ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពង្រីក​សេវា​អីុ​ន​ធើ​រ​ណេ​ត​មិន​ពិបាក​ទេ អ្វី​ដែល​ពិបាក​គឺ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​គោលដៅ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អីុន​ធើ​រ​ណេ​ត​ឲ្យ​គ្របដណ្តប់​១០០% នៅ​គ្រប់​ទីប្រជុំជន​ក្នុង​ឆ្នាំ​២០២០ និង​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​គោលដៅ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អីុន​ធើ​រ​ណេ​ត​ឲ្យ​គ្របដណ្តប់​១០០% នៅ​គ្រប់​ទីប្រជុំជន​ក្នុង​ឆ្នាំ​២០២០ និង​ពង្រីក​ការ​គ្របដណ្តប់​រហូត​ដល់​៧០%​នៅ​តាម​ទី​ជនបទ ក្នុង​ឆ្នាំ​ដដែល​នេះ ។ ការ​ដាក់​គោលដៅ​នេះ ត្រូវ​បាន​សេដ្ឋវិទូ​យល់​ឃើញ​ថា ទោះបីជា​ចង់ មិន​ចង់ កម្ពុជា​គឺ​ត្រូវ​តែ​មានការ​ភ្ជាប់​សេវាកម្ម​អីុ​ន​ធើ​រ​ណេ​ត​បែប​នេះ ហើយ​វា​មិន​ពិបាក​នោះ​ទេ ប៉ុន្ដែ​អ្វី​ដែល​ពិបាក​នោះ គឺ​ការ​អប់រំ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អាច​ទាញ​យក​ប្រយោជន៍ និង​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ សីហា កន្លង​មក​ថា ជា​ទូទៅ នៅ​ប្រទេស​ណា ក៏​ដូច​ប្រទេស​ណា​ដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​ទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស គឺ​ត្រូវ​មានការ​ត​ភ្ជាប់​សេវា​អីុ​ន​ធើ​រ​ណែ​ត ប៉ុន្តែ​អ្វី ជា​ការ​បារម្ភ​ថា តើ​មនុស្ស​ម្នាក់​ៗ​ទទួល​បាន ការ​អប់រំ​ត្រឹមត្រូវ​ឬ​អត់? ឬ​ប្រើប្រាស់​វា​ដើម្បី​ទាញ​បាន​ផលប្រយោជន៍​ដែរ​ឬទេ ? វា​អាស្រ័យ​លើ​ផ្នត់គំនិត និង​ការ​ទទួល​បានការ​អប់រំ​របស់​មនុស្ស​ម្នាក់​ៗ ។

លោក​បន្ត​ថា ៖« ការ​បំពាក់​សេវាកម្ម​អីុ​ន​ធើ​រ​ណេ​ត​មិន​ពិបាក​ទេ អ្វី​ដែល​ពិបាក គឺ​ការ​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ប្រើប្រាស់​ទាញ​យក​ផលប្រយោជន៍​បាន​ច្រើន » ។ លោក​បន្ត​ថា ៖« ខ្ញុំ​សង្កេត​ឃើញ​ថា យុវជន​ក្មេង​ៗ​ដែល​កាន់​ស្មា​ត​ហ្វូ​ន គឺ​ពួក​គេ​ទិញ​បង្អួត​គ្នា ហើយ​លេង​ហ្វេ​ស​ប៊ុ​ក ស្តាប់​ចម្រៀង និង​លេង​ហ្គេ​ម​ជាដើម​។ ហេតុនេះ អ្វី​ដែល​ពួក​គេ​ប្រើ តើ​ជា​ការ​បង្កើត​លុយ​ឲ្យ​ពួក​គេ​ឬ​អត់ » ។

លោក​បណ្ឌិត​លើក​ឡើង​បែប​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អីុ​វ​តឹក បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ ស្តី​ពី​ហេដ្ឋា​រចនាសម្ព័ន្ធ​កម្ពុជា រៀបចំ​ដោយ​ក្រុមហ៊ុន អេ ដូ​ត​កូ (Edotco) នា​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ថា មហិច្ឆតា​របស់​កម្ពុជា គឺ​កា​រត​ភ្ជាប់​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​ត្រឹម​ឆ្នាំ​២០២០ ហើយ​បាន​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៃ​ភាព​ជា​ដៃគូ​រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​វិស័យ ICT ។

កិច្ចប្រជុំ​កំពូល​នេះ ជា​ការ​ជួបជុំ​ផ្លាស់​ប្តូរ ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ និង​មតិ យោបល់​រវាង​មន្ត្រីជាន់ខ្ពស់ និង​តួអង្គ​សំខាន់​ៗ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍ ដោយ​បាន​បង្កើត​ឲ្យ​មាន​ជា​ការ​ពិភាក្សា​គ្នា​ដើម្បី​រិះរក​វិធីសាស្ត្រ​យ៉ាងណា សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ICT​របស់​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​ថ្លែង ៖« តាម​រយៈ​គំនិត​ផ្តួចផ្តើម​របស់ អេ ដូ​ត​កូ បាន​នាំ​មក​នូវ​កា​រត​ភ្ជាប់​តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ វា​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​គាំទ្រ​ចំពោះ​ចក្ខុវិស័យ ICT របស់​ប្រទេស​កម្ពុជា » ។

អគ្គនាយក​ក្រុមហ៊ុន Edotco Group លោក ស៊ូ​រេស ស៊ី​ហូ (Suresh Sidhu) បាន​គាំទ្រ​ដល់​ចក្ខុវិស័យ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT ឆ្នាំ​២០២០ របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​នូវ​វេទិកា​ដ៏​មាន​តម្លៃ​នា​ពេល​នេះ សម្រាប់​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ភាគី​សំខាន់​ៗ​ដែល​ត្រូវការ​ជា​ចាំបាច់ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​កា​រត​ភ្ជាប់ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស ហើយ​ក្រុមហ៊ុន​នឹង​រិះរក​ពី​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​វិស័យ​នេះ ។

លោក ភី​លី​ប វ៉ង (Phillip Wong) នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន អេ ដូ​ត​កូ ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ក្រុមហ៊ុន​បានឃើញ​ពី​ការ​គាំទ្រ និង​តួនាទី​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​បង្គោល​អង់​តែ​ន​ដែល​មាន​ឯករាជ្យ​ភាព ដូច​ជា ក្រុមហ៊ុន អេ ដូ​ត​កូ និង​ភាគី​ពាក់ព័ន្ធ​សំខាន់​ជា​ច្រើន​ទៀត​សុទ្ធសឹងតែ​អាច​ធ្វើ​ជា​ដៃគូ​ដ៏​ល្អ និង​ទុកចិត្ត​បាន​ក្នុង​ការ​ឈាន​ទៅ​សម្រេច​នូវ​មហិច្ឆតា​នេះ ៕