ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើបច្ចុប្បន្នជាសញ្ញាបញ្ជាក់ពីកំណើតសត្វទៅថ្ងៃក្រោយ

6 ឆ្នាំ មុន

កំណើត​ជា​មនុស្ស​ហ្នឹងហើយ ដែល​លោក​ចាត់​ថា​ជា​កំណើត​មានសំណាង​ជាង​គេ ត្រង់ថា

កំណើត​ជា​មនុស្ស​ហ្នឹងហើយ ដែល​លោក​ចាត់​ថា​ជា​កំណើត​មានសំណាង​ជាង​គេ ត្រង់​ថា​ចង់​ប្រាថ្នា​អ្វី​បាន​ហ្នឹង​ដូច​បំណង ឧទាហរណ៍ បើ​ចង់​កើតជា​សត្វ​នរក បុគ្គល​ប្រព្រឹត្ត​អំពើ​សាហាវ អំពើ​ហិង្សា​កាប់​ចាក់​បាញ់ប្រហារ ឬ​បុគ្គល​ប្រកប​ទៅ​ដោយ​ទោសចរិត​ក្តៅ​ងំ​ក្នុង​ចិត្ត​រាល់ថ្ងៃ​។ បើ​ចង់​កើតជា​ប្រេត បាន​ដល់​បុគ្គល​លោភលន់​ចង់បាន​គ្មាន​ទីបំផុត​ដែល​ការ​លោភលន់​នេះ​មិនមែន​សម្រាប់​តែ​ទ្រព្យសម្បត្តិ​នោះ​ទេ ការ​ហួងហែង​អំណាច តួនាទី​ក៏​ចាត់​ថា លោភលន់​ដែរ​។ មួយទៀត​បើ​បុគ្គល​ប្រាថ្នា​ចង់​កើតជា​កំណើត​មនុស្ស​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ឬ​ចង់ទៅ​កើត​នៅ​សុគតិភព​(​ទេវតា ព្រះ​ឥន្ទ ព្រះព្រហ្ម​) បុគ្គល​គ្រាន់តែ​ប្រព្រឹត្ត​អំពើ​ល្អ អំពើ​ជា​កុសល​នោះ​នឹង​បាន​សម្រេច​ដូច​បំណង​ហើយ ។

ជុំវិញ​ការ​ប្រព្រឹត្ត​នេះ​មាន​ទ​ង្វើ​ពីរ​យ៉ាង​ដែល​មនុស្ស​តែង​ធ្វើ​រាល់ថ្ងៃ​គឺ កុសលកម្ម អំពើ​ល្អ និង​អកុសលកម្ម អំពើអាក្រក់ ។ ប៉ុន្តែ​កម្លាំង​នៃ​កម្ម​ទាំង​ពីរ​យ៉ាងនេះ​មិន​អាច​បូក​ដក​គុណ​ចែក ឬ​យើង​អាច​និយាយ​ថា សី​ុ​សង​គ្នា​បាន​នោះ​ទេ គឺ​ខាង​ណា​ធ្ងន់​ជាង នឹង​ធ្លាក់​ទៅ​ខាង​នោះ​ហើយ ។ តែ​ទោះ​ជាយា​៉​ង​ណា អំពើ​ជា​កុសល​មាន​អានុភាព​ច្រើន​ជាង​អំពើ​បាប ។

ជា​ការ​ពិ​តណាស់ ការ​ប្រព្រឹត្ត​នូវ​ធម៌​ក្នុង​ទី​នេះ គឺ​សំដៅយក​ការ​ប្រកប​ក្នុង​កុសល​កម្មបទ​ទាំង​១០​យ៉ាង ។ ការ​ប្រព្រឹត្ត​ធម៌​នោះ​ឈ្មោះ​ថា ជា​មង្គល​ព្រោះ​ជា​ហេតុ​នាំ​ឱ្យ​បាន​ទៅ​កើត​ក្នុង​សុគតិភព ។ ព្រោះហេតុនោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា សត្វ​ពួក​ខ្លះ​ក្នុង​លោក​នេះ បាន​ទៅ​កាន់​សុគតិ​សួគ៌​ទេវលោក​ក្រោយ​អំពី​អនិច្ចកម្ម​ព្រោះតែ​ហេតុ​នៃ​ការ​ប្រព្រឹត្ត​កុសលធម៌​នេះឯង ។ ការ​ប្រព្រឹត្ត​ធម៌​តាម​ផ្លូវ​កាយ​មាន​៣​យា​៉​ង​គឺ មិន​បៀតបៀន​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​សត្វ​១, មិន​លួច​ទ្រព្យសម្បត្តិ​របស់​ជន​ដទៃ​១, មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​១ ។ ដោយ​វាចា​មាន​៤​គឺ មិន​ពោល​ពាក្យ​កុហក​បោកប្រាស​គេ​១, មិន​ពោល​ពាក្យចាក់ដោត​ឱ្យ​គេ​ឈ្លោះ​គ្នា​១, មិន​ពោល​ពាក្យ​អាក្រក់​ជូរ​ជាតិ ឬ​ពាក្យអាសគ្រាម​១, មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១ ។ តាម​ផ្លូវចិត្ត​មាន​៣​យា​៉​ង​គឺ មិន​លោភលន់​ចង់បាន​របស់ទ្រព្យ​អ្នក​ដទៃ​១, មិន​ព្យាបាទ​ចង​អា​ឃា​ដ​គេ​១, មាន​ទិដ្ឋិ​យល់​ត្រូវ​១ ។

អ្នក​ប្រព្រឹត្ត​ធម៌​ប្រាថ្នា​ចង់​កើត​ក្នុង​ត្រកូល​ខត្តិយ​មហាសាល​ក៏​បាន​, ជា​ព្រាហ្មណ៍មហាសាល​ក៏​បាន​, គហបតី​មហាសាល​ក៏​បាន ពោល​គឺ​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់​ណាមួយ​ក៏​បាន​, ក្នុង​ទេវលោក​ក៏​បាន ឬ​ក្នុង​ព្រហ្មលោក​ទាំង​១៦​ជាន់​ណាមួយ​ក៏​បាន ។​ អ្នក​ប្រព្រឹត្ត​ធម៌​រមែង​បាន​នៅ​ជា​សុខ​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ ទាំង​បាន​ជាទី​ពេញចិត្ត​នៃ​មនុស្ស និង​ទេវតា​ទៀត​ផង ។ ព្រោះហេតុនោះ​ទើប​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា អ្នក​ដែល​បាន​ធ្វើបុណ្យ​ទុក​មក​ហើយ រមែង​រីករាយ​ក្នុង​លោក​ទាំង​ពីរ​គឺ រីករាយ​ក្នុង​លោក​នេះ​ផង និង​រីករាយ​ក្នុង​លោក​ខាង​មុខ​ផង ។ គេ​រមែង​ត្រេកអរ​រីករាយ ព្រោះ​ឃើញ​នូវ​កម្ម​ដ៏​បរិសុទ្ធ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ទុក​មក​ហើយ ៕ (​ឈ្វេងយល់​ពុទ្ធឱវាទ​ចេញផ្សាយ​រៀងរាល់ថ្ងៃ​សីល​)