ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ជួយ​រក​ទីផ្សារ​ម្រេច

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ដំណាំ​ម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ត្រើយ​ខាងកើត​ទន្លេមេគង្គ​នាំ​គ្នា​ដាំ​ដុះ​ច្រើន​ពាន់​ហិ​កតា

ខេត្ត​ត្បូងឃ្មុំ ៖ ដំណាំ​ម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ត្រើយ​ខាងកើត​ទន្លេមេគង្គ​នាំ​គ្នា​ដាំ​ដុះ​ច្រើន​ពាន់​ហិ​កតា ក្នុង​នោះ​នៅ​ឃុំ​ដារ ស្រុក​មេមត់ បាន​ដាំ​ច្រើន​ជាង​តំបន់​ផ្សេង​ៗ ក្នុង​ពេល​ដំបូង​ៗ​តម្លៃ​ទីផ្សារ​១​គីឡូក្រាម​តម្លៃ​៤​ម៉ឺន​រៀល​។ ហើយ​ម្នាក់​ៗ​ក៏​បាន​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម​ទៀត មក​ដល់​ឆ្នាំ​២០១៧ តម្លៃ​បាន​ធ្លាក់​ចុះ​នូវ​ត្រឹម​១៧.០០០​រៀល  ហើយ​ក៏​មាន​អ្នកខ្លះ​ជំពាក់​បំណុល​ធនាគារ​ច្រើន​ផង​ដែរ​។ អ្នកស្រី ន​ង វណ្ណ​នី អាយុ​៥០​ឆ្នាំ នៅ​ភូមិ​៧​មក​រា ឃុំ​ដារ ស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ សីហា ២០១៧​ថា ក្នុង​ពេល​ដំបូង​ប្តី​របស់​គាត់​បាន​យក​ពូជ​ម្រេច​ប្រភេទ​យូ​ឡិន មក​ពី​ប្រទេស​វៀត​ណាម​មក​ដាំ​ដុះ​នៅ​ផ្ទៃដី​ទំហំ​២​ហិ​កតា ក្នុង​ពេល​ដែល​បាន​ហុច​ផល​ដំបូង​នោះ​មាន​ឈ្មួញ​មក​ពី​វៀតណាមមក​ទិញ​ដល់​ផ្ទះ​តែ​ម្តង​ដោយ​ក្នុង​១​គីឡូក្រាម​បាន​តម្លៃ​៤​ម៉ឺន​រៀល គាត់​ពិតជា​សប្បាយ​រីករាយ​ហើយ​ក៏បាន​ពង្រីក​ដាំ​បន្ថែម​ទៀត​រហូត​ពេញ​ដី​តែ​ម្តង​។

អ្នកស្រី វណ្ណ នី ប្រាប់​បន្ត​ទៀត​ថា បន្ទាប់​មក​ទៀត​តម្លៃ​ម្រេច​បាន​ចុះ​មក​នូវ​ជាង​៣​ម៉ឺន​រៀល គឺ​មិន​មាន​បញ្ហា​ចោទ​សម្រាប់​គាត់​នោះ​ទេ ដោយ​ថវិកា​ដែល​បាន​កម្រៃ​ពី​លក់​ម្រេច​នេះ គាត់​បាន​ផ្តល់​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ និង​រស់នៅ​បាន​សមរម្យ​នឹង​គេ​។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៧​នេះ​តម្លៃ​ម្រេច​បាន​បន្ត​ធ្លាក់​ចុះ​នូវ​ត្រឹម​១៧.០០០​រៀល ដែល​ពិបាក​នឹង​ចំណេញ​ណាស់ នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ​ភ្លៀង​បាន​ធ្លាក់​ជោគ​ជាំ​ពេក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពូជ​ម្រេច​នាំ​មក​ពី​វៀតណាម បាន​ងាប់​ជា​ច្រើន​ជន្លង់ កត្តា​នេះ​មក​ពី​រលួយ​ឫស​តែ​ម្តង​។ តែ​ម្រេច​ពូជ​ម៉ា​ឡេ​វិញ ដែល​គាត់​បាន​ដាំ​ដុះ នៅ​ចំហៀង​ផ្ទះ​ម្ខាង​ទៀត​មិន​បាន​ងាប់​នោះ​ទេ​គឺ​នៅ​ពេល​ដែល​ត្រូវ​ទឹកភ្លៀង​ច្រើន​កាន់តែ​ល្អ​ដើម ពូជ​នេះ​ល្អ​ធន់​នឹង​អាកាសធាតុ ហើយ​នៅ​មណ្ឌលគិរី​វិញ​១​ជន្លង់​អាច​ហុច​ផល​បាន​ដល់​ទៅ​១០​គីឡូក្រាម​ឯណោះ​។

តែ​ដី​របស់​គាត់​មាន​គ្រួ​ស​បន្តិច​ដូច្នេះ​ទិន្នផល​មិន​បាន​ច្រើន​ដូច​គេ​ទេ​។  ដោយសារ​តែ​មើលឃើញ​ពូជ​នេះ​ល្អ ទើប​មាន​អ្នក​ភូមិ​របស់​គាត​មក​សុំ​ទិញ​ដើម  គាត់​ក៏​បាន​កាត់​លក់​ឲ្យ​ទៅ​គេ​ជា​ហូរហែ និង​ប្តេជ្ញា​ដាំ​ពូជ​ម្រេច​ម៉ា​ឡេ​នេះ​ឲ្យ​បាន​២​ហិ​កតា​ព្រោះតែ​ងាយស្រួល​ថែទាំ​។ លោក ឡូ​វ គា​រុន អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ប្រាប់​ថា​គាត់​បាន​ចាប់ផ្តើម​ដាំ​ម្រេច​ដោយ​បាន​ពង្រីក​បន្តបន្ទាប់​បាន​រហូត​ដល់​ទៅ​២.០០០​ជន្លង់ ក្នុង​ពេល​បាន​ផល​ដំបូង​លក់​បាន​៤​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម តែ​រាល់​ថ្ងៃនេះ​ចុះ​មក​នូវ​ត្រឹម​ពី​១៦.០០០​រៀល​ទៅ​១៧.០០០​រៀល​។ ណាមួយ​ផាត់​ការ​ចំណាយ​ទៅ​លើ​កម្មករ​នោះ​គាត់​ទទួល​បាន​ប្រាក់​ចំណេញ​តិច​ពេក ហើយ​ក៏​ស្នើ​សុំ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​ជួយ​រក​ទីផ្សារ​ឲ្យ​ប្រសើរ​ជាង​នេះ​។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ម្រេច​ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​នៅ​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល​មាន​ជាង​២.៧០០​ហិ​កតា ក្នុង​នោះ​មាន​ជាង​១.០០០​ហិ​កតា​កំពុង​តែ​ប្រមូល​ផល ។ ទាក់ទង​តម្លៃ​ម្រេច​ក្នុង​អំឡុង​ឆ្នាំ​២០១៤ និង​២០១៥​តម្លៃ​ពី​៣​ម៉ឺន​រៀល​ជាង​ទៅ​៤​ម៉ឺន​រៀល ដើម្បី​ឲ្យ​ម្រេច​មាន​តម្លៃ​ទាល់តែ​កសិករ​ដាំ​ម្រេច​សុវត្ថិភាព ហើយ​ចងក្រង​ជា​សហគមន៍​៕