ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​អា​មេ​រិ​ក​ធ្វើការ​សាកល្បង​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​របស់​​ខ្លួន?

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ការ​សាកល្បង​គ្រាប់បែក​ថ្មី B61-12 របស់​សហរដ្ឋ​អា​មេ​រិ​ក​បង្ហាញ​ថា

សហរដ្ឋ​អា​មេ​រិ​ក ៖ ការ​សាកល្បង​គ្រាប់បែក​ថ្មី B61-12 របស់​សហរដ្ឋ​អា​មេ​រិ​ក​បង្ហាញ​ថា មហាអំណាច​នេះ​កំពុង​ធ្វើ​ឱ្យ​ទំនើប​ដល់​អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​របស់​ខ្លួន​នៅ​អឺរ៉ុប ហើយ​តើ​ហេតុ​អី​ទៅ?

អ្នក​ជំនាញការ​យោធា​រុ​ស្ស៊ី​មួយ​រូប​បាន​ធ្វើការ​វិភាគ​សភាពការណ៍​នេះ ។ អ្នក​ជំនាញការ​រូប​នេះ​លោក​អីុ​ហ្គ័​រ​កូ​រ៉ូ​ត​ឆេ​ន​កូ និពន្ធ​នាយក​ទស្សនាវដ្តី​ការពារ​ជាតិ​រុ​ស្ស៊ី​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ SPUTNIK ថ្លែង​ថា ការ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ថ្មី​នេះ​បង្ហាញ​ថា សហរដ្ឋ​អា​េ​ម​រិ​ក​បន្ត​កម្មវិធី​ទំនើប​ភា​វូ​យ​នី​យ​កម្ម​ឱ្យ​បាន​ឆាប់​នៃ​អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​របស់​ខ្លួន​នៅ​អឺរ៉ុប និង​ថា​ក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​ដូច​ជា​អង្គការ​អូតង់​ដែរ ពិនិត្យ​ពី​យថាភាព​នៃ​សេណា​រី​យ៉ូ​សង្គ្រាម​នុយក្លេអ៊ែរ​មួយ ដែល​មាន​កម្រិត​នៅ​អឺរ៉ុប ។ លោក​យល់​ថា គ្រាប់បែក B61-12 ត្រូវ​ក្លាយជា​អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​របស់​កងទ័ពអាកាស​អូតង់​ក្នុង​ករណី​មាន​ជម្លោះ​យោធា​ជាយថាហេតុ​ជាមួយ​រុ​ស្ស៊ី ។

រដ្ឋបាល​ជាតិ​សន្តិសុខ​នុយក្លេអ៊ែរ​របស់​ក្រសួង​ថាមពល​សហរដ្ឋ​អា​េ​ម​រិ​ក​មុន​នេះ​ប្រកាស​ថា បាន​ធ្វើ​កាលពីដើម​ខែសីហា​នេះ​រួម​ជាមួយ​កងទ័ពអាកាស​អា​មេ​រិ​ក ការ​ធ្វើតេស្ត​សាកល្បង​២​លើក​គ្រាប់​បែកនុយក្លេអ៊ែរ​ថ្មី B61-12 នៅ​រដ្ឋ​ណេ​វ៉ា​ដា ។ គ្រាប់បែក​នេះ​ពុំ​ដាក់​រំសេវ​នុយក្លេអ៊ែរ​ត្រូវ​បាន​ទម្លាក់​ដោយ​យន្តហោះ​ប្រដេញ F-15E មួយ​គ្រឿង ។ ការ​សាកល្បង​ទាំង​២​ធ្វើ​ឡើង​ដើម្បី​វាយតម្លៃ​លើ​បណ្តា​តួនាទី​ពុំ​មែន​នុយក្លេអ៊ែរ​របស់​អាវុធ​នេះ ព្រមទាំង​សមត្ថភាព​របស់​យន្តហោះ​ក្នុង​ការ​ផ្ទុក​គ្រាប់បែក​នេះ ។

យោង​តាម​លោក​កូ​រ៉ូ​ត ឆេ​ន​កូ ថា គ្រាប់បែក B61-12 ក្លាយជា​គ្រាប់បែកនុយក្លេអ៊ែរ​តាក់​ទិ​ក​សំខាន់​របស់​កងកម្លាំង​អាកាស​អូតង់​ក្នុង​ករណី​មាន​ជម្លោះ​យោធា​ជាយថាហេតុ​ជា​មួ​ួ​យ​រុ​ស្ស៊ី ។ លោក​ធ្វើការ​កត់​សម្គាល់ថា ក្នុង​ឱកាស​នៃ​សមយុទ្ធ​យោធា​នានា​ពិសេស​នៅ​សមុទ្រ​បាល់​ទិ​ក​កងទ័ពអាកាស​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អូតង់​បាន​ធ្វើការ​ហ្វឹកហ្វឺន​ជា​ច្រើន​លើក​រួច​ហើយ ពី​របៀប​វាយប្រហារ​នុយក្លេអ៊ែរ​តាក់​ទិ​ក​ប្រឆាំង​បណ្តា​គោលដៅ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​រុ​ស្ស៊ី ។

លោក​អីុ​ហ្គ័​រ​កូ​រ៉ុ​ត ឆេ​ន​កូ បន្ត​ថា មូលដ្ឋាន​អាកាសចរណ៍​យោធា​៣​ដែល​មានគុណ​ភាព​ខ្ពស់​ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ ដើម្បី​ទទួល​កង​យន្តហោះ​តាក់​ទិ​ក​របស់​អូតង់​នៅ​លី​ទុ​យ​អា​នី ឡេ​តូ​នី និង​អេ​ស្តូ​នី ។ កង​យន្តហោះ​ទាំងនេះ​អាច​បញ្ជូន​ទៅ​កាន់​ទីនោះ ក្នុង​ករណី​មាន​ភាព​ធ្ងន់ធ្ងរ​នៃ​សភាពការណ៍​នយោបាយ និង​យោធា ។

ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​អូតង់ ធ្លាក់​ចុះ​ដុនដាប​កាលពី​ខែមីនា ឆ្នាំ​២០១៤ ។ លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី មុន​នេះ​ធ្លាប់​បាន​ថ្លែង​ថា ក្រុង​មូ​ស្គូ​ពុំ​គំរាមកំហែង​នរណា​ឡើយ ប៉ុន្តែ​ក៏​មិន​នៅ​ស្ងៀម​ដែរ ប្រឈម​មុខ​នឹង​ប្រតិបត្តិការ​នានា​ដែល​អាច​ចាត់​ទុក​ថា​ជា​គ្រោះថ្នាក់​សម្រាប់​ផលប្រយោជន៍​របស់​ខ្លួន ។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គួ វិញ រំលឹក​ថា រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​កង​ទាហាន​អូតង់​តាម​ព្រំដែន​រុ​ស្ស៊ី​ត្រូវ​បាន​បង្កើន​ដល់​៣​ដង រួច​កងកម្លាំង​អូតង់​ប្រមូលផ្តុំ​នៅ​ព្រំដែន​ខាងលិច​របស់​ប្រទេស​បង្កើន​ដល់​៨​ដង​ឯណោះ ។

កាលពី​ខែមិថុនា កន្លង​មកនេះ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ធ្លាប់​គូសបញ្ជាក់​ថា ការ​ពង្រីក​ខ្លួន​របស់​អូតង់ និង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​អា​មេ​រិ​ក​នៅ​អឺរ៉ុប​បង្ខំ​ឱ្យ​រុ​ស្ស៊ី​មាន​ប្រតិកម្ម​តបត​វិញ ៕