ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​បឹង​ជ្រោង​មាន​សា​ឡុំ​បុរាណ​មួយ ដែល​គេ​ជឿ​មាន​បារមី

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ វត្ត​បឹង​ជ្រោង​ជាប់​នឹង​ព្រំដែន​វៀតណាម ស្ថិត​នៅ​ភូមិ​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់ ក្នុង​នោះ​មាន​សា​ឡុំ​បុរាណ​មួយ

ខេត្ត​ត្បូងឃ្មុំ ៖ វត្ត​បឹង​ជ្រោង​ជាប់​នឹង​ព្រំដែន​វៀតណាម ស្ថិត​នៅ​ភូមិ​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់ ក្នុង​នោះ​មាន​សា​ឡុំ​បុរាណ​មួយ ដែល​បាន​បន្សល់​ទុក​មក​ដល់​សព្វ​ថ្ងៃនេះ​។ ទោះបីជា​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​យ៉ាងណា​ក្តី​ក៏​មាន​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​នាំ​គ្នា​មក​គោរព​ថ្វាយបង្គំ​ព្រះ និង​បាន​បួងសួង​សុំ​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ​។ លោក ខ្មៅ លី អាយុ​៥២​ឆ្នាំ នៅ​ភូមិ​លាជ​ក្រោម ឃុំ​ជាំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៧​ថា ក្នុង​បរិវេណ​វត្ត​បឹង​ជ្រោង​មាន​សា​ឡុំ​បុរាណ​មួយ ដែល​ខឿន​នៅ​ជុំវិញ​ទាំង​៤​ទិស​ត្រូវ​បាន​ចាស់ទុំ​ជំនាន់​បុរាណ​នាំ​គ្នា​រៀបចំ​ថ្មបាយក្រៀម ដោយ​មាន​ទាំង​ដាក់​ព្រះ​ពុទ្ធរូប​ជា​ច្រើន​អង្គ​សម្រាប់​ឲ្យ​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​គោរព​ប្រតិបត្តិ​តាម​ឱវាទ​ព្រះពុទ្ធ សូ​ម្បី​តែ​ជីតា​របស់​គាត់​នៅ​ពេល​ដែល​កើតមក​បានឃើញ​ទួល​បុរាណ​នេះ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​។

លោក ខ្មៅ លី ប្រាប់​បន្ត​ទៀត​ថា កន្លែង​នេះ​ល្បី​មាន​បារមី​សក្តិ​សិទ្ធ លុះ​មក​ដល់​ជំនាន់​ប៉ុ​ល​ពត ព្រះ​ពុទ្ធរូប​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​ឡើង​ខ្ទេចខ្ទីរ​អស់ ដោយ​បាន​បំបិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​ពលរដ្ឋ​គោរព​ជាទី​សក្ការបូជា​នោះ​ទេ​។ តែ​ក្រោយ​ថ្ងៃ​រំដោះ​០៧ មក​រា​ឆ្នាំ ១៩៧៩ អ្នក​ភូមិ​បាន​មូលមតិ​គ្នា​រៃ​ស្រូវ​ក្នុង​១​គ្រួសារ​៣០០​គីឡូក្រាម និង​បាន​ទៅ​កាប់​ដើម​គគីរ​នៅ​ក្នុង​ព្រៃ​ក្រោយ​ភូមិ យក​កសាង​សា​ឡុំ​ជា​ថ្មី​ឡើង​វិញ និង​បាន​ដាក់​ពុទ្ធរូប​ផង​ដែរ​។ មាន​ពេល​យប់​ថ្ងៃមួយ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​ប្លាយ មាន​ចោរ​មួយ​ក្រុម​បាន​នាំ​គ្នា​ជីក​យក​វត្ថុ​បុរាណ ដែល​ចាស់​ជំនាន់​ដើម​បាន​កប់​ដាក់​នៅ​ក្នុង​ដី​មាន​សំ​រិ​ទ្ធ​ជាដើម​រហូត​ដល់​ព្រឹក​ឡើង​មាន​បន្សល់​ទុក​រណ្តៅ​ធំ​មួយ ហើយ​ចាស់​ៗ​និង​គណៈកម្មការ​វត្ត​បាន​នាំ​គ្នា​កប់​រណ្តៅ​នោះ​ហើយ​ក៏​មិន​បានដឹង​ថា តើ​របស់​ទាំងនោះ​មាន​តម្លៃ​ប៉ុណ្ណា​ដែរ​។ ភិក្ខុ​មួយ​អង្គ​ព្រះ​នាម អឿ​ន វាសនា មាន​ថេរ​ដីកា​ឲ្យ​ដឹង​ដែរ​ថា វត្ត​នេះ​បាន​កើតឡើង​តាំងពី​បុរាណកាល​មក​ម្លេះ ក្នុង​នោះ​មាន​សា​ទ្បុំ​មួយ​ដែល​គ្រឹះ ត្រូវ​បាន​កសាង​ឡើង​ពី​ថ្មបាយក្រៀម មាន​ដាក់​ព្រះ​ពុទ្ធរូប​សម្រាប់​ឲ្យ​ពុទ្ធ​បរ​ស័​ទ​នាំ​គ្នា​គោរព​បូជា ហើយ​មាន​ព្រះសង្ឃ​ចំនួន​០៣​អង្គ​គង់នៅ​សព្វ​ថ្ងៃនេះ​។

ជា​មួយ​នោះ​ក៏​មាន​ព្រះ​វិហារ​មួយ​ថ្មី​សន្លាង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​ក​ក្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​ពុទ្ធសករាជ​២៥៥៧ ត្រូវ​នឹង​គ្រឹះ​សករាជ​២០១៤​។
ហើយ​ក៏​មាន​សាលាឆាន់​១​ខ្នង​ទៀត​ដែល​ពុទ្ធបរិស័ទ​បាន​ចូលរួម​កសាង​អស់​ទឹកប្រាក់​ជាង​១២​ម៉ឺន​ដុល្លារ​ដើម្បី​ងាយស្រួល​ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ជិត​ឆ្ងាយ​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ក្នុងរដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ពេល​ខាង​មុខ​នេះ​៕