ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ត្រូវ​អវត្តមាន​ដល់​ចប់​រដូវ​កាល​នេះ ដើម្បី​ទទួល​ការ​វះកាត់​ដ៏​ចាំបាច់​បំផុត

2 អាទិត្យ មុន

បារាំង ៖ Neymar ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​អ្នកមាន​បារាំង Paris St-Germain នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​

បារាំង ៖ Neymar ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​អ្នកមាន​បារាំង Paris St-Germain នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ ដោយ​រូបគេ​ត្រូវ​ទទួល​ការ​វះកាត់​បញ្ហា​របួស​កជើង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៣ កន្លង​ទៅ​។

Picture

ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ​៣១​ឆ្នាំ​រូប​នេះ បាន​រង​របួស​កជើង​ខាងស្តាំ អំឡុង​ការ​ប្រកួត​របស់​ក្រុម PSG ទទួល​ជ័យជម្នះ​ដោយ​លទ្ធផល ៤-៣ លើ​ក្រុម​ភ្ញៀវ Lille នៅ​កីឡដ្ឋាន Parc des Princes កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ កន្លង​ទៅ​។

ក្លិប PSG បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​បញ្ជាក់​ថា Neymar បាន​រង​របួស​ត្រង់​កជើង​ខាងស្តាំ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​ការ​វះកាត់​គឺ​ចាំបាច់​បំផុត ដើម្បី​ជៀសវាង​ហានិភ័យ​ធំ​សម្រាប់​ពេល​អនាគត​។ ក្លិប​បាន​បន្ថែម​ថា ដំណើរការ​ព្យាបាល​ក្រោយ​ការ​វះកាត់​នឹង​មាន​រយៈពេល​ពី​៣​ទៅ​៤​ខែ មុន​ពេល​រូបគេ​អាច​វិល​ត្រឡប់​បន្ត​ការ​ហ្វឹកហាត់​បាន​ឡើង​វិញ​។

Picture

Neymar បាន​ជួប​បញ្ហា​របួស​ជើង​ស្តាំ​ជា​ច្រើន​ដង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​។ រូបគេ​បាន​ខកខាន​ការ​ប្រកួត​២​លើក​របស់​ក្រុម​សាំ​ប៉ា​ប្រេ​ស៊ី​ល​នៅ​ឯ​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា បន្ទាប់​ពី​បាន​រង​របួស​ក្នុង​ការ​ប្រកួត​បើក​ឆាក ក្នុង​ពូ​ល​របស់​ពួក​គេ​ជាមួយនឹង​ស៊ែ​ប​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​អ្នកមាន​បុណ្យ Barcelona រូប​នេះ ក៏​បាន​ខកខាន​ការ​ប្រកួត​នៅ​ពានរង្វាន់ Copa America កាលពី​ឆ្នាំ ២០១៩ ផង​ដែរ បន្ទាប់​ពី​រង​របួស​សរសៃ​ចង​នៅ​កជើង​ខាងស្តាំ ហើយ​ក៏​ធ្លាប់​ត្រូវ​អវត្តមាន​ជា​ច្រើន​ស​ប្តា​ហ៍ នៅ​ក្នុង​ឆ្នាំ ២០២១ ជាមួយនឹង​បញ្ហា​របួស​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ​។

Picture

សូម​ជម្រាប​ថា នៅ​ក្នុង​រដូវ​កាល​នេះ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​១៨​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន​២៩​ប្រកួត​សម្រាប់ PSG នៅ​គ្រប់​កម្មវិធី ខណៈ​ដែល​ក្រុម​របស់​លោក Christophe Galtier បច្ចុប្បន្ន​កំពុង​កាន់កាប់​កំពូល​តារាង ដោយ​ដាច់​៨​ពិន្ទុ​ក្រុម​លេខ​២ Marseille​។

យ៉ាងណាមិញ PSG ត្រូវ​មាន​ភារកិច្ច​ដ៏​ធំ​នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ UEFA Champions League ដោយ​ត្រូវ​តទល់​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ Bayern Munich នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​កាលពី​ជើង​ទី​១ នៅ​ទឹកដី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ កន្លង​ទៅ បញ្ចប់​ទៅ​ដោយ​ចាញ់​ក្នុង​លទ្ធផល ១-០៕

Picture