ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពីក្រោយ​ជ័យជម្នះ​ មាស ច័ន្ទ​មាន មនុស្ស​2​ក្រុម​វាយប្រហារ​ពេញបន្ទុក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា មាស ច័ន្ទ​មាន និង​កីឡាករ​ថៃ​ល្បីឈ្មោះ Phat Chhayakphum នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​២៧ ត្រូវ​បាន​កំណត់​ថា

រាជធានី​ភ្នំពេញ ៖  នៅ​ទីបំផុត ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា  មាស ច័ន្ទ​មាន និង​កីឡាករ​ថៃ​ល្បីឈ្មោះ Phat Chhayakphum នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​ទី​២៧ សីហា ត្រូវ​បាន​កំណត់​ថា​មាន​ភាព​ចម្រូងចម្រាស​បំផុត ។ ជ័យជម្នះ​របស់​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម មាស ច័ន្ទ​មាន ត្រូវ​គេ​ចោទ​ថា ទទួល​បាន​ពី​ការ​ចង់​ចាប់កំហុស​គូប្រកួត​ដោយសារ​ដឹងខ្លួន​ថា ចាញ់​ពិន្ទុ​កីឡាករ​ថៃ​យ៉ាង​គំហុក បើ​មិន​លេង​ស្ទីល​នេះ​ទេ គឺ​មិន​អាច​តស៊ូ​ជាមួយ​កីឡាករ​ថៃ​បាន​នោះ​ផង ។ ជាក់ស្ដែង គ្រាន់តែ​មានការ​ប្រកាស​ថា កីឡាករ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដោយ​មិន​ប្រក្រតី​នោះ គឺ​ទាំង​ភាគី​អ្នកគាំទ្រ និង​ភាគី​កីឡាករ​ថៃ​សុទ្ធតែ​ចោទប្រកាន់​ទៅ​លើ​កីឡាករ​មាស ច័ន្ទ​មាន និង​លោក​អាជ្ញាកណ្ដាល បើ​ទោះជា​អ្វី​ដែល​គេ​បាន​ធ្វើ​គឺ​ស្រប​នឹង​បញ្ហា​បច្ចេកទេស​ដែល​សម​នឹង​ចាប់កំហុស​កីឡាករ​ថៃ​ក្ដី​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នោះ​កីឡាករ​កម្ពុជា​និង​ថៃ​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ រហូត​ដល់​ថ្នាក់​រក​ចំណុច​មាន​ប្រៀប​ជាង​គ្នា​មិនឃើញ​ក្នុង​អំឡុង​៣​ទឹក​ដំបូង ។ ការ​ប្រកួត​របស់​ពួក​គេ​បាន​ឡើងក​ម្តៅ​មិន​ខុស​ពី​គូ​ស៊ីសាច់ហុតឈាម​នោះ​ទេ ដោយ​កីឡាករ​ថៃ​បាន​ទាំង​វាយ​ឱ្យ​កីឡាករ​កម្ពុជា​រាប់​មួយ​លើក​ភ្លាម​ៗ​ក្នុង​ទឹក​ទី​៣​នោះ​ផង ។ ក្នុង​ទឹក​ទឹ​៤ គេ​ឃើញ​កីឡាករ​ទាំង​ពីរ​កាន់តែ​ស្ទុះ​សម្រុក​ដាក់​គ្នា​មិន​ព្រម​ដក​ដៃ​ខ្លាំង​ឡើង រហូត​កីឡាករ​ថៃ​ទប់​ជំហរ​លែង​បាន​ក៏​ភ្លាត់​វាយ​មួយ​កែង​ពីក្រោយ​ត្រូវ​ចំ​ក​ញ្ចឹ​ង​.​ក​កីឡាករ​កម្ពុជា​មាស ច័ន្ទ​មាន បណ្ដាល​ឱ្យ​ដួល​ក្រោក​លែង​រួច​ហើយ​ត្រូវ​គណៈកម្មការ​កាត់ក្ដី​ឱ្យ​មាស ច័ន្ទ​មាន ឈ្នះ​ការ​ប្រកួត​ដោយ​សំអាង​ថា កីឡាករ​ថៃ​វាយ​ខុស​លក្ខន្តិកៈ​ប្រកួត ។ បើ​ទោះជា​មាន​អ្នក​ទស្សនា​មួយ​ចំនួន​យល់​ស្រប​ចំពោះ​ការ​កាត់ក្ដី​នោះ ប៉ុន្តែ​មួយ​ចំនួន​ទៀត​បាន​យល់​ឃើញ​ផ្ទុយ​ពី​នោះ​១៨០​ដឺ​ក្រេ ។

កីឡាករ​មាស ច័ន្ទ​មាន ដ្បិតថា ត្រូវ​មួយ​កែង​ក្នុង​ពេល​កីឡាករ​ថៃ​ភ្លាត់​វាយ​ត្រូវ​ក៏​ពិតមែន ប៉ុន្តែ​មិន​អាច​ដល់​ថ្នាក់​ដួល​សន្លប់​នោះ​ទេ នេះ​មក​ពី​គេ​ដឹង​ថា បើ​បន្ត​ការ​ប្រកួត​ក៏​មិន​អាច​ទៅ​រួច​ក៏​ចង់​ឈ្នះ​ដោយ​ការ​ស៊ី​ឡាក់​តែ​ម្ដង​ទើប​ប្រឹង​ធ្វើ​ននៀល​លើ​រេញ​ដើម្បី​ឱ្យ​អាជ្ញាកណ្ដាល​ចាប់កំហុស​កីឡាករ​ថៃ​តែ​ម្ដង ។ ម្នាក់​ៗ​បាន​ស្រែក​ឱ្យ​គណៈកម្មការ​ចាប់កំហុស​មាស ច័ន្ទ​មាន វិញ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ទេ ដោយសារ​តែ​ពេល​ចាក់​សាវី​ដេ​អូ​ចុះឡើង​ៗ​ឃើញ​មួយ​កែង​របស់​កីឡាករ​ថៃ​គឺ​ពិតជា​ត្រូវ​ចំ​កញ្ចឹងក​ពីក្រោយ​របស់​កីឡាករ​កម្ពុជា​ពិតមែន ។ អ្នក​ទស្សនា​ដែល​មាន​ប្រតិកម្ម​មិន​ដាក់​កំហុស​ទៅ​លើ​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នោះ​ទេ ប៉ុន្តែ​បាន​ចោទ​កីឡាករ​មាស ច័ន្ទ​មាន ថា​ខ្វះ​ទឹក​ចិត្តជា​អ្នកកីឡា ទើប​ឆ្លៀតឱកាស​កីឡាករ​ថៃ​វាយ​ត្រូវ​កញ្ចឹងក​ក្នុង​ពេល​ប្រទាញប្រទង់​គ្នា ធ្វើ​សន្លប់​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​មិន​ចាំបាច់​ប្រឹង ។ ប៉ុន្តែ​ឆ្លើយ​តប​នឹង​ករណី​នោះ ក្រុម​អ្នកវិភាគ​ផ្សេង​ទៀត​បាន​អះអាង​ថា បើ​នោះ​ជា​ឱកាស​របស់​កីឡាករ​ថៃ​ក៏​គេ​ពិតជា​ធ្វើ​ដេក​ដួល​បែប​នោះ​មិន​ខុស​គ្នា​នោះ​ដែរ ដោយ​ម្នាក់​ៗ​និយាយ​ថា កីឡាករ​ដែល​ល្អ​ត្រូវ​ចេះ​ទប់​ល្បឿន​របស់​ខ្លួន​ក្នុង​ពេល​វាយ​ចេញ ទើប​មិន​មាន​បញ្ហា​កើតឡើង​ណាមួយ ។

ទោះបី​យ៉ាងណា លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​មិន​ដាក់​កំហុស​ទៅ​លើ​កីឡាករ​កម្ពុជា​ដូច​អ្នកគាំទ្រ​មួយ​ចំនួន​នោះ​ទេ តែ​លោក​បាន​ទម្លាក់​បញ្ហា​ថា បណ្ដាល​មក​ពី​លោក​អាជ្ញា​កណ្ដាល​​សុទ្ធសាធ ។ លោក​ថ្លែង​ថា ជ័យជម្នះ​ដែល​បាន​កាត់​ឱ្យ​កីឡាករ​មាស ច័ន្ទ​មាន ឈ្នះ​គឺ​មិន​សម​នោះ​ទេ ដោយ​លោក​បាន​ចាត់​ទុក​ថា ការ​ជ្រុលដៃ​របស់​កីឡាករ​ខ្លួន​មិនមែន​ជា​ការ​ថែម​ដូច​ច្បាប់​របស់​សហព័ន្ធ​ដែល​បាន​ដាក់​កំហុស​នោះ​ទេ ប៉ុន្តែ​ជា​ការ​វាយ​ត្រូវ​ដោយសារ​តែ​នៅ​សល់​កម្លាំង​វាត់​ក្នុង​ពេល​សម្រុក​ទៅ​វិញ​ទៅ​មក ស្របគ្នា​ដែល​កីឡាករ​កម្ពុជា​ក៏​ស្រាប់តែ​បែរក្រោយ​បណ្ដាល​​ឱ្យ​កញ្ចឹងក​របស់​គេ​ក្លាយជា​ទីតាំង​រង​កែង​ទៅ​វិញ ។ លោក​និយាយ​ថា​កំហុស​ប៉ុន​ហ្នឹង​មិន​ខុស​បញ្ហា​បច្ចេកទេស​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​កីឡាករ​ថៃ​មិន​បាន​មើលឃើញ​កីឡា​ករ​កម្ពុជា​បែរក្រោយ​ហើយ​ក៏​ស្ទុះ​អុក​កែង​ក៏​ទេ​ដែរ គឺ​កែង​របស់​គេ​វាយ​ចេញ​តាំងពី​ពេល​វាយ​ទៅ​វាយ​មក ដែល​លោក​បាន​ហៅ​មួយ​កែង​ត្រូវ​កញ្ចឹងក​នេះ គឺ​ចំហាយ​ដែល​កីឡាករ​ថៃ​វាយ​ស្រប និង​បញ្ឈប់​កម្លាំង​ដៃ​មិន​បាន​ប៉ុណ្ណោះ ។

លោ​កថា​បញ្ហា​មួយ​នេះ បើ​ចង់​ចាប់កំហុស​គឺ​ត្រូវ​បន្ទោស​អាជ្ញាកណ្ដាល​ដែល​ស្ទុះ​ទប់​កែង​កីឡាករ​ថៃ​មិន​ទាន់ ដោយ​មិន​អាច​មក​ចាប់កំហុស​កីឡាករ​លោក​បាន​ទេ ។ លោក​និយាយ​ថា​៖«​ខុស​បច្ចេកទេស​ម៉េច​ត្រូវ​អាហ្នឹង គ្នា​វាយ​កែង​ទៅ​ស្រប​ពេល​កីឡាករ​កម្ពុជា​ដួល​អស់​ជំហរ​បែរក្រោយ​តើ គឺ​វា​មិនមែន​ថែម​ទេ អ៊ីចឹង​រឿង​ហ្នឹង​អត់​ត្រូវ​កាត់ក្ដី​អ៊ីចឹង​ទេ គឺ​ត្រូវ​ដាក់​កំហុស​អាជ្ញាកណ្ដាល​ទើបត្រូវ​» ។

ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​នេះ លោក ណ​ន រិ​ទ្ធិ ជា​អាជ្ញាកណ្ដាល​សម្រាប់​ការ​ប្រកួត​មួយគូ​នេះ បាន​បកស្រាយ​ថា សកម្មភាព​វាយតប់​របស់​ពួក​គេ​មិន​អាច​ឱ្យ​លោក​ទៅ​ឃាត់​មួយ​កែង​ដែល​ជ្រុល​នោះ​បាន​ទេ ដោយ​លោក​បញ្ជាក់​ថា បញ្ហា​នោះ​គឺ​មិន​អាច​បន្ទោស​លោក​បាន​ទេ ដ្បិត​លោក​ប្រឹង​ស្ទុះ​ទៅ​ទប់​កម្លាំង​កែង​នោះ​ដែរ ប៉ុន្តែ​មក​ពី​ទប់​មិន​ទាន់​ទើប​បណ្ដាល​ឱ្យ​មាន​កំហុស​បច្ចេកទេស​កើត​ឡើង​។

លោក​ថា នៅ​លើ​សង្វៀន​មិនមែន​ស្រួល​ដូច​អ្នក​នៅ​ខាងក្រោម​គ្រាន់តែ​មើល​នោះ​ទេ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​គូភាគី​សម្រុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិនមែន​ចេះ​តែ​ចូលចាប់​ដោយ​មិន​មើល​ស្ថានភាព​នោះ​ឡើយ ។ យ៉ាងណាមិញ លោក​ថា សម្រាប់​ការ​ប្រកួត​រវាង​មាស ច័ន្ទ​មាន និង​កីឡាករ​ថៃ Phat Chhayakphum  គឺ​លោក​ប្រឹង​អស់ពី​សមត្ថភាព​ទៅ​ហើយ ដោយ​មិន​អាច​មក​ទម្លាក់​កំហុស​ថា​លោក​ចាប់​កែង​កីឡាករ​ថៃ​មិន​ទាន់ គឺជា​អ្វី​ដែល​លោក​ត្រូវ​ទទួលខុសត្រូវ​នោះ​ទេ​។ 

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កំហុស​បច្ចេកទេស​ដែល​បាន​កើតឡើង គេ​មិន​សំដៅ​ថា​លោក​អាជ្ញាកណ្ដាល​ចាប់​មិន​ទាន់ ឬ​ក៏​ចាប់​ទាន់​នោះ​ទេ ប៉ុន្តែ​ឱ្យ​តែ​ការ​វាយ​ត្រូវ​កញ្ចឹងក​ខាងក្រោយ​ដែល​ខាង​សហព័ន្ធ​ប្រកាស​ជា​កំហុស​នៅ​លើ​សង្វៀន​គឺ​ខាង​គណៈកម្មការ​ត្រូវ​តែ​កំណត់​ឱ្យ​អ្នក​សន្លប់​ក្លាយជា​អ្នក​ឈ្នះ ដើម្បី​ព្រមាន​ដល់​កីឡាករ​ដែល​ចេះ​តែ​វាយ​មិន​ប៉ាន់ស្មាន​កម្លាំង និង​សន្ទុះ​ដែល​នាំ​ឱ្យ​ទប់​លំនឹង​វាយ​ចេញ​មិន​បាន ។ យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា​អាច​ស្ថិត​ក្នុង​ការ​ស៊ី​ឡាក់​ដើម្បី​ចង់​ឈ្នះ​ក៏​ថា​បាន ប៉ុន្តែ​មក​ពី​សភាព​ដេក​ដួល​របស់​មាស ច័ន្ទ​មាន និង​មួយ​កែង​ជ្រុលដៃ​របស់​កីឡាករ​ថៃ​មើលទៅ​ស្ថិត​ក្នុង​សភាព​ស៊ីសង្វាក់​គ្នា ទើប​លោក​យល់​ថា មិន​មាន​ហេតុផល​ដែល​នាំ​ឱ្យ​ចាប់កំហុស​កីឡាករ​កម្ពុជា​ទេ ។

យ៉ាងណា​ក៏​ដោយ គេ​កត់​សម្គាល់ថា ជ័យជម្នះ​ដែល​មាស ច័ន្ទ​មាន បាន​ទទួល​លើក​នេះ គឺ​ត្រូវ​គេ​រិះគន់​ថា​បាន​ដោយសារ​ការ​ធ្វេសប្រហែស​របស់​លោក​អាជ្ញាកណ្ដាល និង​ថា​បាន​ដោយសារ​តែ​គេ​ធ្វើ​ពុធ​បាន​សម​ដែល​មិន​ទំនងជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ទេ ។ ទោះ​យ៉ាងនេះ​ក្ដី​ក៏​លោក​នៅ​តែ​អះអាង​ថា មួយ​កែង​របស់​កីឡាករ​ថៃ គឺ​លោក​មិនមែន​ធ្វើ​ស្ទីល​ននៀល​នោះ​ទេ ប៉ុន្តែ​ពិតជា​មាន​ទម្ងន់​មិន​អាច​ឱ្យ​លោក​បន្ត​ការ​ប្រកួត​បាន​ប្រាកដ​មែន ដោយ​លោក​បាន​និយាយ​នៅ​ពេល​ផ្លាស់​ខោអាវ​ថា អ្នក​និយាយ​ថា​ត្រូវ​មួយ​កែង​មិន​អី​គឺ​បាន​តែ​និយាយ​ប៉ុណ្ណោះ ៕