លោក​អ្នកបើកបរ​លើ​គន្លង​ផ្លូវ​ត្រឹមត្រូវ​ដែរ​ឬទេ ?


រាជធានី​ភ្នំពេញ ៖ ការ​បើកបរ​លើ​ទ្រូង ផ្លូវ​សព្វថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​ថា អ្នកមួយ​ចំនួន​ហាក់ដូច​មិនសូវ​ចាប់អារម្មណ៍​លើ​គំនូស​ចែក​គន្លង​ផ្លូវ​នោះ​ទេ ខណៈ​ដែល​អ្នកខ្លះ​បើកបរ​ពាក់កណ្ដាល​គំនូស​គន្លង និង​មិនដឹង​ថា ស្ថិត​នៅ​លើ​គន្លង​ណា​ឲ្យ​ប្រាកដ ធ្វើ​ឲ្យ​អ្នកដំណើរ​ពីក្រោយ​ពិបាក​យល់​ថា​អ្នក​ខាង​មុខ​ចង់​បើកបរ​លើ​គន្លង​មួយ​ណា ។ ការ​បើកបរ​បែប​នេះ មិន​ត្រឹមតែ​ខុសច្បាប់​ចរាចរណ៍​ផ្លូវគោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​អ្នក​ដទៃ និង​អាច​ប៉ះទង្គិច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ថែម​ទៀត ។

ជាក់ស្ដែង គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៧ សីហា នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ រវាង​រថយន្ដ​ដឹក​ដី និង​រថយន្ដ​ព្រូស ។ ក្នុង​ហេតុការណ៍​នេះ រថយន្ដ​ទាំង​ពីរ​គ្រឿង​បើកបរ​ញ្ច្រា​សទិស​គ្នា តែ​បែរជា​បុក​គ្នា​បណ្ដាល​ឲ្យ​មាន​សោកនាដកម្ម​កើតឡើង​គួរ​ឲ្យ​រន្ធត់ ។ ជុំវិញ​ករណី​នេះ ប្រសិនបើ​អ្នកបើកបរ​រថយន្ដ​ទាំង​ពីរ​គោរព​តាម​ច្បាប់​ចរាចរណ៍ ប្រហែលជា​មិន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ឡើយ ។

យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជំពូក​ទី​៣ មាត្រា​៩ បាន​ចែង​ថា នៅ​លើ​ទ្រូងផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ ហើយ​គ្មាន​គំនូស​សញ្ញា​បែងចែក​ទិស​ចរាចរណ៍ អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ពាក់កណ្ដាល​ទ្រូងផ្លូវ​ផ្នែក​ខាងស្ដាំ ដោយ​បើកបរ​កៀក​ទៅ​ខាងស្ដាំ ។ នៅ​លើ​ទ្រូងផ្លូវ​ឯកទិស​ដែល​គ្មាន​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ អ្នកបើកបរ​ត្រូវ​បើកបរ​កៀក​ទៅ​ខាងស្ដាំ លើកលែងតែ​ត្រូវ​បត់​ឆ្វេង ។ អ្នកបើកបរ​អាច​ប្រើប្រាស់​ទ្រូងផ្លូវ​ខាងឆ្វេង​បាន​នៅ​ពេល​ជែង ឬ​ឈប់ ។

ចំណែក​មាត្រា​១០ បាន​ចែង​ថា នៅ​លើ​គន្លង​ផ្លូវ​តម្រូវ​សម្រាប់​យានជំនិះ​ប្រភេទ​ណាមួយ អ្នកបើកបរ​យានជំនិះ​ប្រភេទ​ដទៃ​មិន​ត្រូវ​បើកបរ​ចូល​គន្លង​នេះ​ទេ លើកលែងតែ​ត្រូវ​ចាកចេញ ឬ​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​របស់​ខ្លួន ។ នៅ​លើ​ទ្រូងផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ ហើយ​មាន​គំនូស​បែងចែក​ទ្រូងផ្លូវ អ្នកបើកបរ​ត្រូវ​ប្រកាន់​យក​ចំណែក​ផ្លូវ​ខាងស្ដាំ ។
នៅ​លើ​ទ្រូងផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ​ផ្ទុយ​គ្នា ហើយ​នៅ​លើ​ចំណែក​ផ្លូវ​នៃ​ទិស​នីមួយ​ៗ​ដែល​មាន​គន្លង​ផ្លូវ​ពីរ​ឬ​ច្រើន អ្នកបើកបរ​ត្រូវ​ប្រកាន់​យក​គន្លង​ផ្លូវ​ខាងស្ដាំ​បំផុត ។ ក្នុង​ករណី​មាន​ចរាចរណ៍​ចង្អៀត​ខ្លាំង អ្នកបើកបរ​អាច​បើកបរ​បាន​លើ​គ្រប់​គន្លង​ផ្លូវ​តាម​ទិស​ចរាចរណ៍ ហើយ​យានជំនិះ​នៅ​ក្នុង​គន្លង​ណាមួយ​លឿន​ជាង​យានជំនិះ​នៅ​ក្នុង​គន្លង​ណាមួយ​ទៀត មិន​ចាត់ទុកជា​ការ​ជែងឡើយ ។ ចំពោះ​អ្នកបើកបរ​យានជំនិះ​ដែល​មាន​ទម្ងន់​សរុប​លើស​ពី​៣,៥​តោន ត្រូវ​ប្រកាន់​យក​គន្លង​ផ្លូវ​ខាងស្ដាំ​ជា​និច្ច លើកលែងតែ​មានការ​បត់​ឆ្វេង ឬ​នៅ​ពេល​ជែង​អាច​ប្រើ ប្រាស់​គន្លង​ផ្លូវ​ផ្សេង​ទៀត​បាន ។

ក្នុង​ជំពូក​ទី​១០ មាត្រា​៨៣ បាន​ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ដល់​អ្នក​ដទៃ ហើយ​បណ្ដាល​ឲ្យ​អ្នក​រង​គ្រោះ​អសមត្ថភាព​ធ្វើ​ការងារ​ក្នុង​រយៈពេល​ស្មើ ឬ​លើស​ពី​៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​កើតហេតុ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២ ដល់​១០​លាន​រៀល និង​អាច​ត្រូវ​ផ្ដន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន​ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ (​ប្រភេទ​ទោស​បន្ថែម​) នៃ​ក្រមព្រហ្មទណ្ឌ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ