ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំនន់ទឹក​ភ្លៀង​ក្នុង​បឹង​តា​ម៉ុ​ក

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក​| បាន​ហក់​ឡើង​ម្តងទៀត ដោយសារ​អាកាសធាតុ​នៅ​ទូរ​ទាំង​ខេត្តឧត្តរមានជ័យ នៃ​កំរិត​ទឹកភ្លៀង

ខេត្តឧត្តរមានជ័យ ៖ ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក​| បាន​ហក់​ឡើង​ម្តងទៀត ដោយសារ​អាកាសធាតុ​នៅ​ទូរ​ទាំង​ខេត្តឧត្តរមានជ័យ នៃ​កំរិត​ទឹកភ្លៀង បាន​ធ្លាក់​រហូត​ដល់​៣៨០​មី​លី​ម៉ែត្រ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ ធ្វើ​ឱ្យ​ផ្ទៃ​ទឹក​ក្នុង​បឹង បាន​ហក់​ឡើង​ចំនួន​៣.៩៩​ម៉ែត្រ ដែល​ហួស​ពី​កំរិត​ប្រកាស​មានការ​ប្រុង​ប្រយ័ត្ន​ត្រឹមតែ​៣.៥០​ម៉ែត្រ ដែល​ប្រហាក់ប្រហែល​ទៅ​នឹង​ស្ថានភាព​ទឹកជំនន់​ភ្លៀង កាលពី​ថ្ងៃ​ទី​២៦ និង​២៧ ខែកក្កដា កន្លង​ទៅ ។

ទោះបីជា​ស្ថានភាព​ទឹកជំនន់​ភ្លៀង បាន​ហក់​ឡើង​ហួស​ពី​កំរិត​ប្រកាស​ក្តី តែ​មិន​ទាន់​កើត​មាន​ផល​ប៉ះពាល់ ដល់​លំនៅ​ដ្ឋា​ន ស្រែ​ចំការ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេង​ៗ ដូច​ទៅ​នឹង​ជំនន់​ភ្លៀង​នៅ​ចុងខែ​កក្កដា​នោះ​ឡើយ ។

លោក ញ៉ឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ បាន​ប្រាប់​ថា ទោះបី​ស្ថានភាព​មេឃ នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ទៀត ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​សម្ភារ​គ្រឿងចក្រ និង​បាវ​ច្រក​ដី សម្រាប់​ជីក​ទប់ និង​កកាយ​បង្ហូរទឹក​គ្រប់ពេលវេលា ដើម្បី​បញ្ចៀស​ពី​ផល​ប៉ះពាល់ ដែល​កើត​មាន​ឡើង ។

លោក​បន្ត​ថា ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​ហួស​កំរិត​ប្រកាស​អាសន្ន ហើយ​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ទៀត តាម​បទបញ្ជា​របស់​ឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម បាន​ជម្រុញ​ដល់​ក្រុមការងារ​ជំនាញ បាន​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ប្រចាំការ​លើ​២៤​ម៉ោង កំពុង​ត្រៀម និង​តាមដាន​ស្ថានភាព​ទឹក នៅ​គ្រប់​តំបន់​អាង​ស្តុក​ដូច​ជា អាង​ទឹក​តា​ម៉ុ​ក​, ទំនប់​ទឹកស្ទឹង​ស្រែង​ពីរ​, អាង​ទឹក​ទំនប់​ថ្មី​, ឬ​អាង​ស្តុក​ទឹក​នានា ក្នុង​ខេត្តឧត្តរមានជ័យ ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​ភ្លៀង កុំឱ្យ​កើត​មាន​ផង​ដែរ ។

លោក​បញ្ជាក់​ថា ទំនប់​អាង​ស្តុក​ទឹក​តា​ម៉ុ​ក ក្រោយ​ពី​បាន​សាងសង់​ថ្មី​ឡើង​វិញ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាច​ស្តុក​ទឹកបាន​ជាង​៦​លាន​ម៉ែត្រគូប និង​មាន​សំណង់​បង្ហៀរ​ប្រវែង​៧០​ម៉ែត្រ និង​មុខ​បង្ហូរទឹក មាន​ចំនួន​១​កន្លែង មាន​ទ្វារ​បិទ​បើក​ចំនួន​៤​ទ្វារ ដែល​អាច​បញ្ចៀស​ទឹក​ហូរ​កាត់​លើ​ស្ពាន​បាន​ច្រើន​ជាង​មុន ដូច្នេះ​កំរិត​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំនួន​៣.៥០​ម៉ែត្រ និង​កំរិត​ប្រកាស​អាសន្ន​៤.៥០​ម៉ែត្រ ។ ដោយឡែក​សំណង់​ចាស់​កំរិត​ទឹក​៣.៥០​ម៉ែត្រ គឺ​ស្ថានភាព​ទឹកជំនន់ ត្រូវ​បាន​ហូត​កាត់​ស្ពាន​ទាំងស្រុង ដែល​មិន​អាច​ធ្វើ​ចរាចរ​បាន ។

លោក​ប្រធាន​មន្ទីរ ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​ប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​អាង​ស្តុក​ទឹក ឬ​រស់នៅ​តំបន់​ទី​ទំនប់ ឬ​រស់នៅ​តាម​តំបន់​ភ្នំ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ព្រោះ​គ្រោះ​មហន្តរាយ​ជំនន់​ទឹកភ្លៀង អាច​នឹង​កើតឡើង​គ្រប់ពេលវេលា បើសិនជា​យើង​មិន​បាន​ប្រុង​ប្រយ័ត្ន​ជា​មុន ៕