ​តម្លៃ​

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ម្រេច​កម្ពុជា ជា​កសិផល​មួយ​មាន​ភាព​ល្បីល្បាញ ជា​ពិសេស ម្រេច​កំពត ដែល​ជា​

ខេត្ត​ត្បូងឃ្មុំ ៖ ម្រេច​កម្ពុជា ជា​កសិផល​មួយ​មាន​ភាព​ល្បីល្បាញ ជា​ពិសេស ម្រេច​កំពត ដែល​ជា​ទំនិញ​បញ្ជាក់​ភូមិសាស្ត្រ (Geographical Indication) និង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​ពិភពលោក ។

ថ្វី​ដ្បិតតែ​កសិផល​ខ្មែរ​មួយ​នេះ​មានឈ្មោះ​ល្បី តែ​អ្នក​ដាំ​ដំណាំ​នេះ​កំពុង​កើតទុក្ខ​ព្រួយ​ដោយសារ​តម្លៃ​ធ្លាក់​ចុះ ខណៈ​ដែល​ដើមទុន​យក​មក​ចំណាយ​លើ​ការ​ថែទាំ ភាគច្រើន​ខ្ចី​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ។

ជាក់ស្ដែង កសិករ​រស់នៅ​តំបន់​ត្រើយ​ខាងកើត​ទន្លេមេគង្គ បាន​នាំ​គ្នា​ដាំ​ម្រេច​ជា​ច្រើន​ពាន់​ហិ​កតា ក្នុង​នោះ​នៅ​ឃុំ​ដារ ស្រុក​មេមត់ បាន​ដាំ​ច្រើន​ជាង​តំបន់​ផ្សេង​ៗ ។

កាលពីដើម​ឆ្នាំ​មុន តម្លៃ​ទីផ្សារ​១​គីឡូក្រាម​៤​ម៉ឺន​រៀល ពួក​គេ​ម្នាក់​ៗ​រីករាយ និង​បាន​ពង្រីក​ការ​ដាំ​ដុះ​រាប់រយ​ហិ​កតា​បន្ថែម​ទៀត ប៉ុន្ដែ​មក​ដល់​ឆ្នាំ​២០១៧​នេះ​តម្លៃ​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​១​ម៉ឺន​៧​ពាន់​រៀល ធ្វើ​ឲ្យ​ពួក​គេ​ម្នាក់​ៗ​ជួប​ទុក្ខ​ធំ ដោយសារ​តែ​ទុន​ដែល​ចំណាយ​លើ​ការ​មើលថែ សុទ្ធតែ​ខ្ចី​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ។

អ្នកស្រី ន​ង វណ្ណ​នី នៅ​ភូមិ​៧​មក​រា ឃុំ​ដារ ស្រុក​មេមត់ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ សីហា​ថា អ្នកស្រី​បាន​ដាំ​ម្រេច​នៅ​លើ​ផ្ទៃដី​ទំហំ​២​ហិ​កតា ។ នៅ​ពេល​ហុច​ផល​ដំបូង​នោះ មាន​ឈ្មួញ​វៀតណាម​មក​ទិញ​ដល់​ផ្ទះ ដោយ​ក្នុង​១​គីឡូក្រាម​បាន​តម្លៃ​៤​ម៉ឺន​រៀល គាត់​ពិតជា​សប្បាយ​រីករាយ ហើយ​ក៏​បាន​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម​ទៀត​រហូត​ពេញ​ដី​តែ​ម្តង ។

ក្រោយមក តម្លៃ​ម្រេច​បាន​ធ្លាក់​ចុះ​ជា​បន្ដ បន្ទាប់​តាំងពី​៤​ម៉ឺន​រៀល ដល់​ជាង​៣​ម៉ឺន​រៀល ហើយ​បច្ចុប្បន្ន នៅ​សល់​ត្រឹមតែ​១​ម៉ឺន​៧​ពាន់​រៀល​ប៉ុណ្ណោះ ធ្វើ​ឲ្យ​គ្រួសារ​គាត់​ជួប​ការ​លំបាក ខណៈ​ដែល​ទុន​ចំណាយ​លើ​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ និង​ថែទាំ សុទ្ធតែ​ខ្ចី​ពី​គេ​មក ។

លោក ឡូ​វ គា​រុន នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ចាប់ផ្តើម​ដាំ​ម្រេច ដោយ​ពង្រីក​ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​២​ពាន់​ជន្លង់ ។ ក្នុង​ពេល​ទទួលផល​ដំបូង​លក់​បាន​៤​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្តែ​រាល់​ថ្ងៃនេះ ចុះ​មក​នៅ​ត្រឹម​ពី​១​ម៉ឺន​៦​ពាន់ ទៅ​១​ម៉ឺន​៧​ពាន់​រៀល​ប៉ុណ្ណោះ ស្ទើរតែ​រក​លុយ​បើក​ឲ្យ​កម្មករ​មិន​បាន​ផង។ អាស្រ័យ​ហេតុនេះ សូម​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​ពាក់ព័ន្ធ​ជួយ​ស្វែងរក​ទីផ្សារ ធ្វើ​យ៉ាងណា ឲ្យ​កសិផល​មួយ​នេះ​មាន​តម្លៃ​ប្រសើរ​ឡើង​វិញ​ផង ។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ម្រេច​ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​នៅ​ខេត្ត​ត្បូងឃ្មុំ ទាំងមូល​មាន​ជាង​២.៧០០​ហិ​កតា ក្នុង​នោះ​១​ពាន់​ហិ​កតា​កំពុង​តែ​ប្រមូល​ផល ។ ទាក់ទង​នឹង​តម្លៃ​ម្រេច​ក្នុង​អំឡុង​ឆ្នាំ​២០១៤ និង​២០១៥ គឺ​ចាប់ពី​ជាង​៣​ម៉ឺន ទៅ​៤​ម៉ឺន​រៀល ។ ដើម្បី​ឲ្យ​ម្រេច​មាន​តម្លៃ ទាល់តែ​កសិករ​ដាំ​ម្រេច​ចងក្រង​ជា​សហគមន៍ ។

នៅ​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ម្រេច គឺជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ចំនួន​១៩​មុខ​ដែល​មាន​សក្តានុពល​នាំ​ចេញ​របស់​កម្ពុជា ប៉ុន្ដែ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ កសិផល​ខ្មែរ​មិន​ថា ម្រេច ស្រូវ ឬ​ពោត​នោះ​ទេ សូ​ម្បី​តែ​ផ្លែស្វាយ​ក៏​មាន​បញ្ហា​តម្លៃ និង​គ្មាន​ទីផ្សារ​ដែរ ។ ទោះបី​យ៉ាងណា នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល ជា​ពិសេស ក្រសួង​ពាក់ព័ន្ធ​ប្រឹងប្រែង និង​លើក​ស្ទួយ​កសិផល​ខ្មែរ​យ៉ាង​ខ្លាំង​ដូច​ជា ទម្លាក់​ថវិកា​គាំទ្រ​វិស័យ​ស្រូវ​អង្ករ​, សហការ​ជាមួយ​សហគមន៍​ម្រេច​អន្តរជាតិ ដើម្បី​បង្កើត​ជា​វេទិកា​ប្រឹក្សា​ជាមួយ​កសិករ អ្នក​ប្រមូល​ទិញ និង​អ្នក​នាំ​ចេញ​ម្រេច ក្នុង​គោលបំណង​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ផលិតផល​ម្រេច​នៅ​កម្ពុជា ជាដើម ។

បើ​តាម​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូ​រ៉ា បាន​មាន​ប្រសាសន៍​ថា ៖«​ដើម្បី​ជំរុញ​លើកកម្ពស់​វិស័យ​ម្រេច​ឱ្យ​មាន​ភាពរឹងមាំ បង្កើន​គុណ​តម្លៃ និង​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច ក្រសួង​បាន​រៀបចំ​យុទ្ធសាស្ត្រ​មួយ​ចំនួន ហើយ​ក្រសួង​នឹង​បន្ត​ជួយ​រៀបចំ​បង្កើត​ជា​សហព័ន្ធ​ម្រេច​កម្ពុជា ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​មួយ​រឹង​មាំ​ជាង​មុន សម្រាប់​ធ្វើ​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​លើ​វិស័យ​ម្រេច ដូច​ជា បញ្ហា​ទីផ្សារ ការ​នាំ​ចេញ កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ឈាន​ទៅ​ចូលរួម​ជា​សមាជិក​របស់​សហគមន៍​ម្រេច​អន្តរជាតិ​នា​ពេល​ខាង​មុខ » ។

គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៧ ដំណាំ​នេះ​ត្រូវ​បានឃើញ​រីក​ដុះដាល​នៅ​ក្នុង​ខេត្ត​ចំនួន​១៩ ចាប់ពី​តំបន់​និរតី រហូត​ដល់​តំបន់​ពាយ័ព្យ និង​ភូមិភាគ​ឦសាន​នៃ​ប្រទេស ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ប្រមាណ​៦.៦៧៨​ហិ​កតា ហើយ​ផ្តល់​ទិន្នផល​២០.០៥០​តោន ។ បន្ទាប់​ពី​កាត់​ទុក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ប្រមាណ​៣០០​តោន វា​ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​ប្រទេស​ជប៉ុន កូរ៉េ តៃវ៉ាន់ សហគមន៍​អឺរ៉ុប និង​អា​មេ​រិ​ក ជាដើម ៕