ពិ​ព័រណ៍​វេជ្ជសាស្ត្រ​ និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​លើក​ដំបូង​សម្រាប់​សិស្ស​ ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នឹង​ធ្វើ​ឡើង​នៅ​ចុង​ស​ប្តា​ហ៍​នេះ


រាជធានី​ភ្នំពេញ​៖ ពិ​ព័រណ៍​វេជ្ជសាស្ត្រ​ និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ដែល​មានឈ្មោះ​ថា Discovery Festival ដែល​មាន​គោលបំណង​ផ្តល់​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ទូ​ទាំង​ប្រទេស​ស្វែងរក​ជំនាញ​ត្រឹមត្រូវ​សម្រាប់​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​សម្រាប់​អនាគត​របស់​ពួក​គេ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ០៣ ខែកញ្ញា​ខាង​មុខ​នេះ​។

​កម្មវិធី​ពិ​ព័រ​ណ៍​ដែល​នឹង​មាន​បង្ហាញ​ពី​ជំនាញ​វិជ្ជាជីវៈ និង​ការ​ស្វែង​យល់​អំពី​វគ្គ​សិក្សា​ផ្សេង​ៗ​សម្រាប់​យុវវ័យ​នេះ ​គឺ​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​របស់​ក្រុមការងារ The Idea ជាមួយ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ឡើង​តែ​មួយ​ថ្ងៃ​គត់ នៅ​ថ្ងៃអាទិត្យ ទី0៣ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពី​ម៉ោង ១០ ព្រឹក រហូត​ដល់​ម៉ោង ៥ ល្ងាច នៅ​ផ្សារ​ទំនើប Exchange Square ដែល​មាន​ទីតាំង​ស្ថិត​នៅ​ពីក្រោយ​ស្ថានទូត​អា​មេ​រិ​ក ក្នុង​សង្កាត់​វត្ត​ភ្នំ​។

​ក្នុង​កម្មវិធី​ពិ​ព័រ​ណ៍​នេះ នឹង​មាន​សកម្មភាព​កំសាន្ត​ជា​ច្រើន ការ​បង្ហាញ​ពី​វិជ្ជាជីវៈ ​និង​សារប្រ​យោ​ជ​ន៍​របស់​ជំនាញ​នីមួយ​ៗ​ដូច​ជា វេជ្ជសាស្ត្រ ទន្តសាស្ត្រ គិ​លា​នុប​ដ្ឋា​ការ ឱសថ​​សាស្ត្រ វិទ្យាសាស្ត្រ​ព័ត៌មាន និង​ជំនាញ​ជា​ច្រើន​ទៀត ដោយ​មានការ​ចង្អុលបង្ហាញ​ និង​ពន្យល់​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ទាំងមូល​ ដើម្បី​ឲ្យ​សិស្សានុសិស្ស មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​យល់ ​និង​ជ្រើសរើស​ជំនាញ​ដែល​ពួក​គេ​ពេញចិត្ត ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ ​គឺ​និង​មាន​ទាំង​ស្តង់​លក់​អាហារ​ដ៏​ឆ្ងាញ់​ជា​ច្រើន​ផង​ដែរ​។

សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ជា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​សុខាភិបាល​មួយ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ២០០៧ ក្រោម​ការ​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​រាជ​រដ្ឋា​ភិបាល​អនុ​ក្រឹ​ត្រ​លេខ ១៧៤ ជា​សាកលវិទ្យាល័យ​មួយ​ដែល​មាន​ស្តង់ដារ​ក្នុង​ការ​សិក្សា ​និង​បង្រៀន​ជា​ច្រើន​ជំនាញ ហើយ​ថែម​ទាំង​ជា​សាកលវិទ្យាល័យ​ដែល​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​ជាតិ ​និង​អន្តរជាតិ​ក្នុង​ការ​បង្កើន​ធនធានមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

​ថ្មី​ៗ​នេះ សាកលវិទ្យាល័យ​នេះ​បាន​ពង្រឹង​នូវ​គ្រឹះ​សា្ថ​ន​ឧត្តមភាព​សិក្សាអប់រំ​ និង​វគ្គ​ជំនាញ​របស់​ពួក​គេ​នីមួយ​ៗ ដោយ​ផ្តោត​គោលដៅ​សំខាន់​ក្នុង​ការ​ពង្រឹង​ការ​អប់រំ ​ដើម្បី​កែ​ប្រែ​មុខមាត់​កម្រិត​អប់រំ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ឆ្ពោះទៅ​ជា​សាកលវិទ្យាល័យ​ដែល​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​នៅ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​នេះ​ផង​ដែរ​។ សាកល​វិទ្យាល័យ​នេះ បាន​ផ្លាស់​ប្តូរ​កម្មវិធី​សិក្សា​ទៅ​ជា​ការ​សិក្សា​ភាសា​អង់គ្លេស​ទាំងមូល ហើយ​មិន​ត្រឹមតែ​បង្រៀន​ជំនាញ​ជាក់លាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​បង្រៀន​ជំនាញ​បន្ទាប់​បន្សំ​ផង​ដែរ ដូច​ជា​ភាព​ជា​សហគ្រិន​ និង​ជំនាញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ជា​ពិសេស​ការ​ខិតខំ​បញ្ជៀប​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ពុក​រលួយ ក៏​ដូច​ជា​ការ​ប្រឆាំង​​មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ​នៅ​សកល​វិទ្យាល័យ​នេះ​ផង​ដែរ​។

​កញ្ញា លី​អាណា ផេង ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​មាន​ប្រសា​ស​ន៍​ថា​៖ «​យើង​ចង់​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរ​អាច​មានឱកាស​ ដើម្បី​ស្វែង​យល់​អំពី​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ ។ ប្រសិនបើ​យើង​អាច​ជំរុញ​អោយ​មាន​វេជ្ជបណ្ឌិត (​ដុក​ទ័​រ​) ឬ​អ្នក​វិទ្យាសាស្ត្រ​កាន់តែ​ច្រើន​ គឺ​កាន់តែ​ល្អ ពីព្រោះ​ថា ​ប្រទេស​កម្ពុជា​គួរតែ​មាន​ដុក​ទ័​រ​ល្អ ១០​នាក់​ក្នុង​ចំណោម ១០ នាក់» ។

​បន្ទាប់​ពី​ការ​បញ្ចប់​ពិ​ព័រណ៍ សាកលវិទ្យាល័យ​នេះ​នឹង​រៀបចំ​កម្មវិធី​មួយទៀត​ដែល​មានឈ្មោះ​ថា Discovery Week ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​នេះ​តែ​ម្តង ដើម្បី​ឲ្យ​សិស្ស​ទាំងអស់​ដែល​មាន​បំណង​ចង់​ចុះ​ឈ្មោះ​ក្នុង​វគ្គ​សិក្សា​នេះ មានឱកាស​ក្នុង​ការ​ស្វែង​យល់​បន្ថែម និង​កាន់តែ​ច្បាស់​ពី​កម្មវិធី​សិក្សា ហើយ​មាន​កាលបរិច្ឆេទ​ចាប់ពី​ថ្ងៃ​ទី ២-៦ ខែ តុលា ឆ្នាំ ២០១៧​។

​យុវតី សារី ពិសី ជា​សិស្ស​ដែល​ទើបតែ​បញ្ចប់​ការ​ប្រលង​ថ្នាក់​ទី ១២ នៅ​វិទ្យាល័យ​សាមគ្គី បាន​និយាយ​ថា​៖ «​ខ្ញុំ​ចាប់​អារ​ម្ម​ណ៍​ក្នុង​ពិ​ព័រ​ណ៍​នេះ​ណាស់ ខ្ញុំ​នឹង​ទៅ​ពិ​ព័រ​ណ៍​នេះ​ដើម្បី​ស្វែង​យល់​អំពី​ជំនាញ​ដែល​ខ្ញុំ​ចង់​សិក្សា​នៅ​ថ្ងៃ​អនាគត ខ្ញុំ​នឹង​នាំ​មិត្ត​ភិ​ក្តិ​ខ្ញុំ​ទៅ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើតេស្ត​ពី​សមត្ថភាព​របស់​ពួក​។ សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ជា​គិ​លា​នុប​ដ្ឋា​ការ​នៅ​ថ្ងៃ​អនាគត (​និយាយ​បណ្តើរ ​សើច​បណ្តើរ​) នេះ​គ្រាន់តែ​ជា​បំណង​របស់ខ្ញុំ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​អត់​ដឹង​ថា តើ​គិ​លា​នុប​ដ្ឋា​ការ​ត្រូវ​រៀន ​និង​ធ្វើ​អ្វីខ្លះ​នោះ​ទេ? អ​ញ្ចឹ​ង​បានជា​ខ្ញុំ​ចង់ទៅ​ដើម្បី​ស្វែង​យល់​អោយ​ច្បាស់​ហ្នឹង​ណា​បង ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​អោយ​មិត្តភក្តិ សិស្សានុសិស្ស​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា ហើយ​ស្រឡាញ់​ជំនាញ​នេះ អោយ​បាន​ទៅ​ចូលរួម​ទាំងអស់​គ្នា​»​។ ​សូម​ចូលរួម​អោយ​បាន​ច្រើន​កុះករ​ក្នុង​ពិ​ព័រណ៍​នេះ ដើម្បី​ស្វែង​យល់​អំពី​សមត្ថភាព​របស់​ខ្លួន និង​ជ្រើសរើស​ជំនាញ​ដែល​សាក​សម​សម្រាប់​អ្នក​ក្នុង​អនាគត ។

សម្រាប់​សិស្សានុសិស្ស​ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​-​ក្រុង​នានា ប្រសិនបើ​ពួក​គាត់​កក់​សំបុត្រ​ឡានក្រុង​តាម​រយៈ CamboTicket ដើម្បី​ឡើង​មក​ភ្នំពេញ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ដល់​ទៅ ៥០% ដោយ​គ្រាន់តែ​ពួក​គាត់​ជម្រាប​ជូន​ថា​ធ្វើ​ដំណើរ​មក​ចូល​រូ​ម​កម្មវិធី Discovery Festival ។

​កុំ​ភ្លេច​ណា៎ ការ​ចូលរួម​ដោយ​សេរី​នឹង​ឥត​គិតថ្លៃ​នោះ​ទេ​!

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ