ហេតុផល​មិន​គួរ​ដាក់​ជើង​លើ​តា​ប្លូ​រថយន្ត​ពេល​ធ្វើ​ដំណើរ


តើ​អ្នក​ទាំងអស់​គ្នា​ចូល​ចិត្ត​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដែរ​ឬទេ ? ពេល​ខ្លះ ដោយសារ​តែ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក អ្នក​អង្គុយ​ជិត​អ្នកបើកបរ អាច​នឹង​មាន​អារម្មណ៍​ធុញថប់ ហើយ​ក៏​លើកជើង​ទៅ​ដាក់​នៅ​លើ​តា​ប្លូ​ដើម្បី​កុំ​ឲ្យ​ស្ពឹក​ស្រពន់ ប៉ុន្តែ​បន្ទាប់​ពី​អាន​អត្ថបទ​នេះ​រួច​ហើយ អ្នក​អាច​នឹង​លែង​ធ្វើ​ដូចនេះ ។

ខាងក្រោម​នេះ គឺជា​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​ស្ត្រី​ម្នាក់ ដែល​ជួប​ប្រទះ​នឹង​រឿង​អាក្រក់​មួយ​ក្នុង​ជីវិត​របស់​នាង ដោយសារ​តែ​យក​ជើង​ទៅ​ដាក់​លើ​តា​ប្លូ​រថយន្ត​ពេល​ធ្វើ​ដំណើរ ៖

អ្នក​នាង Audra មក​ពី​រដ្ឋ​ហ្ស​ក​ហ្ស៊ី សហរដ្ឋអាមេរិក បាន​រៀបរាប់​នូវ​ហេតុការណ៍​កាលពី​២​ឆ្នាំ​មុន ពេល​ដែល​នាង​កំពុង​ជិះ​ក្នុង​រថយន្ត​នៅ​កៅអី​ខាង​មុខ​ជាប់​អ្នកបើកបរ​។ នាង​មាន​ទម្លាប់​អាក្រក់​មួយ គឺ​នាង​ចូល​ចិត្ត​លើកជើង​ដាក់​នៅ​លើ​តា​ប្លូ​រថយន្ត​ខាង​មុខ ។

នាង​បាន​ប្រាប់​ទៅ​ព័ត៌មាន KTVQ ថា ៖«​តាំងពី​ដើម​រៀង​មក ខ្ញុំ​ចូល​ចិត្ត​ដាក់​ជើង​បែប​នេះ​។ ប្តី​របស់ខ្ញុំ​តែងតែ​ប្រាប់​ឲ្យ​ខ្ញុំ​ប្រយ័ត្ន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​បាក់ជើង​បាន » ។

នាង​តែងតែ​ស្តាប់​តាម​ប្តី​របស់​នាង​ជា​និច្ច ពេល​ប្តី​នាង​ស្រែក​ប្រាប់ ប៉ុន្តែ​នៅ​ពេល​នាង​ភ្លេចខ្លួន ស្រាប់តែ​មាន​រថយន្ត​មួយ​ផ្សេង​ទៀត មក​បុក​ចំ​ពីមុខ​រថយន្ត​ដែល​នាង​កំពុង​ជិះ។ ជើង​របស់​នាង​បាន​បាក់​ជា​ច្រើន​កំណាត់ ដោយសារ​តែ​កម្លាំង​ប៉ះទង្គិច​យ៉ាង​ខ្លាំង ។ ជើង​នាង​បាន​ខ្ទាត​ពី​តា​ប្លូ មក​ប៉ះ​ជាមួយនឹង​ក្តោងច្រមុះ​និង​ស្មា ដែល​ធ្វើ​ឲ្យ​បាក់​ទាំង​ពីរ​កន្លែង​នេះ​ទៀត ។

នាង​និយាយ​ថា ៖« ពេល​បុក​ភ្លាម ពោង​សុវត្ថិភាព​លើ​តា​ប្លូ​ខាង​មុខ​បាន​ផ្ទុះ​ចេញ​មក ធ្វើ​ឲ្យ​ជើង​ខ្ញុំ​ខ្ទាត​ហោះ​មក​បុក​ជាមួយនឹង​ស្មា និង​ក្តោងច្រមុះ ។ ខ្ញុំ​មើលឃើញ​វា​ហោះ​មក​ជាប់​នឹង​មុខ​ខ្ញុំ​ស្រស់​ៗ​តែ​ម្តង » ។

អស់​រយៈពេល​២​ឆ្នាំ​មកនេះ Audra នៅ​តែ​មិន​ទាន់​ជា​ស្រួលបួល​ឡើយ ។ ជើង​របស់​នាង​នៅ​តែ​មិន​អាច​ដូច​ដើម​វិញ ។ នាង​ប្រាប់​ថា ៖«​ខ្ញុំ​មិន​អាច​បន្ត​ធ្វើការ​ជា​អ្នក​សង្គ្រោះ​បន្ទាន់​ទៀត​ទេ​។ ខ្ញុំ​មិន​អាច​លើក​អ្នកជំងឺ​បាន​ទេ ។ ជាង​នេះ​ទៀត ខ្ញុំ​មិន​អាច​ឈរ​យូរ​ជាង​៤​ម៉ោង​ឡើយ​។ រាល់ពេល​ដែល​ខ្ញុំ​ត្រូវ​ឈរ​ធ្វើការ​ចាប់ពី​៤​ម៉ោង ខ្ញុំ​តែងតែ​ឈឺ​រហូត​ដល់​ស្រក់​ទឹកភ្នែក » ។

នាង​ចែករំលែក​បទ​ពិសោធន៍​បែប​នេះ ដោយសារ​តែ​នាង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​សាង​កំហុស​ដូច​ខ្លួន ។ នាង​យល់​ថា ជីវិត​របស់​នាង​ពិតជា​ពិបាក​រស់នៅ​ណាស់ ក្រោយ​ពេល​ជួប​គ្រោះថ្នាក់​ខាងលើ ។ ចូរ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា បើជៀ​សបាន សូមកុំ​ដាក់​ជើង​លើ​តា​ប្លូ​ខាង​មុខ​ដូច Audra ឲ្យ​សោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ