ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រូ​ត​ពិនិត្យ​ទំនិញ​ហួស​សុពលភាព ដូច​ភ្លៀងរលឹម

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត និង​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត និង​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើ​សកម្មភាព​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ នៅ​តាម​មី​នី​ម៉ាត​នានា នៃ​មហាវិថី​ស៊ី​វត្ថា ក្នុង​ក្រុង​សៀមរាប ដើម្បី​ឱ្យ​អាជីវករ​បាន​យល់​កាន់តែ​ច្បាស់​។ ការ​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ​ហួស​គុណភាព​នោះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

លោក ង៉ែត ចេក ប្រធាន​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បាន​ប្រាប់​ថា ការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​តាម​ទីផ្សារ​នានា ឬ​ក៏​មី​នី​ម៉ាត​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ទំនិញ​គ្មាន​គុណភាព និង​ការពារ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ បន្ទាប់​ពី​ការ​ពិនិត្យ​មើល​លើ​ផលិតផល​កំប៉ុង ដប និង​ផលិតផល​វេច​ខ្ចប់​រួច​មក ដែល​កំពុង​ដាក់​តាំង​លក់​នៅ​តាម​ផ្ទះ និង​ផ្សារ​ទំនើប​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប​នោះ​។ ជាក់ស្តែង ក្រុម​ជំនាញ​យើង​បាន​ពិនិត្យ​ឃើញ​មាន​ផលិតផល​ខ្លះ​ៗ បាន​ប្រែប្រួល​ខូចគុណភាព​ដូច​ជា​កំប៉ុង​ក្រពឹត ហួស​កាលបរិច្ឆេទ ប្រើប្រាស់ ហើយ​ត្រូវ​បាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ធ្វើការ​ណែនាំ និង​ធ្វើ​កំណត់ហេតុ​ដកហូត យក​មក​រក្សា​ទុក ដើម្បី​ស្នើ​សុំ​គោលការណ៍​ថ្នាក់លើ​យក​ទៅ​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ផលិតផល​ដែល​ខូចគុណភាព​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត​រួម​មាន​៖ ទឹកដោះគោ ស្រា​បៀរ ណេ​ស​កាហ្វេ ស្ករ​សូកូឡា និង​ទឹកក្រូច​ដប​ជ័រ​ដែល​មាន​ទម្ងន់​សរុប​៣១​គីឡូក្រាម​។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ក្រុម​កា​ងារ​ក៏​បាន​ចែក​ផ្សាយ​នូវ រូបភាព Poster និង ផ្សព្វផ្សាយ​ដល់​អាជីវករ​អ្នក​លក់ដូរ  ព្រមទាំង​អ្នក​ប្រើប្រាស់​ឱ្យ​បាន​យល់​ដឹង​អំពី​របៀប​នៃ​ការ​ជ្រើសរើស ផលិតផល​ដែល​មាន​មាន​សុវត្ថិភាព​ក្នុង​ការ​បរិភោគ ពី​ផលវិបាក​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​អាហារ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​បាន​ណែនាំ​បន្ថែម​ទៀត​ចំពោះ​ការ​លក់ទំនិញ​គ្រប់​ប្រភេទ​ជំរុញ​ឱ្យ​មានការ​បិទ​ស្ទីក​ឃ័​រ​គិត​តម្លៃ​ជា​ប្រាក់​រៀល​គ្រប់​ហាង​គ្រប់ មី​នី​ម៉ាត​នៅ​ក្នុង​ខេត្តសៀមរាប​ទាំងមូល​៕